ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​ស្បថ​ជំនួស​នាំគ្នា​ទៅ​ចាំ​នៅមុខ​ព្រះអង្គ​ដង​កើ ខណៈ​អ្នក​បបួល​ស្បថ​អត់​ឃើញ​ចេញមុខ
21, Jun 2015 , 12:03 pm        
រូបភាព
នៅ​ព្រឹក​ថ្ងៃទី២១មិថុនា​នេះ ក្រុមនិស្សិត​ក្មេង​វត្ត និង​ក្រុម​សម្ព័ន្ធ​សេនា​នាគ ដែលមាន​និន្នាការ​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​មក​មុខ​ព្រះអង្គ​ដង​កើ ដើម្បី​ស្បថ​ជាមួយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។ ប៉ុន្ដែ​ការស្បថ​នេះ មិនបាន​ប្រព្រឹត្ត​ដូច​ការគ្រោងទុក​នោះទេ ដោយសារតែ​ភាគី​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក ម៉ៅ ពិសេស មិនមាន​វត្តមាន​នៅមុខ​ព្រះអង្គ​ដង​កើ​នោះឡើយ។



ដោយ​រងចាំ​ភាគី​លោក ម៉ៅ ពិសេស អស់​រយៈពេល​ជាច្រើន​ម៉ោង​នោះ តំណាង​បញ្ញវន្ដ​និស្សិត​ក្មេង​វត្ត​លោក ចៅ សម្បត្តិ ដែល​សុំចូល​ខ្លួន​ស្បថ​តទល់​ជាមួយ​លោក ម៉ៅ ពិសេស ជំនួស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​លោក ម៉ៅ ពិសេស​វិញ​ថា «ជា​មនុស្ស​ប្រជា​ភិ​ថុ​ត​ប្រជាពលរដ្ឋ ចេះតែ​និយាយ​ប្រោក​ប្រាស់ មិន​ពិត។ ចេះតែ​និយាយ​តែ​មិន​ធ្វើ»។

នៅមុខ​ព្រះអង្គ​ដង​កើ​ព្រឹក​នេះ គេ​ឃើញ​មាន​ក្រុមនិស្សិត​ក្មេង​វត្ត ក្រុម​សម្ព័ន្ធ​សេនា​នាគ និង​ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន​ជាច្រើន​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​រងចាំ​ស្បថ​ជាមួយ​ក្រុម​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក ម៉ៅ ពិសេស ។

សារព័ត៌មានថ្មីៗមិនអាច​សុំ​ការបកស្រាយ​ពី​លោក ម៉ៅ ពិសេស ជុំវិញ​បញ្ហា​បបួលគ្នា​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ ជាមួយ​ក្រុមយុវជន​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ដោយ​ទូរស័ព្ទ​លោក មិនមាន​អ្នកទទួល។ ចំណែក​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​របស់លោក ម៉ៅ ពិសេស ក៏​មិនមាន​ប្រតិកម្ម​តប​ជាមួយ​ការ​បបួល​ស្បថ​តទល់​គ្នា​នេះ ដូច​សព្វដង​ដែរ។

កន្លងមក​លោក ម៉ៅ ពិសេស ដែលជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បានប្រកាស​ចេញមុខ​ស្បថ​តទល់​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅមុខ​ព្រះអង្គ​ដង​កើ កាលពី​ថ្ងៃទី៩មិថុនា។

លិខិត​លោក ម៉ៅ ពិសេស​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ បានសរសេរថា៖«ខ្ញុំ​សូម​ចេញមុខ​ចូលរួម​ស្បថ​តទល់​ជាមួយ​សម្តេច​នៅមុខ​ព្រះអង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​សម្តេច និង​គណបក្ស​ប្រជាជន​ចំពោះ​ការចោទប្រកាន់ថា​គណបក្ស​ប្រជាជន បាន​លួច​បន្លំ​លទ្ធផល​បោះឆ្នោត​កាលពីពេល​បោះឆ្នោត​ឆ្នាំ២០១៣កន្លងមក»។ លិខិត​ដដែល​បន្តថា៖«ប្រសិនបើ​សម្តេច​មិន​ហ៊ាន​ចូល​ស្បថ​ជាមួយ​ខ្ញុំ​នោះទេ បញ្ជាក់ថា​សម្តេច​បាន​ចាញ់ឆ្នោត​កាលពី​ឆ្នាំ២០១៣ ពិតប្រាកដ​មែន ហើយ​គណ​ប្រជាជន​ទទួល​បាន៦៨អាសនៈ គឺ​បានមកពី​ការលួចបន្លំ»។

គួរ​បញ្ជាក់ថា ល្បែង​បបួលគ្នា​ស្បថ​រវាង​ក្រុមនិស្សិត​បញ្ញវន្ត ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង និង​ម្ខាង​ទៀត​មាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច​នាពេលនេះ គឺធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​បបួល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូរ​សន្ទនា​ជាមួយ​លោក ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ តាមរយៈ​វប្បធម៌​សន្ទនា ដែល​លោក សម រង្ស៊ី តែងតែ​ចោទ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា បាន​លួច​សន្លឹកឆ្នោត​កាលពី​ឆ្នាំ២០១៣កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com