ពីនេះ ពីនោះ
មនុស្ស«មានចំណេះ, ឆ្លាត, និង​ពូកែ»ខុសគ្នា​ដូចម្តេច?
28, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​នរណាម្នាក់​ធ្វើ​អ្វីមួយ​បានល្អ ឬ​បាន​ជោគជ័យ មនុស្ស​ភាគច្រើន​តែងតែ​សរសើរ​ថា មកពី​គេ​មានចំណេះ អ្នកខ្លះ​សរសើរ​ថា មកពី​ពូកែ និង​អ្នកខ្លះ​ទៀតថា មកពី​គេ​ឆ្លាត។ ប៉ុន្តែ អ្នក​សរសើរ​ទាំងនោះ​មិនដឹងថា មនុស្ស​ដែល​ជោគជ័យ​នោះ មកពី​គេ​មានចំណេះ, ឆ្លាត ឬ​ពូកែ​នោះទេ។ ហើយ​មនុស្ស​ស្ទើរ​គ្រប់គ្នា នៅតែ​ស្រ​ពិ​ច​ស្រ​ពិល មិនអាច​បែងចែក​ឱ្យ​ដាច់​ស្រឡះ​ពី​អត្ថន័យ​នៃ​ពាក្យ​ថា «មានចំណេះ, ឆ្លាត, និង​ពូកែ» នៅឡើយ​ទេ។ តើ​អត្ថន័យ​នៃ​ពាក្យ​ទាំងបី​នេះ​មាន​លក្ខណ​ខុសគ្នា​យ៉ាងដូចម្តេច?


 
នៅក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ភាពខុសគ្នា​នៃ​ពាក្យ​ទាំងបី​នេះ​យ៉ាង​ដូច្នេះ​ថា៖ ពាក្យ«ចំណេះ» មកពី​ពាក្យ«វិជ្ជា» មានន័យថា សេចក្តី​ដឹង​ច្បាស់, រៀនមាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់, មានចំណេះ​សកល ឬ​មានចំណេះ​ផ្នែក​ណាមួយ។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​មានចំណេះដឹង គឺ​សំដៅលើ​មនុស្ស​ចេះ​ជំនាញ​ច្បាស់ ដឹង​រឿងរ៉ាវ​ច្រើន និង​ទទួលបាន​ចំណេះ​ពី​អាន​សៀវភៅ រៀនសូត្រ និង​ពីបទ​ពិ​សោ​ន​ធន៍​ការងារ​ជាដើម។ មនុស្ស​ដែលមាន​ចំណេះ និង​ដឹង​រឿងរ៉ាវ​ច្រើន​បែបនេះ មិន​ប្រាកដថា ឆ្លាសវៃ​និង​រហ័សរហួន​នៅក្នុង​ស្ថានភាព​លំបាក ឬ​អាចដឹកនាំ​គេ ឬក៏​ធ្វើ​កិច្ចការ​ណា​ដែល​ថ្មី បានល្អ​នោះទេ។
 
ចំណែក ពាក្យ«ឆ្លាត» មកពី​ពាក្យ«ឈ្លាស» មានន័យថា មាន​ប្រាជ្ញា​វាងវៃ, ប៉ិនប្រសប់, រហ័សរហួន, ដឹង​ផ្លូវ​គំនិត, ដឹង​ឧបាយកល។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​ឆ្លាត​វៃ គឺ​សំដៅលើ​មនុស្ស​ដែល​ឆាប់​ចាប់បាន ឬ​ងាយ​យល់​ពីអ្វី​ដែល​គេ​ពន្យល់ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ បត់បែន​តាម​កាលៈទេសៈ​បាន​រហ័ស ហើយ​ប៉ិនប្រសប់ និង​ស្រមៃ​ឃើញ​ដោះស្រាយភ្លាមៗនៅក្នុង​ស្ថានភាព​លំបាក។ មនុ​ស្សមានភាព​ឆ្លាត​វៃ នឹកឃើញ​អ្វីដែលថ្មីៗ ប្លែកៗបែបនេះ មិន​ប្រាកដថា ពួកគេ​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​គិតពិចារណា​ស៊ីជម្រៅ​ដល់​ឫសគល់​នៃ​បញ្ហា​នោះឡើយ។
 
រីឯ ពាក្យ«ពូកែ» មានន័យថា មាន​កម្លាំង​ច្រើន, មានចំណេះ​ស្រួចស្រាល់, ពូកែសម្តី, រៀន​ពូកែ, ប៉ិន​ធ្វើ​អ្វីមួយ។ ក្នុងន័យនេះ​គេ​អាច​បញ្ជាក់បាន​ថា មនុស្ស​ពូកែ គឺ​សំដៅលើ​មនុស្ស​ដែល​ធ្វើ​កិច្ចការ​អ្វីមួយ​បានល្អ និង​លេចធ្លោ​ជាងគេ នេះ​មកពី​ពួកគេ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ភាព​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​អ្វីមួយ ហើយ​ពួកគេ​យកចំណេះ​នោះ​ទៅ​ពិចារណា រៀបចំ​ផែនការ​សកម្មភាព រៀបចំ​យុទ្ធសាស្ត្រ​ការពារ​ហា​នី​ភ័យ។ មនុស្ស​ពូកែ​ធ្វើ​កិច្ចការ មានចំណេះ​ជ្រៅជ្រះ​បែបនេះ ក៏​មិន​ប្រាកដថា ឈ្លាសវៃ ឬ​នឹកឃើញ​ពី​ដំណោះស្រាយភ្លាមៗនោះទេ។
 
សរុបមក​មនុស្ស​មាន​ចំណេះ មិន​ប្រាកដថា ឆ្លាត, មនុស្ស​ឆ្លាត មិន​ប្រាកដថា មានចំណេះ, មនុស្ស​ឆ្លាត មិន​ប្រាកដថា ពូកែ, មនុស្ស​ពូកែ ក៏​មិន​ប្រាកដថា ឆ្លាត​ដែរ។ ប៉ុន្តែ​មនុស្ស​ពូកែ គឺជា​មនុស្ស​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ និង​ប្រើ​ភាព​ប៉ិន​ប្រស​ប់​របស់ខ្លួន​ទៅធ្វើ​ការងារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com