ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា​ទៅ​បរទេស​ដើម្បី​ជួយ​សកម្មជន​ជាប់ទោស​ទាំង១១នាក់
25, Jul 2015 , 6:16 am        
រូបភាព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​
ដោយ: ថ្មីៗ
ចាក​ចេញពី​កម្ពុជា​ភ្លាម លោក សម រង្ស៊ី បានផ្តល់​បទសម្ភាសន៍​ដល់​កាសែត​បារាំង Libération ដែល​បាន​សួរ​លោក​អំពី​ការចាកចេញ​នេះ។ សម្រាប់​លោក សម រង្ស៊ី ការ​ទូងស្គរ​ពី​បរទេស គឺជា​មធ្យោបាយ​មួយ​ដែល​អាចជួយ​សហការី និង​អ្នកគាំទ្រ​ទាំង១១នាក់​ដែល​ត្រូវ​តុលាការ​កាត់ទោស​ពីបទ​កុបកម្ម​នោះ។



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រាប់​អ្នកកាសែត Libération ថា បើទោះជា​លោក​ស្ថិតនៅ​ក្នុងប្រទេស ក៏​លោក​មិនអាច​ធ្វើ​អ្វី​បាន​ដើម្បី​ជួយ​សហការី​របស់លោក​នោះទេ។ លោក សម រង្ស៊ី ដែល​បញ្ជាក់ថា​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅពេលនេះ ត្រូវបាន​គ្រោង​រួច​យូរ​មកហើយ​នោះ អះអាង​លោក​គួរ​ធ្វើ​សកម្មភាព​ពី​បរទេស។

ក្នុង​បទសម្ភាសន៍ ជាមួយ​អ្នកកាសែត​បារាំង​ឈ្មោះ Arnaud VAULERIN លោក សម រង្ស៊ី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖«លោក កឹម សុខា នឹងធ្វើអ្វីៗតាមតែ​លោក​អាច​ធ្វើបាន​នៅក្នុង​ប្រទេស។ ខ្ញុំ​ធ្វើអ្វីៗពី​បរទេស វា​មាន​ប្រសិទ្ធិភាព​ជាង។ ពិសោធន៍​បានបង្ហាញ​ហើយ​ថា នៅពេលណា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន សម្រេច​ធ្វើ​អ្វីមួយ គឺ​មិនមែន​យើង​ត្រូវ​តវ៉ា ឬ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ទេ ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​លទ្ធផល​ល្អ​នោះ។ គឺ​ពី​បរទេស​ទេ»។

លោក សម រង្ស៊ី ក៏បាន​បញ្ជាក់​នៅក្នុង​បទសម្ភាសន៍​នោះដែរ​ថា សកម្មភាព​ដែល​លោក​គ្រោង​ធ្វើ​នៅក្រៅ​ប្រទេស​នោះ គឺ​ការជួប​សន្ទនា​ជាមួយ​សមាជិកសភា​រប​ស់​បារាំង និង​របស់​អឺរ៉ុប​ជាដើម។

ទោះយ៉ាងណាក៏ដោយ សម្រាប់លោក សម រង្ស៊ី ការ​កាត់ទោស​សហការី និង​អ្នកគាំទ្រ​ខ្លួន​ទាំង​១១នាក់ វាមិនបាន​បំផ្លាញ​ «វប្បធម៌​សន្ទនា» ដែល​លោក និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្កើត​ជាមួយគ្នា​នោះឡើយ៕


Tag:
 លោក សម រង្ស៊ី បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com