ជាតិ
ប៊ូ ស៊ា​ង​ឡេង មាន​សុទិដ្ឋិនិយម​លើ​ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​នៅ​កម្ពុជា
16, Aug 2015 , 10:19 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្វី​ត្បិត​បច្ចុប្បន្ននេះ កម្ពុជា​មិនទាន់​រីកចម្រើន​ខ្លាំង លើ​ការងារ​ម៉ាស៊ីន​ស្វ័យប្រវត្តិ តាម​រោងចក្រ​ឧស្សាហកម្ម ដូច​ប្រទេស​អភិវឌ្ឍន៍​លើ​ពិភពលោក​ក៏ដោយ តែ​យុវជន ប៊ូ ស៊ា​ង​ឡេង ជឿជាក់ថា រោងចក្រ​ឧស្សាហកម្ម​ម៉ាស៊ីន​ស្វ័យប្រវត្ត នឹង​រីកចម្រើន​នៅក្នុង​ប្រទេស តូច ទើប​ងើប​ចេញពី​សង្គ្រាមរ៉ាំរ៉ៃ​មួយ​នេះ។ មានអាយុ ២១ឆ្នាំ ស៊ា​ង​ឡេង កំពុង​សិក្សា​ជំនាញ​អគ្គិសនី និង​ស្វ័យប្រវត្ត​កម្ម (Electrical engineering and Automation) នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Nanjing (Nanjing University of Science and technology) ប្រទេស​ចិន។

 
មូលហេតុ​ដែល លោក ប៊ូ ស៊ា​ង​ឡេង ចាប់យក​ជំនាញ​សិក្សា​ម៉ាស៊ីន​ស្វ័យប្រវត្ត​កម្ម ព្រោះ លោក​ស្រលាញ់​មុខវិជ្ជា​វិទ្យាសាស្ត្រ ហើយ​ម្យ៉ាងទៀត​លោក​មានគំនិត​សុទិដ្ឋិនិយម លើ​ការ វិវឌ្ឍន៍​ជំនាញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​អនាគត។ យុវជន​មាន​ដើមកំណើត​ក្នុងស្រុក​បាកាន ខេត្តពោធិសាត់​រូបនេះ និយាយ​រៀបរាប់ថា លោក​ចូលចិត្ត​សិក្សា​ភាគច្រើន មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ហេតុនេះ​ទើប​លោក​ឆាប់ ចាំ និង​យល់មុខ​វិជ្ជា​វិទ្យាសាស្ត្រ ច្រើនជាង​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម។
 
ស៊ា​ង​ឡេង ជា​សិស្ស​ឆ្នើម​ដែល​ទទួលបាន​និទ្ទេស B ក្នុងសម័យ​ប្រ​ឡ​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ ២០១២ ពី​វិទ្យាល័យ​បាកាន ហើយ​លោក​ក៏បាន​ទទួលបាន​អាហារូបករណ៍​ចូល​សិក្សា​ឆ្នាំ​ទី១ ជំនាញ​វិស្វករ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា (តិច​ណូ) ពី​ក្រសួង​អបរំ​ដែរ។ ក្រោយ​សិក្សា​នៅ​សាលា តិច​ណូ​អស់​រយៈពេល​មួយឆ្នាំ យុវជន​កូនច្បង​ចំណោម​បងប្អូន ប្រុស​ពីរ​នាក់ ក្នុង​គ្រួសារ​អ្នកជំនួញ​ស្រូវ​ក្នុង​ខេត្តពោធិសាត់​រូបនេះ បានសម្រេច​ចិត្ត​ដាក់ពាក្យ ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ក្នុងនោះ លោក​ដាក់ពាក្យ​ប្រឡង​ទៅ ប្រទេស​ថៃ និង​ចិន ដើម្បី​ពង្រីក​ចំណេះវិជ្ជា​នៅ​បរទេស។ យុវជន​រូបនេះ ប្រឡង​មិនជា​ប់​អាហារូបករណ៍​ប្រទេស​ថៃ​ទេ ប៉ុន្តែ​លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​របស់ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងចំណោម​និស្សិត​ខ្មែរ ៥០នាក់ សិក្សា​ថ្នាក់ បរិញ្ញាបត្រ នៅ​ប្រទេស​ចិន​នៅក្នុង​ឆ្នាំ ២០១៣ ។
 
និយាយ​ទាំង​ទឹកមុខ​រីករាយ ស៊ា​ង​ឡេង ថា នេះជា​ឱកាស​ថ្មី​មួយទៀត លោក​បាន​ចាក​ចេញទៅ សិក្សា​នៅ​បរទេស​លើ​ជំនាញ​អគ្គិសនី និង​ម៉ាស៊ីន​ស្វ័យប្រវត្ត​កម្ម ដែលជា​ជំនាញ​មួយ ដែល​លោក​មាន​សុទិដ្ឋិនិយម​ថា​នឹង​វិវឌ្ឍន៍​រីកចម្រើន នាពេល​អនាគត។
 
និស្សិត​ឆ្នាំ​ទី១ កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ចិន​ដែល​បាន​បង្កើត​ជាង ៦០ឆ្នាំ​នោះ រូបនេះ និយាយថា លោក​មាន​ជំនឿ​លើ​ជំនាញ​នេះ​ថា កម្ពុជា​នឹង​រីកចម្រើន​លើ​វិស័យ ឧស្សាហកម្ម ព្រោះ​កម្ពុជា​កំពុងតែ​អភិវឌ្ឍ​ពី​ប្រទេស​កសិកម្ម ទៅ​ប្រទេស​កសិឧស្សាហកម្ម និង​ក្លាយជា​ប្រទេស​ឧស្សាហកម្ម។ លោក​ថា៖«បើ​ប្រៀបធៀប​ប្រទេស​អភិវឌ្ឍ កម្ពុជា​នៅ ពុំទាន់​មានការ​រីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម​ស្វ័យប្រវត្ត​កម្ម​ទេ តែ​កម្ពុជា​អាច​នឹង ក្លាយជា​ប្រទេស​ដូច​គេ​ដែរ បើ​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច និង​ការបណ្តុះ​ធនធានមនុស្ស ជំនាញ ដែល​ប្រកបដោយ​គុណភាព»។
 
យុវជន​រូបនេះ មិន​ជួបប្រទះ​ការលំបាក​នឹង​បរិយាកាស ជី​វីត​សិក្សា និង​ការរស់នៅ​ប្រទេស​ចិន នោះទេ ថ្វី​ការសិក្សា​ជា​ភាសា​ចិន​ក៏ដោយ យុវជន​រូបនេះ ទទួលបាន​ប្រាក់​អាហារូបករណ៍​ជាង ៤០០ដុល្លា​អាមេរិក​ក្នុង​មួយខែ។ ម្យ៉ាងទៀត លោក​ក៏​ជា​និស្សិត​ឆ្នើម​មួយរូប ពី​ប្រទេស​កម្ពុជា ដែល​យុវជន​អាច​ឆាប់​ចាប់​ការបង្រៀន​របស់​សាស្ត្រាចារ្យ​ចិន។
 
រយៈពេល ៣ឆ្នាំ​ទៀត យុវជន​រូបនេះ គ្រោង​នឹង​បញ្ចប់​ថ្នាក​បរិញ្ញាបត្រ​របស់ខ្លួន ហើយ​លោក ក៏មាន​គម្រោង​ដែរ ក្រោយ​ចប់​បរិញ្ញាបត្រ​នោះ លោក​នឹង​បន្ត​ស្វែងរក​អាហារូបករណ៍​ថ្នាក់​អនុ បណ្ឌិត​លើ​ជំនាញ​នេះ ដែល​លោក​មាន​សុទិដ្ឋិនិយម នាពេល​អនាគត។ «ខ្ញុំ​ជឿថា វិស័យ​ឧស្សា​កម្ម​ម៉ា​ស៊ី​ស្វ័យប្រវត្ត​កម្ម នៅ​កម្ពុជា នឹង​វិវឌ្ឍន៍​ជឿនលឿន បន្ទាប់ពី​ខ្ញុំ​សិក្សា ជំនាញ នេះ​រួច ដោយ​ខ្ញុំ​ផ្អែកលើ​ការងារ​ប្រកួតប្រជែង​ទីផ្សារ​សេដ្ឋកិច្ចកម្ពុជា»។
 
ជា​ចុងក្រោយ យុវជន​រូបនេះ ក៏​លើក​ចិត្ត​ដល់​សិស្ស និស្សិត​ជំនាន់​ក្រោយ ស្វែងរក​អាហារូបករណ៍​សិក្សា​នៅ​បរទេស​ផងដែរ ដោយ​លោក​ថា៖«ពេល​យើង​មក​ប្រទេស​គេ អភិវឌ្ឍ​ដូច​ចិន យើង​នឹង​ទទួល​បរិយាកាស​ថ្មី​ទាំង​ការងារ​សិក្សា ទាំង​ការរស់នៅ ដើម្បី​ចូលរួម អភិវឌ្ឍន៍​គ្រួសារ និង​ប្រទេសជាតិ​យើង​វិញ»៕
 
 

Tag:
 និស្សិត​អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com