ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ស្ត្រី​ឥស្លាម​ទ​ទូ​រ​ក្រមា​ពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ
10, Jul 2015 , 11:19 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ខ្មែរឥស្លាម​នៅ​កម្ពុជា មាន​សិទ្ធិ​អាច​ទ​ទូ​រ​ក្រមា​នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហើយ។ ក្នុងនោះ បុរស​ក៏​ដូចគ្នា ពួកគេ​អាច​ពាក់​កាតឹប តាម​ប្រពៃណី​របស់​សាសនា ក្នុងការ​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឫ​លិខិតឆ្លងដែន​ជាដើម។



យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​យោងតាម​ចំណារ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​ស្ត្រី​ឥស្លាម​ទាំងអស់​មាន​សិទ្ធិ​អា​ចទ​ទូ​រ​ក្រមា ហើយ​បុរស​អាច​ពាក់​កាតឹប​បាន នៅពេល​ពួកគេ​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឫ​ថតរូប​សម្រាប់​ឯកសារ​រដ្ឋបាលផ្សេងៗ ។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយពី​មាន​សំណើរ​ពី​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម ដែលមាន​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ក៏ដូចជា​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លឹ​ម​កម្ពុជា។

ក្នុង​សេចក្តីជូនដំណឹង​លេខ ៧០៤ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ មិថុនា ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អនុវត្ត និង​ចាត់ចែង​តាម​ការគួរ​ចំពោះ​សេចក្តីសម្រេច​នេះ។

ក្នុង​លិខិត​ដាច់ដោយឡែក​លេខ ៧០៣មួយទៀត រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​បញ្ចូល​គ្រូបង្រៀន​ខ្មែរឥស្លាម​ចំនួន​ប្រមាណ ១៥០០នាក់​ទូទាំងប្រទេស ទៅក្នុង​ក្របខណ្ឌ​គ្រូបង្រៀន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។ សេចក្តីសម្រេច​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៥ដែរនោះ បាន​យោងតាម​ចំណារ​ពី​ប្រមុខ​រដ្ឋាភិបាល​ដែល​ចុះ​ថ្ងៃទី ២៧ មិថុនា ស្តីពី​ការយល់ព្រម​តាម​ការស្នើសុំ​គោលការណ៍​ខាងដើម។

ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មុខងារសាធារណៈ សហការ​អនុវត្ត​សេចក្តីសម្រេច​នេះ​ចាប់ពី​ខែ សីហា ឆ្នាំ២០១៥ តទៅ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្លាប់​បានដាក់​គោលនយោបាយ​ទាំងពីរ​នេះ​ទៅក្នុង​គោលនយោបាយ​ទាំង៧របស់ខ្លួន​ផងដែរ សម្រាប់​សហគមន៍​ខ្មែរឥស្លាម។ លោក សម រង្ស៊ី បាន​អះអាង​នៅ​ចំពោះមុខ​ខ្មែរឥស្លាម​ជាង១០០នាក់ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​នៅ​គេហដ្ឋាន​របស់លោក ថា​នឹង​ផ្តល់​ម៉ោង​ផ្សាយ​យ៉ាងហោចណាស់​មួយថ្ងៃ១ម៉ោង​ដល់​ខ្មែរឥស្លាម​នៅពេល​ទូរទស្សន៍​ព្រះអាទិត្យ​ដំណើរការ ការរៀបចំ​កន្លែង​ថ្វាយបង្គំ​នៅ​ទីសាធារណៈ ការផ្តល់​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ខ្មែរឥស្លាម ឫ​តួន និង​ការផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ឥស្លាម អាច​ទទូរ​ក្រមា​ពេលធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com