ជាតិ
បទវិភាគ
និស្សិតរើសជំនាញខុស ជាបញ្ហាតជំនាន់នៅកម្ពុជា
× ពីមួយជំនាន់ទៅមួយជំនាន់ ក្រោយពីសិស្សប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួច សិស្សដែលមានលទ្ធភាពទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យមួយចំនួនធំ បានថ្លែងសោកស្តាយចំពោះការជ្រើសរើសជំនាញរបស់ខ្លួន ក្រោយពីពួកគេរៀនបាន ១ឬ២ឆ្នាំ ឬក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ក្រោយពីរៀនបាន១ឬ២ឆ្នាំហើយ និស្សិតខ្លះបានសម្រេចចិត្តប្តូរជំនាញ ទៅរៀនជំនាញមួយផ្សេងទៀត។ រីឯនិស្សិតខ្លះទៀតក៏បង្ខំចិត្តទៅធ្វើការទាំងខុសជំនាញ ឬការងារដែលពួកគេមិនចូលចិត្តធ្វើ។ តើបញ្ហាទាំងនេះបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ដោយមិននិយាយពីជ្រុងនៃគុណភាពអប់រំនៅថ្នាក់ចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ការជ្រើសរើសជំនាញនៅតែជាបញ្ហាសម្រាប់អ្នកចាប់ផ្តើមជីវិតមហាវិទ្យាល័យ ដែលត្រូវជ្រើសរើសជំនាញប្រចាំជីវិត។ ពួកគេមួយចំនួននៅតែមិនមានព័ត៌មានអំពីទីផ្សារការងារ អ្នកខ្លះទៀតក៏មិនដឹងច្បាស់ថា ខ្លួនចង់ក្លាយជាអ្វីនៅថ្ងៃអនាគត។ បញ្ហាធំមួយនេះ បានបន្តធ្វើឲ្យនិស្សិតខាតពេលវេលា និងថវិកាយ៉ាងច្រើន។ និស្សិតខ្លះទៀតបង្ខំចិត្តរៀនឲ្យតែចប់ ហើយត្រូវបង្ខំចិត្តទៅធ្វើការតាមមុខជំនាញនោះទាំងខ្លួនមិនពេញចិត្តទៀត។
មាននិស្សិតមួយក្រុមទៀត បន្ទាប់ពីពួកគេទ្រាំរៀនចប់ជំនាញតាមចំណង់ចំណូលចិត្តរបស់ឪពុកម្តាយពួកគេហើយ ទើបព្យាយាមស្វែងរក ការសិក្សា ឬស្វែងរកការងារដែលខ្លួនពេញចិត្តឡើងវិញ។
នៅមាននិស្សិតមួយក្រុមទៀតដែលរៀនចប់ថ្នាក់បរិញ្ញាបត្រហើយ តែពួកគេនៅតែរកការងារមិនបានធ្វើដដែល។ នោះគឺដោយសារតែជំនាញដែលពួកគេរៀន ពុំសូវមានតម្រូវការទីផ្សារការងារ។
ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងតជំនាន់នេះឲ្យបានប្រសើរជាងនេះ៖
ទី១/ និស្សិតខ្លួនឯងត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ ពោលគឺត្រូវដឹងថាខ្លួនឯងមានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះ? ចូលចិត្តធ្វើការងារអ្វី? និងមានទេពកោសល្យអ្វីខ្លះនៅក្នុងខ្លួន? ហើយចង់ក្លាយជាមនុស្សបែបណាទៅថ្ងៃអនាគត? ចំណុចទី១នេះ គឺជាគ្រឹះដ៏សំខាន់ដែលជំរុញឲ្យនិស្សិតជ្រើសរើសមុខជំនាញត្រូវនឹងគោលដៅដែលពួកគេចង់បានពិតប្រាកដ។
ទី២/ ចំពោះតម្រូវការទីផ្សារការងារវិញ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើការសិក្សាស្រាវជ្រាវមួយស្តីពីតម្រូវការទីផ្សារការងារនៅក្នុងស្រុក ដើម្បីឲ្យសិស្សនិស្សិតរៀនត្រូវនឹងតម្រូវការទីផ្សារការងារ។ ហើយនិស្សិតខ្លួនឯងវិញ ត្រូវតែសួរនៅតាមសកលវិទ្យាល័យនីមួយៗលើមុខជំនាញដែលខ្លួនចង់រៀននោះថា តើជំនាញនោះត្រូវការលក្ខខណ្ឌអ្វីខ្លះ? រៀនពីមុខវិជ្ជាអ្វីខ្លះ? មានតម្រូវការទីផ្សារការងារតិចឬច្រើន។ ល។
និងទី៣/ និស្សិតខ្លួនឯងមិនត្រូវងាករេតាមមិត្តភក្តិ តាមបងប្អូន តាមគ្រួសារ ឬតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួន ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញទៅបន្តការសិក្សានៅមហាវិទ្យាល័យនោះទេ។ និស្សិតខ្លួនឯងត្រូវតែជ្រើសរើសជំនាញមួយដែលត្រូវនឹងចំណង់ចំណូលចិត្ត និងគោលដៅទៅថ្ងៃអនាគតដែលខ្លួនឯងចង់បាន ហើយត្រូវតែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផងដែរ ទើបអាចដោះស្រាយបញ្ហាតជំនាន់នេះបានយ៉ាងពិតប្រាកដ៕
Tag:
បាក់ឌុប
អប់រំ
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com