ជាតិ
ក្រសួងការបរទេស៖ ស្រះទឹកដែលអាជ្ញាធរវៀតណាមជីក ចូលជ្រៅក្នុងដីខ្មែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង
× ភ្នំពេញ៖ នៅថ្ងៃទី១២មិថុនានេះ ក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ទូតមួយផ្ញើទៅស្ថានទូតវៀតណាម ដើម្បីប្រាប់រដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការជីកស្រះក្នុងទឹកដីកម្ពុជា។ កំណត់ទូតនេះត្រូវបានធ្វើបន្ថែម ក្រោយការតវ៉ាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះមុខ លោក ឡេ ហុងអាញ់ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាម ដែលបានមកទស្សនកិច្ចនៅក្នុងសប្តាហ៍នេះ។
កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជា បានសរសេរប្រាប់រដ្ឋាភិបាលវៀតណាមយ៉ាងច្បាស់ថា ស្រះទឹកទាំង៥ ដែលអាជ្ញាធរវៀតណាមបានជីកនៅក្នុងភូមិឡំ ស្រុកប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅទៀតផង។ ការអះអាងត្រូវបានធ្វើឡើងដោយយោងលើផែនទីបោន ១/១០០.០០០ ។
ដោយបញ្ជាក់ប្រាប់រដ្ឋាភិបាលវៀតណាមថាស្រះទឹកទាំង៥មានទំហំមួយៗ ៥មគុណ១៣ម កំណត់ទូតបានសរសេរបញ្ជាក់ថា៖«ស្រះទឹកទី១ និងទី២ ជីជាប់គ្នា មានចំងាយប្រមាណ៣៨០ម ពីខ្សែព្រំដែន។ ស្រះទឹកទី៣ ចំងាយប្រមាណ៣៩០ម ពីខ្សែព្រំដែន។ ស្រះទឹកទី៤ ចំងាយប្រមាណ៥៤៥ម ពីខ្សែព្រំដែន និងស្រះទឹកទី៥ ចំងាយប្រមាណ ៤៧០ម ពីខ្សែព្រំដែន»។
យោងតាមកំណត់ទូតរបស់ក្រសួងការបទេសកម្ពុជា ស្រះទឹកទាំង៥ដែលអាជ្ញាធរវៀតណាមជីកនៅចន្លោះបង្គោលព្រំដែន៣០ និង៤០ ស្ថិតនៅក្នុងតំបន់ដែលពុំទាន់មានការកំណត់ខណ្ឌសីមានៅឡើយ។ កំណត់ទូតដដែលបានរំឮករដ្ឋាភិបាលវៀតណាមអំពីសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ ១៩៩៥ ដែលហាមប្រទេសទាំងពីរឲ្យរក្សាភាពដើម នៅតាមតំបន់ដែលមិនទាន់មានការដោះស្រាយ។ សេចក្តីប្រកាសព័ត៌មានរួមនោះសរសេរថា៖ «ភាគីទាំងពីរបានឯកភាពរក្សាស្ថានភាពបច្ចុប្បន្នដដែល មិនឲ្យមានការផ្លាស់ប្តូរ ឬដកទីតាំងកំណត់សំគាល់ព្រំដែន និងអប់រំទប់ស្កាត់ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខព្រំដែន រហូតដល់មានដំណោះស្រាយបញ្ហាព្រំដែននេះ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងសំណុំរឿងដែលអាជ្ញាធរវៀតណាមជីកស្រះទឹកក្នុងទឹកដីកម្ពុជាក្នុងខេត្តរតនគិរីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រាប់ត្រង់ទៅសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីសវៀតណាម លោក ឡេ ហុងអាញ់ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះរួចម្តងហើយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com