អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន​សង្ឃឹម​ឈ្នះ​ចិន​លើ​សំណុំរឿង​សមុទ្រ​ចិន​នៅ​ម​ជ្ឈ​ត្ត​ការ​ឡាអេ
05, Jul 2015 , 4:28 pm        
រូបភាព

តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​គ្រោង​ធ្វើដំណើរ​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ប្រទេស​ហូ​ឡង់​ដើម្បី ឡើង​បង្ហាញ​ពី​គោលជំហរ​របស់ខ្លួន​ក្នុងការ​ទាមទារ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​សប្តាហ៍​ក្រោយ។ បើទោះជា​សប្តាហ៍​ក្រោយ​នឹង​គ្មាន​វត្តមាន​ចិន​ចូលរួម​ក្នុង​នីតិវិធីតុលាការ​ក៏ដោយ ក៏​ហ្វីលីពីន​រំពឹង​ខ្លាំង​ថា​ស្ថាប័ន​យុត្តិធម៌​នេះ​នឹង​ប្រកាសថា​ខ្លួន​ថា​មាន​យុត្តាធិការ​កាត់ក្តី​សំណុំរឿង​សមុទ្រ​ចិន និង​អាច​ឈានដល់​កាត់ក្តី​ឲ្យ​ខ្លួន​ឈ្នះ​ថែមទៀត។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ




ហ្វីលីពីន​ត្រៀមលក្ខណៈ​រួចស្រេច​ហើយ ដើម្បី​ចូល​បំភ្លឺ​ក្នុង​ម​ជ្ឈ​ត្ត​ការ​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ឡាអេ​ប្រទេស​ហូ​ឡង់​នៅ​សប្តាហ៍​ក្រោយ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​លោក Abigail Valte បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ម្សិលមិញ​ថា ប្រតិភូ​រដ្ឋាភិបាល​ហ្វីលីពីន​កំពុងតែ​ត្រៀមលក្ខណៈ​ដើម្បី​ពន្យល់​ពី​គោលជំហរ​របស់ខ្លួន ដែល​កំពុង​ទាមទារ​យក​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង និង​បង្ហាញ​សក្ខីកម្ម​ឬ​ភស្តុតាង​នានា​ដែល​ចាំបាច់​ដើម្បី​បន្ថែម​ទម្ងន់​លើ​ការទាមទារ​របស់ខ្លួន​ថែមទៀត។

គេ​រំពឹងថា ម​ជ្ឈ​ត្ត​ការ​ក្រុងឡាអេ​ទទួលបន្ទុក​កាត់ក្តី​ជម្លោះដែនសមុទ្រ នឹង​បើក​ដំណើរការ​នីតិវិធី ដោយ​ឲ្យ​ភាគី​ហ្វីលីពីន​ឡើង​ការពារ​អំណះអំណាង និង​ការទាមទារ​របស់ខ្លួន​ជុំវិញ​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បួ​ង ចន្លោះ​ពីថ្ងៃ ៧ដល់​ថ្ងៃ ១៣ខែកក្កដា​ខាងមុខនេះ។ យ៉ាងណាក៏ដោយ ក្រុង​ប៉េកាំង​បាន​ប្រកាន់​ជំហរ​ចាស់ ដោយ​មិន​ចូលរួម​ក្នុង​ដំណើរការ​របស់​តុលាការ​ឡើយ បើទោះជា​ហ្វីលីពីន​ប្តឹង​ខ្លួន​ដល់​តុលាការ​ក៏ដោយចុះ។ ក្រោយ​ស្តាប់​អំណះអំណាង​ហ្វីលីពីន​ហើយ គេ​រំពឹងថា តុលាការ​នឹង​សម្រេច​ចុងក្រោយ​ថា តើ​ខ្លួន​មាន​យុត្តាធិការ​ទទួល​សំណុំរឿង​ដ៏​ធំ​នេះដែរ​ឬ​អត់។

ភាគី​ហ្វីលីពីន​សង្ឃឹម​ខ្លាំង​តែ​ម្តងថា តុលាការ​នឹង​សម្រេចទទួលចាត់ការរឿង​ក្តី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ គ្មាន​អ្នកណាម្នាក់​អាច​ទាយ​ដឹង​មុន​ទេ​ថា ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ស្តីពី​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​នឹង​​សម្រេច​ពី​យុត្តាធិការ​របស់ខ្លួន​បែបណា​ទេ។ គេ​កំពុង​រង់ចាំ​ថា តើ​តុលាការ នឹង​សម្រេច​បែបណា​ទៅវិញ បើ​ចិន​មិនទាំង​ខ្វល់​ពីសកម្មភាព​ហ្វីលីពីន និង​ការកោះអញ្ជើញ​របស់​តុលាការ​ផងនោះ។ បើ​ត្រឹមតែ​សង្ឃឹមថា តុលាការ​មាន​យុត្តាធិការ​កាន់​សំណុំ​រឿងនេះ វា​នៅ​តិចពេក ហ្វីលីពីន​ក៏​ជឿជាក់​ខ្លាំងដូចគ្នា​ផងដែរ​ថា ខ្លួននឹង​មានលទ្ធភាព​គ្រប់គ្រាន់​អាច​ឈ្នះក្តី​ចិន​នៅ​តុលាការ​ផង។

បើតាម​អ្នកនាំពាក្យ​ខាងលើ រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ប្រឹងប្រែង​ប្រមូល​ភស្តុតាង ឯកសារសំខាន់ៗនានា ដែល​ពាក់ព័ន្ធ  រួមទាំង​ប្រមែរ​ប្រមូល​អ្នកជំនាញ អ្នកច្បាប់ល្បីៗរបស់ខ្លួន​និង​អន្តរជាតិ​ជាច្រើនរូប​ផង ដើម្បី​តតាំង​ជាមួយ​ចិន នៅពេល​ខាងមុខ បើ​តុលាការ​ប្រកាស​ទទួលយក​សំណុំរឿង។  នេះបញ្ជាក់ច្បាស់ថា ហ្វីលីពីន​ដូចជា​ត្រៀមខ្លួន​បានល្អ និង​ជឿជាក់​ខ្លាំង​មែនទែន ថា​ខ្លួន​មានប្រៀប​ជាង​ចិន បើផ្អែកតាម​ផ្លូវច្បាប់ និង​ផ្អែកលើ​បទដ្ឋាន​អន្តរជាតិ។

សូម​រំលឹក​បន្តិច​ថា ហ្វីលីពីន​បានដាក់​សំណុំរឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​នៅ​ឡាអេ ប្រទេស​ហូ​ឡង់​កាលពី​ឆ្នាំ២០១៣ ក្រោយ​ដែល​មើលឃើញថា​ខ្លួន​គ្មាន​លទ្ធភាព​ឈ្នះ​ចិន​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេង​ទៀតឡើយ។ ប៉ុន្តែ​ទង្វើ​ហ្វីលីពីន​បានធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ជាខ្លាំង ហើយ​ចិន​បដិសេធ​ទទួលស្គាល់​យុ​ត្តាធិ​ការ​តុលាការ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com