អន្តរជាតិ
នយោបាយអន្តរជាតិ
សមាជិកUNSC ខ្វែងគំនិតគ្នាលើការដោះស្រាយការបាញ់យន្តហោះម៉ាឡេស៊ីMH17
× រយៈពេលជាងមួយឆ្នាំហើយ ដែលយន្តហោះម៉ាឡេស៊ី MH17 ធ្លាក់នៅក្បែរព្រំដែនរុស្ស៊ី និង អ៊ុយក្រែន ប៉ុន្តែជនបង្កហេតុមិនត្រូវបានគេរកឃើញឡើយ។ ប្រជាជនបាត់បង់ជីវិតរាប់រយនាក់ដោយមិនទទួលបានយុត្តិធម៌សោះ។ អលទ្ធភាពនៃការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនិងបងប្អូននោជាកំហុសឆ្គងមួយរបស់សហគមន៍អន្តរជាតិ ជាពិសេសសមាជិកក្រុមប្រឹក្សាសន្តិសុខដែលខ្វែងគំនិតគ្នាជុំវិញការរកចំណាត់ការដោះស្រាយនិងបញ្ចប់បញ្ហានេះ។
កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិ ចាប់ផ្តើមខ្វែងគំនិតគ្នាជុំវិញការដោះស្រាយករណីសោកនាដកម្ម ធ្លាក់យន្តហោះម៉ាឡេស៊ីMH17 ដែលបាន កើតឡើងតាំងពីឆ្នាំមុន នៅក្បែរព្រំដែនរុស្ស៊ី និង អ៊ុយក្រែន។ ការខ្វែងគំនិតគ្នានេះ កើតឡើងក្រោយពី អង់គ្លេស ម៉ាឡេស៊ី អ៊ុយក្រែន ហូឡង់ អូស្ត្រាលី និងប៊ែលហ្ស៊ិក ស្នើឲ្យបើកសវនាការវែកមុខអ្នកនៅពីក្រោយករណីធ្លាក់យន្តហោះនេះ ខណៈរុស្ស៊ីទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានចប់ សព្វគ្រប់ជាមុនសិន។
ក្នុងនាមសមាជិកក្រុមប្រឹក្សាសន្តិសុខ និង ជារដ្ឋរងគ្រោះដោយឧបទ្ទវហេតុនេះ ម៉ាឡេស៊ី បានស្នើក្រុមប្រឹក្សាសន្តិសុខ ដើម្បីចេញសម្រេចមួយ ដើម្បីបើកសវនការកាត់ក្តី និងវែកមុខឧក្រិដ្ឋជន ឬអ្នកនៅពីក្រោយខ្នងករណីធ្លាក់យន្តហោះ។ សំណើនេះ ក៏មានសមាជិកអចិន្ត្រៃយ៍អង់គ្លេស និង រដ្ឋបួនផ្សេងទៀតចេញមុខគាំទ្រនៃចំណាត់ការនេះដែរ។ ក៏ប៉ុន្តែដើម្បីអាចចេញសេចក្តីសម្រេចនេះ គឺត្រូវទាមទារឲ្យមានការឆ្លងកាត់ការបោះឆ្នោតក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខជាមុនសិន។ ប្រសិនបើមានការជំទាស់ពីសមាជិកអចិន្ត្រៃយ៍ណាមួយនោះ សេចក្តីសម្រេចបើកសវនាការក៏ចេញមិនរួចដែរ។
សូមបញ្ជាក់ផងដែរ សំណើសុំបើកសវនាការនោះ ត្រូវស្ថិតក្នុងជំពូក៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រសិនបើសំណុំរឿងនេះអាចរកឃើញឧក្រិដ្ឋជន ឬរដ្ឋណាមួយនៅពីក្រោយករណីធ្លាក់យន្តហោះនោះ រដ្ឋនោះអាចនឹងទទួលទណ្ឌកម្មសេដ្ឋកិច្ច ឬយោធាផងដែរ។
ដោយឡែកសម្រាប់រុស្ស៊ី ដែលត្រូវបានក្រុមលោកខាងលិច ចោទប្រកាន់ថាជាអ្នកនៅក្រៅខ្នងការបាញ់ទម្លាក់យន្តហោះអ្នកដំណើរនេះ មិនបានឯកភាពជាមួយសំណើនេះទេ។ តែរុស្ស៊ីបានទាមទារ ឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិន។ បន្ថែមពីនេះ រុស្ស៊ី បាន បញ្ជាក់ថាការឧបទ្ទវហេតុធា្លក់យន្តហោះ ដែលបានសម្លាក់អ្នកដំណើរជាង២០០នាក់នេះ គឺជាការទទួលខុសត្រូវរបស់អ៊ុយក្រែន ដែលជាអ្នកការបាញ់ទម្លាក់៕
Tag:
អ៊ុយក្រែន
យន្តហោះម៉ាឡេស៊ីMH17
© រក្សាសិទ្ធិដោយ thmeythmey.com