ជាតិ
ពលករ​ខ្មែរ២៣០នាក់ នឹង​ត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក
17, Jun 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

ពលករ​ខ្មែរ​ចំនួន២៣០នាក់ នឹងត្រូវ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី១៨ខែមិថុនា​ស្អែក​នេះ ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ។ ពួកគេ​នឹងត្រូវ​ធ្វើ​មាតុភូមិ​និ​វន្ត​ន៍​មក​កម្ពុជា​វិញ តាមរយៈ​ជើងហោះហើរ ពី​កោះ​អំ​បន់ ប្រទេស​ឥណ្ឌូណេស៊ី និង​ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។



បន្ទាប់ពី​បាន​ដោះស្រាយ​ប្រាក់បៀវត្ស​រួចរាល់​ពលករ​ខ្មែរ​ចំនួន២៣០នាក់ នឹងត្រូវ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី១៨ខែមិថុនា​ស្អែក​នេះ។

ស្ថា​ត​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បានធ្វើការ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​PT. Maribu Industries Group ដែលជា​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ អំពី​មាតុភូមិនិវត្តន៍​របស់​ពលករ​កម្ពុជា​នេះ។ តាម​ការទាមទារ​រប​ស់​កម្ពុជា ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេ សាទ​ថៃ​បានរៀបចំ​ជើងហោះហើរ​ចំនួន២ សម្រាប់​មាតុភូមិនិវត្តន៍​របស់​ពលករ​កម្ពុជា ។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពលករ​ខ្មែរ​រងគ្រោះ​ចំនួន២៣០នាក់ នឹងត្រូវ​ចែកជា២ក្រុម។ ក្រុមទី១មាន​ចំនួន២១៣នាក់ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមិថុនា ដោយ​ចេញដំណើរ​ពី​កោះ​អំ​បន់ ប្រទេស​ឥណ្ឌូណេស៊ី។ ចំណែក​មួយក្រុម​ទៀត​មាន​ចំនួន១៧នាក់ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង៣និង៥៥នាទី​រសៀល ថ្ងៃទី១៨ ខែមិថុនា ដោយ​ធ្វើដំណើរ​តាម​ជើងយន្តហោះ AK 534 ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ៕



© រក្សាសិទ្ធិដោយ thmeythmey.com