ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង រំលឹក​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​កុំ​ធ្វើ​អ្វី​នៅ​តំបន់ស
24, Jun 2015 , 2:47 pm        
រូបភាព
លោក ហោ ណាំហុង បាន​ជួបពិភាក្សា​ជាមួយ​លោក​Le HoaiTrung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម នៅ​ថ្ងៃទី២៣ខែមិថុនា នៅពេលដែល​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម មក​ចូលរួម​កិច្ចប្រជុំ«វេទិកា​អាស៊ាន-ជប៉ុន» (ASEAN-Japan Forum)នៅ​រា​ធ​ធានី​ភ្នំពេញ ។លោក ហោ ណាំហុង បាន​ឡើង​យក​បញ្ហា​រសើប​ចំនួន៣ គឺ​បញ្ហា​ព្រំដែន ករណី​ជីក​ស្រះ នៅ​ខេត្ត​រតនគីរី និង​ករណី​សាងសង់​ប៉ុស្តិ៍​យាម នៅ​ខេត្តកណ្តាល ទៅ​ពិភាក្សា​ជាមួយ​ភាគី​វៀ​ណា​ម និង​ហាម​មិន​ឲ្យ​វៀតណាម​ធ្វើ​អ្វី​នៅ​តំបន់ស ។



រហូតមក​ដល់ពេល​ភាគី​វៀតណាម នៅ​មិនទាន់​ឆ្លើយតប​នូវ​កំណត់​ទូត​ដែល​កម្ពុជា បាន​ផ្ញើ​ទៅ​ឲ្យ​ភាគី​វៀតណាម​ជា​បន្តបន្ទាប់​នៅឡើយ។ បញ្ហា​ព្រំដែន បាន​កក្រើក​ឡើងវិញ នៅ​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់​ក្រសួងការបរទេស​រក​ឃើញ​ពី​ភាពអវិជ្ជមាន​មួយចំនួន​នៅតាម​បណ្តា​យ​ព្រំដែន។ នៅ​ថ្ងៃទី២៣មិថុនា លោក ហោ ណាំហុង បាន​ជួបពិភាក្សា​ជាមួយ​លោក​Le HoaiTrung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នៅពេលដែល​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម មក​ចូលរួម​កិច្ចប្រជុំ«វេទិកា​អាស៊ាន-ជប៉ុន» នៅ​ក្រុងភ្នំពេញ ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅក្នុង​ជំនួប​រវាង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​Le HoaiTrung អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម នា​ម្សិលមិញ លោក ហោ ណាំហុង បាន​ឡើង​យក​បញ្ហារ​ស៊ើប​ចំនួន៣ គឺ​បញ្ហា​ព្រំដែន ករណី​ជីក​ស្រះ នៅ​ខេត្ត​រតនគីរី និង​ករណី​សាងសង់​ប៉ុស្តិ៍​យាម នៅ​ខេត្តកណ្តាល។

លោក ហោ ណាំហុង បាន​ក្រើនរំលឹក​ដល់​ភាគី​វៀតណាម​ថា​កុំ​ឲ្យ​ធ្វើ​អ្វី​នៅក្នុង​តំបន់​ដែល​មិនទាន់បាន​បោះបង្គោល​ព្រំដែន និង​ស្នើ​ឲ្យ​វៀតណាម​អនុវត្តតាម​គោលការណ៍​ដែល​ស្របតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ រវាង​កម្ពុជា​និង​វៀតណាម។

កាលពីពេលថ្មីៗនេះ​ក្រសួងការបរទេស​កម្ពុ​ជា បានដាក់​កំណត់​ទូត​ចំនួន២លើក​ទៅកាន់​ស្ថានទូត​វៀតណាម​ក្រោយ​កម្ពុជា​រកឃើញ​ស្រះ​ទឹក​ចំនួន៨ជីក​ខុសច្បាប់​ដោយ​ភាគី​វៀតណាម​នៅ​តំបន់ស​ដោយ​ខុស​ការកំណត់​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ។ចំណែក​ថ្ងៃទី១៧មិថុនា ក្រសួងការបរទេស​ដា​ក់​កំណត់​ទូត​ថ្មី​មួយទៀត ទៅកាន់​រដ្ឋាភិបាល​វៀត​ណា​ម​ឲ្យ​បញ្ឈប់​ការជីក​ដី​ធ្វើ​គ្រឹះ​សម្រាប់​ការសាងសង់​ប៉ុស្តិ៍​យោធា​នៅត្រង់ចំណុច​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។ បញ្ហា​នេះ​ក៏ត្រូវ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លើកឡើង​ផងដែរ និង​បានស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការសាងសង់​នេះ ទោះ​វា​ជាការ​ជួសជុល​ប៉ុស្តិ៍​យាម​ចាស់​ក៏ដោយ។

ជាការ​ឆ្លើយតប​ភាគី​វៀតណាម​អះអាង តាមរយៈ​សេចក្តី ប្រកាស​ព័ត៌មាន​ថា ពេល​ទទួល​បានកំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជានា​ពេលកន្លងមក  ថ្នាក់ដឹកនាំ​វៀតណាម​បាន​បញ្ជា អោយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម ហើយ​បច្ចុប្បន្នកំពុង​រង់ចាំ របាយការណ៍​នេះ ។    

ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​តវ៉ា​ពី​ការរំលោភបំពាន​បូរណភាព​ទឹកដី​កម្ពុជា។ ក្រសួងការបរទេស​ក​ម្ពុ​ជា​និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​បានធ្វើ​កំណត់​ទូ​តទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ការរំលោភបំពាន​លើ​ទឹកដី​កម្ពុជា​នៅ​តំបន់ផ្សេងៗ ចាប់ពី​ឆ្នាំ២០១៣ ដល់២០១៥នេះ។កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​តវ៉ា​ពី​ការរំលោភបំពាន​ទឹកដី​កម្ពុជា​នេះ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ជា​ច្រើនដង​មកហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com