ជាតិ
​​​ន​យោ​បាយ​ជាតិ​
កំណើត​អាស៊ាន៖ តើ​អ្នកដឹង​ទេ​អាស៊ាន​មាន​ដើមកំណើត​ដូចម្តេច?
08, Aug 2015 , 8:39 pm        
រូបភាព
ដោយ:
 
ថ្ងៃនេះ ៤៨ឆ្នាំមុន អាស៊ាន​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ ក្នុងនាម​ជា​អង្គការ​អន្តររដ្ឋាភិបាល មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គការ​ថ្នាក់​តំបន់​នេះ​បាន​អភិវឌ្ឍ​ខ្លួន ជាច្រើន​ដំណាក់កាល ទើប​អាច​ចេញ​ជា​រូបរាង​ផ្លូវការ​មួយ​នៅក្នុង​តំបន់។


សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន គឺជា​អង្គការ​អន្តររដ្ឋាភិបាល​នៅក្នុង​តំបន់​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​កិច្ចសហប្រតិបត្តិការ​ផ្នែក នយោបាយ សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍​ភាពជា​ដៃគូ។ មុននឹង​ចេញ​ជា​រូបរាង​មួយ​ជា​ផ្លូវការ អាស៊ាន បាន ឆ្លងកាត់​ដំណាក់កាល​ជាច្រើន។

ក្នុងនោះ​ស្ថាប័ន​ដំបូង​គេ ដែល​ត្រូវបាន​បង្កើត​ដោយ​សមាជិក​អាស៊ាន​មាន​ឈ្មោះថា សមាគម​អាស៊ីអាគ្នេយ៍(ASA)។ ស្ថាប័ន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦១ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក ទុន​កា អាប​ឌុល​រ៉ា​មាន់(Tunka Abdul Rahman) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។ នៅក្នុង​ស្ថាប័ន​នេះ មាន​សមាជិក​សរុប​ចំនួន​បី​ប្រទេស​រួមមាន ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ។ យ៉ាងណាក៏ដោយ បញ្ហា​ផ្ទៃក្នុង និង ភាព​ពុំមាន​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ត្រូវ​ដួលរលំ។

មិនយូរប៉ុន្មាន​ក្រោយពី​ការបរាជ័យ​នៃ សមាគម​អាស៊ីអាគ្នេយ៍ ស្ថាប័ន​មួយ​ផ្សេងទៀត ត្រូវបាន បង្កើតឡើង​ដោយ​រដ្ឋ​អាស៊ាន។ នោះ​គឺ ម៉ា​ហ្វី​លីន​ដូ (Maphilindo) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦៣ និង​មាន​សមាជិក​សរុប​បី​ប្រទេស​ផងដែរ។ ក្នុងនោះ​រួ​មាន ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។ យ៉ាងណាមិញ មិនយូរ​ឡើយ​ស្ថាប័ន​នេះ ក៏ត្រូវ​បាន​ដួលរលំ​ម្តងទៀត។

សូម​ជម្រាប​ផងដែរ​ថា ស្ថាប័ន​សំខាន់​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​អាស៊ាន​នោះទេ ផ្ទុយទៅវិញ​វា​បាន​ដួលរលំភ្លាមៗក្រោយពេល​នៃ​ការបង្កើត ។ នោះ ក៏​ព្រោះតែ ដោយសារ​មាន​ភាពចម្រូងចម្រាសរ​វាង​សមាជិកនីមួយៗ ដែល​កើតចេញពី​ភាពមិនច្បាស់លាស់​រវាង​នយោបាយ​ការទូត និង បញ្ហា​នៃ​ការកំណត់​ដែន​អធិបតេយ្យភាព​ផងដែរ។ចុងក្រោយ​នៅ​ថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧ ស្ថាបនិក​ប្រាំ​ប្រទេស​រួមមាន ថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង ឥណ្ឌូនេស៊ី បាន​ឯកភាពគ្នា​បង្កើត​អាស៊ាន​ឡើងជា​ស្ថាពរ ដោយ​ចេញ​សេចក្តីប្រកាស​ទីក្រុង​បាងកក (Bangkok Declaration)។ បច្ចុប្បន្ន ស្ថាប័ន​នេះ មាន​សមាជិក ១០ប្រទេស។

ខាងក្រោម​នេះ​គឹជា​កាលបរិច្ឆេទ​ដែល​ប​ណា្ត​ប្រទេស​ទាំង​ដប់​ក្លាយជា​សមាជិក​អាស៊ាន​ផ្លូវការ៖
១. ថៃ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៤. រដ្ឋ​ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៦. ប្រ៊ុយណេ ដា​រូ​សា​លឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤
៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
១០. កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ៕


Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com