ជាតិ
បទវិភាគ
ជ្រុង​មួយ​នៃ​បញ្ហា​ចរាចរណ៍៖ ការរិះគន់​ស្ថាបនា
19, Jun 2015 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កាន់តែ​កើនឡើង​ជា​លំដាប់ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។ យោងតាម​ព័ត៌មាន​ពី​ស្ថាប័ន​ជំនាញ ជា​មធ្យម មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពី៨ទៅ៩នាក់​ក្នុង​មួយថ្ងៃ ដែល​ពេល​មុននេះ អ្នកស្លាប់​មាន​ត្រឹមតែ​ពី៥ទៅ៦នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ច្រើនណាស់ ដូចជា ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង, ការបើកបរ​លើស​ល្បឿន​កំណត់, ការបើកបរ​ដោយ​បំពាន​ស្លាក​សញ្ញា​ចរាចរ​ណ៍ ព្រហើន និង​គ្មាន​ការអនុគ្រោះ, ការបើកបរ​ដោយ​ខ្វះ​ជំនាញ, ការផ្ទុក​អ្នកដំណើរ​លើស​ចំនួន​កំណត់ ឬអី​វ៉ាន់​លើស​កម្រិត​សុវត្ថិភាព, ការ​ចរាចរ​រថយន្ត​គ្មាន​សុវត្ថិភាព​លើ​ដងផ្លូវ​សាធារណៈ, ការបើកបរ​ដោយ​មិន​គោរព​សីលធម៌​និង​ច្បាប់​ចរាចរណ៍ ជាដើម។ ក្រៅពីនេះ នៅមាន​មូលហេតុ​ជាច្រើន​ទៀត ដូចជា ការឆ្លង​ផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន, កង្វះ​ស្ពាន​អាកាស​សម្រាប់​ផ្លូវ​កាត់​គ្នា គ្មាន​ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​ឆ្លងផ្លូវ និង មាន​និ​ទណ្ឌ​ភាព​លើ​បទល្មើស​ចរាចរណ៍ ជាដើម។


  
ក្នុងចំណោម​បញ្ហាផ្សេងៗទៀត ដែល​បណ្ដាលឱ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ ដូចជា ជំងឺអេដស៍, គ្រឿងញៀន, គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ, ម្ហូបអាហារ​គ្មាន​សុវត្ថិភាព, ការឆ្លង​ដែន​ទាំង​ប្រថុយប្រថាន, និង​អំពើ​ឆក់ ប្លន់ ។ល។ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បុព្វហេតុ​ធំជាងគេ​បំផុត ដែល​បណ្ដាលឱ្យ​ពលរដ្ឋ​កម្ពុជា ខាតបង់​ទ្រព្យសម្បត្តិ រងរបួស និង​បាត់​បង់ជីវិត​ងាយ​ជាងគេ​និង​ច្រើនជាងគេ​បំផុត។ ពេលដែល​យើង​អាន​កាសែត ស្ដាប់​វិទ្យុ មើល​ទូរទស្សន៍ និង​តាមដាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​សារព័ត៌មាន​អេឡិចត្រូនិក យើង​តែងតែ​បានឃើញ​ព័ត៌មាន​ស្ដីអំពី​គ្រោះថ្នាក់​ចរាចរណ៍​មាន​លក្ខណៈ​លេចធ្លោ​ជាងគេ​បំផុត។ ពេលខ្លះ រូបភាព​នៃ​ការរង​របួស ការស្លាប់ និង​ការខូចខាត មាន​សភាព​ធ្ងន់​គួរឱ្យ​រន្ធត់ តក់ស្លុត និង​ក្ដុកក្ដួល​ឥតឧបមា ស្ទើរតែ​មិន​ហ៊ាន​មើល។

ក្រៅពី​ការបង្ក​គ្រោះថ្នាក់ ដែល​ធ្វើឱ្យ​មនុស្ស​រងរបួស ស្លាប់ និង ខាតបង់​ទ្រព្យសម្បត្តិ ការកកស្ទះ​ចរាចរណ៍​ក៏​តែងតែ​កើតមាន​ជា​បន្តបន្ទាប់ ជាពិសេស នៅ​រាជធានី​ភ្នំពេញ និង ទីប្រជុំជន​មួយចំនួន។ ជាការ​ឆ្លើយតប រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ខិតខំ​ជួសជុល​ផ្លូវ ស្ពាន ពង្រីក​ផ្លូវ សង់​ផ្លូវ​និង​ស្ពាន​ថ្មី​បន្ថែម  សង់ស្ពាន​អាកាស​សម្រាប់​រថយន្ត ព្រមទាំង​បំពាក់​សញ្ញា​ចរាចរណ៍ ភ្លើង​ចរាចរណ៍ គំនូស​ចរាចរណ៍ និង របាំង​បែងចែក​ផ្លូវ ជាដើម។ រីឯ​នគរបាល​ចរាច​រណ៍​វិញ ក៏បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថកិច្ច​របស់ខ្លួន​ដែរ​ក្នុងនាម​អ្នកទទួលខុសត្រូវ​ផ្ទាល់​លើ​បញ្ហា​ចរាចរណ៍​តាម​ដងផ្លូវ។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​បាន​សង្កេតឃើញថា​នៅមាន​ចំណុចខ្សោយ​មួយចំនួន​ដែល​ត្រូវ​កែ​ល្អ​និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដូចជា៖

1.    ចំនួន​នគរបាល​ចរាច​រណ៍​នៅមាន​កំណត់ មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​បាន

2.    ការប្រឹងប្រែង ការគោរពវិន័យ ការគោរព​ច្បាប់ ឆន្ទៈ និង​សីលធម៌​វិជ្ជាជីវៈ​របស់​នគរបាល​ចរាចរណ៍ នៅមានកម្រិត​ទាប​នៅឡើយ

3.    នៅមាន​និ​ទណ្ឌ​ភាព និង​ការសម្របសម្រួល​ក្រៅច្បាប់​ចំពោះ​ករណី​បទល្មើស​ចរាចរណ៍ធ្ងន់ៗ ដែល​ធ្វើឱ្យ​ជនល្មើស​មិន​រាងចាល

4.    សាលា​បើកបរ​មួយចំនួន​នៅតែ​បន្ត​លួច​ផ្ដល់​បណ្ណ​បើកបរ​ឱ្យ​មនុស្ស​មួយចំនួន ដែល​មិនបាន​ឆ្លងកាត់​ការរៀន​បើកបរ​ត្រឹមត្រូវ​តាម​និយាម​បច្ចេកទេស​និង​ការកំណត់​របស់​ច្បាប់​ចរាចរណ៍

5.    ពលរដ្ឋ​កម្ពុជា​ភាគច្រើន មិន​គោរព​ច្បាប់​ចរាចរណ៍ មិនមាន​ការអត់ធ្មត់​ក្នុង​ការធ្វើ​ចរាចរណ៍ មិនមាន​ការអត់ឱន និង​មិនមាន​ក្ដីមេត្តា​ក្នុង​កំហុសឆ្គង​លើ​ការធ្វើ​ចរាចរណ៍

6.    កង្វះ​ស្ពាន​អាកាស​សម្រាប់​ផ្លូវ​កាត់​គ្នា ទាំង​សម្រាប់​រថយន្ត ទាំង​សម្រាប់​ថ្មើរជើង​ឆ្លងកាត់

7.    កង្វះ​ភ្លើង​បំភ្លឺ​នៅតាម​តំបន់​ដែលមាន​បរិស្ថាន ឬ​ស្ថានភាព​ផ្លូវ​ស្មុគស្មាញ ដូចជា ផ្លូវ​ឆ្លងកាត់​តំបន់ភ្នំ ជាដើម

8.    កង្វះ​ភ្នាក់ងារនគរបាល​ចរាច​រណ៍​ចល័ត​និង​ប្រចាំការ នៅតាម​តំបន់​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់

9.    មានការ​អនុញ្ញាត​និង​ការ​បណ្ដោយ​មានការ​លក់ដូរ ឬ​ផ្សារ, សិប្បកម្ម, រោងចក្រ សហគ្រាស និង​ឃ្លាំង​ផ្ទុក​អីវ៉ាន់ នៅជាប់​ដងផ្លូវ​ដែលមាន​ចរាចរណ៍​មមាញឹក ជាដើម។
      
ជា​សំណូមពរ និង​ដំណោះស្រាយ យើង​សូមឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួង​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព ពិចារណា កែលម្អ​ចំណុច​ទាំង​ប្រាំបួន ដែល​បានលើកឡើង​ខាងលើ។ ជា​អាទិភាព​ទី១ គួរ​ចាប់ផ្ដើម សាងសង់​ស្ពាន​អាកាស​សម្រាប់​ថ្មើរជើង​ឆ្លងផ្លូវ នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​មួយចំនួនទៀត ដែល​អាចជួយ​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ជាពិសេស ចំពោះ​កុមារ សិស្សសាលា និស្សិត កម្មករ កម្ម​ការ​នី ចាស់ជរា ស្ដ្រី​មាន​ផ្ទៃពោះ និង​ជនពិការ។ អាទិភាព​ទី២ ត្រូវ​បំពាក់​ភ្លើង​បំភ្លឺ​នៅតាម​តំបន់​ដែលមាន​បរិស្ថាន ឬ​ស្ថានភាព​ផ្លូវ​ស្មុគស្មាញ និង​ពង្រាយ​ភ្នាក់ងារនគរបាល​ចរាច​រណ៍​ចល័ត​តាម​ដងផ្លូវ និង​ប្រចាំការ​នៅតាម​តំបន់​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់។ អាទិភាព​ទី៣ គឺ​ត្រូវ​បញ្ចៀស​កុំ​មានការ​លក់ដូរ, មាន​ផ្សារ, សិប្បកម្ម, រោងចក្រ សហគ្រាស និង​ឃ្លាំង​ផ្ទុក​អីវ៉ាន់ នៅជាប់​ដងផ្លូវ​ដែលមាន​ចរាចរណ៍​មមាញឹក ព្រមទាំង​ពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​និង​ចិញ្ចើមផ្លូវ​សាធារណៈ។ លើសពីនេះ ត្រូវ​ដោះស្រាយ​បញ្ហាផ្សេងៗទៀត​ជា​បន្តបន្ទាប់ ដូចដែល​បានលើកឡើង​ខាងលើ៕




© រក្សាសិទ្ធិដោយ thmeythmey.com