ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពុង​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង២នាក់​ជុំវិញ​ករណី​ហិង្សា​នៅ​ស្ពាន​នាគ
05, Aug 2015 , 10:15 am        
រូបភាព
សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ២រូប ដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី៤សីហា ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម ដែល​កើតមាន​អំពើហិង្សា នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។



ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី បានចេញ​ដីកា​បង្គាប់​ឲ្យ​ស្វែងរក​ចាប់ខ្លួន​មនុស្ស៥នាក់ ពាក់ព័ន្ធ​នឹង​បាតុកម្ម ដែល​កើតមាន​អំពើហិង្សា នៅលើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បាន​ចាត់ទុកថា​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែមទៀត​នេះ គឺមាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែល ដែល​កំពុង​កើន​កម្តៅ។ លោក អ៊ំ សំអាន បាន​សង្កត់ធ្ងន់ថា៖«ការចាប់ខ្លួន​នេះ គឺជា​ការព្រមាន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ឈប់​ការតវ៉ា»។ លោក​បាន​បញ្ជាក់ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេលឆាប់ៗ ដើម្បី​បន្ថយកម្តៅ​នយោបាយ។

គួរ​បញ្ជាក់ថា ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន ក៏បាន​ព្រមាន​វិធានការ​ផ្លូវច្បាប់​លើ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ៧រូប​ទៀត ដោយ​បញ្ជាក់ថា​កិច្ចព្រមព្រៀង​នយោបាយ​មិនអាច​បញ្ចប់​បទល្មើស​ព្រហ្មទណ្ឌ​បាន​នោះទេ។

កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ១១នាក់ ត្រូវបាន​តុលាការ​ដាក់ពន្ធនាគារ​ពី ៧ទៅ២០ឆ្នាំ ដោយ​ចោទ​ពីបទ «ដឹកនាំ និង​ចូលរួម​ធ្វើ​កុបកម្ម» នៅលើ​ស្ពាន​នាគ នា​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ៕




Tag:
 គណបក្ស​សង្គ្រោះ​ជាតិ
  ហិង្សា​នៅ​ស្ពាន​នាគ
© រក្សាសិទ្ធិដោយ thmeythmey.com