ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ អនុប្រធាន២នាក់​នឹង​ជួយ​សម្រួល​ការងារ​ដ៏​មមាញឹក​របស់លោក ហ៊ុន សែន
20, Jun 2015 , 9:00 pm        
រូបភាព
លោក ស ខេង (ស្តាំ) និង​លោក សាយ ឈុំ ក្លាយ​ជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា
លោក ស ខេង (ស្តាំ) និង​លោក សាយ ឈុំ ក្លាយ​ជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា ការជ្រើសរើស​អនុប្រធាន​រហូតដល់​ពី​រ​នាក់​ក្នុង​គណបក្ស គឺ​ដើម្បី​ជួយ​សម្រួល​កិច្ចការ​ផ្ទៃក្នុង​បក្ស​ឲ្យ​មាន​និរន្ត​ភាព និង​ទទួល​ភារកិច្ច​មួយចំនួនធំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស បន្ទាប់ពី​លោក ជា ស៊ីម ទទួលមរណភាព។ ការអះអាង​របស់​អ្នកនាំពាក្យ​រូបនេះ​ធ្វើឡើង ក្រោយ​អ្នកវិភាគ​សង្គម​យល់ថា តំណែង​អនុ​ប្រធាគ​ណ​បក្ស​ប្រជាជន​កម្ពុជា​របស់លោក សាយ ឈុំ មានន័យថា«បន្សាបអំណាច​របស់លោក ស ខេង»។





«ការជ្រើសតាំង​អនុប្រធាន២នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការពង្រឹង​បក្ស​ឲ្យ​មាន​និរន្ត​ភាព និង​ដើម្បី​សម្រួល​ដល់​កិច្ចការ​ដ៏​មមាញឹក​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន»។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ឆ្លើយតប​ទៅនឹង​ចម្ងល់​មួយចំនួន​ចំពោះ​វត្តមាន​អនុប្រធាន២ក្នុង​បក្ស​ពេលនេះ។

លោក សុខ ឥសាន ដែល​ទទួលស្គាល់ថា​លោក សាយ ឈុំ មាន​តំណែង​ជា​ប្រធានព្រឹទ្ធសភា ជា​អគ្គលេខាធិការ​បក្ស និង​ជា​អនុប្រធាន​បក្ស​ពេលនេះ បាន​ពន្យល់ថា ការជ្រើសតាំង​អនុប្រធាន២ក្នុង​គណបក្ស គឺ​លោក ស ខេង និង​លោក សាយ ឈុំ គឺ​មិនមែន​ចង់​បំបែក​ឥទ្ធិពល​របស់លោក ស ខេង ដូច​អ្នកវិភាគ​លើកឡើង​នោះទេ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​លោក ស ខេង និង​លោក សាយ ឈុំ ជា​អនុប្រធាន​គណបក្ស  អ្នកនាំពាក្យ​រូបនេះ​បាន​អត្ថ​ធិ​ប្បាយ​យ៉ាង​ដូច្នេះ​ថា៖« នេះ​ជាការ​សម្រេច​របស់​គណៈ​ក​ម្មារ​ធិ​ការ​បក្ស ក្នុងការ​ជ្រើសតាំង​អនុប្រធាន២នេះ ដើម្បី​ពង្រឹង​បក្ស និង​ដើម្បី​ជួយ​រ៉ាបរង​ការងារ​របស់​សម្ដេច ហ៊ុន សែន ព្រោះ​សម្ដេច​ហ៊ុន សែន ទទួលបន្ទុក​ជា​ប្រធាន​បក្ស​ផង និង​ត្រូវ​បំពេញការងារ​រាជរដ្ឋាភិបាល​ផង ដូចនេះ​ការងារ​ច្រើន ដែល​ត្រូវការ​ជ្រើសតាំង​អនុប្រធាន២ក្នុង​បក្ស ក្នុង​ការបន្ដ​និរន្ត​ភាព​ការងារ​បក្ស​បន្ទាប់ពី​សម្ដេច ជា ស៊ីម»។

លោក ស ខេង និង​លោក សាយ ឈុំ ដែល​ទើបតែ​បានទទួល​គោរមងារ​ជាស​ម្ដេច​កាលពីពេល​ថ្មី​នេះ ក្លាយជា​អនុប្រធាន​ទាំងពីរ​ជា​ផ្លូវការ ពោលគឺ​ពុំមាន​ការ​បែង​ចែង​អនុប្រធាន​ទី១ ឬ ទី២ឡើយ ។រឿង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា១រូប ឬ២រូប មិនមាន​អ្វី​ចំឡែក​ទេ​សម្រាប់​លោក អ៊ូ វីរៈ​អ្នកវិភាគ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ កម្ពុជា​ក៏មាន​តំណែង​ឧបនាយករដ្ឋមន្ត្រី​ច្រើន​រូប​ដែរ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​លោក អ៊ូ វីរៈ សាកល្បង​វិភាគ​ទៅលើ​តំណែង​អនុប្រធាន​ពីររូប​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេល​នេះដែរ។

សម្រាប់​លោក អ៊ូ វីរៈ ប្រសិនបើ​លោក សាយ ឈុំ ស្ថិតនៅក្នុង​តំណែង​អគ្គលេខាធិការ​គណបក្ស​ផង ជា​ប្រធានព្រឹទ្ធសភា​ផង និង​ជា​អនុប្រធាន​គណបក្ស​ផង នោះ​តំណែង​អនុ​ប្រធាគ​ណ​បក្ស​ប្រជាជន​កម្ពុជា​របស់លោក សាយ ឈុំ មានន័យថា​សម្រាប់«បន្សាបអំណាច​របស់លោក ស ខេង»។ តែបើ​លោក សាយ ឈុំ ត្រូវបាន​ដកចេញ​ពី​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា មកជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​នោះ នោះ​គឺជា​ការដោះដូរ​តំណែង​ពី​អគ្គលេខា​មកជា​អនុប្រធាន​ធម្មតា​ប៉ុណ្ណោះ។

លោក កែម ឡី អ្នកវិភាគ​នយោបាយ បាន​អត្ថាធិប្បាយ​ថា នេះ​គឺជា​ជម្រើស​សម្របសម្រួល​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក កែម ឡី បញ្ជាក់ថា៖«បក្ស​ពិបាក​សម្រេច​ជ្រើស​តែ​ម្នាក់។ ប្រសិនបើ​ជ្រើសរើស​អនុប្រធាន​តែមួយ​អាចមាន​បញ្ហា​ក្នុង​បក្ស តែបើ​ជ្រើសរើស​អនុប្រធាន​ពីរ​នាក់ គឺជា​មធ្យោបាយ​ល្អ និង​មិន​នាំអោយ​បែកបាក់​ផ្ទៃក្នុង»។

លោក ស ខេង ដែល​ទើប​ទទួលបាន​គោរមងារ​ពី​ព្រះមហាក្សត្រ​ជាស​ម្តេច​ក្រឡាហោម ស ខេង និង​លោក សាយ ឈុំ មាន​ងារ​ជា «សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ» ជា​អនុប្រធាន​បក្ស​ទាំងពីរ ។ ការឡើង​កាន់តំណែងរ​ប​ស់លោក ហ៊ុន សែន ជា​ប្រធាន ហើយ​លោក ស ខេង និង​លោក សាយ ឈុំ ជា​អនុប្រធាន ទទួលបាន​សំឡេងគាំទ្រ៥០៦ លើ៥០៧សំឡេង តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​នា​សន្និបាត គណៈកម្មាធិការ​កណ្តាល លើក​ទី៣៨ អាណត្តិ​ទី៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២០ ខែមិថុនា​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com