ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ នគរបាលចរាចរណ៍នឹងអនុវត្តអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ ពិន័យនេះមានលក្ខណៈធ្ងន់ធ្ងរជាងពិន័យដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន។
មាត្រា៩៖ ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តចំនួនទឹកប្រាក់ ៣០ ០០០(បីម៉ឺន)រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០ ០០០(ប្រាំមួយម៉ឺន)រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១២៥ ០០០(មួយសែនពីរម៉ឺនប្រាំពាន់)រៀល ចំពោះអំពើល្មើសដូចខាងក្រោម៖
ក- អ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តដោយគ្មានបណ្ណបើកបរ។
ខ- អ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តដោយគ្មានបណ្ណសម្លាល់ និង/ឬ ផ្លាកលេខ។
គ- ម្ចាស់យានយន្តមិនបានផ្ទេរកម្មសិទ្ធិយានយន្តលើសរយៈពេលកំណត់ ដែលមានចែងក្នុងមាត្រា៤៨ នៃច្បាប់ពីចរាចរណ៍ផ្លូវគោក។
ឃ- អ្នកបើកបរយានយន្តបើកដោយពុំមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬ ប្រើវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព។
ង- អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលប្តូរម៉ាស៊ីន ឬ ប្តូរពណ៌ដោយគ្មានការអនុញ្ញាត ឬ បិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត។
ច- អ្នកបើកបរយានយន្តប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
ឆ- អ្នកបើកបរយានយន្តប្រើបណ្ណបើកបរហួសសុពលភាព។
ជ- អ្នកបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ។
ឈ- អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងឡើងទៅ។
ញ- អ្នកបើកបរយានយន្តប្រើប្រាស់ផ្លាកលេខសម្គាល់យានដែលរចនាខុសពីលក្ខណៈដើម ឬ រលុបលេខ ឬ បាក់ផ្លាកបាត់លេខ ឬ ដាក់សម្ភារៈ ឬ វត្ថុផ្សេងៗបាំងផ្លាកលេខ។
ដ- អ្នកបើកបរយានយន្តមានអត្រាជាតិអាកុលចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៥ ទៅ ០,៧៩ ក្រាម ក្នុងមួយលីត្រឈាម។
ឋ- អ្នកបើកបររថយន្តឲ្យមនុស្សជិះលើយានដែលកំពុងសណ្តោងក្រៅពីអ្នកបើកបរ។
ឌ- អ្នកបើកបរយានយន្តកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស។
ឍ- អ្នកបើក បរយានយន្តប្រណាំង យានដោយគ្មានការអនុញ្ញាត លើផ្លូវសម្រាប់ធ្វើ ចរាចរណ៍ ជាសាធារណៈ។