អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន​បង្អួត​ភាពរឹងមាំ​ដោយ​លើក​ដុំ​ដែក​ជាមួយ​នាយករដ្ឋមន្ត្រី មេ​ដ​វ៉េ​ដេ​វ
31, Aug 2015 , 2:25 pm        
រូបភាព
 វិមាន​ក្រេ​ម​ឡាំង​បាន​បញ្ចេញ​រូបភាព​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ នាំគ្នា​ហាត់ប្រាណ​នៅ​ក្លិប​ហាត់ប្រាណ​មួយ​ក្នុង​និវេសនដ្ឋាន​របស់លោក ពូ​ទីន នៅ​ទីក្រុង Sochi កាលពី​ម្សិលមិញ។ រុស្ស៊ី​បញ្ចេញ​រូបភាព​ច្រើន​សន្លឹក​របស់​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ដែល​នាំគ្នា​ហាត់ប្រាណ​កម្តៅ​សាច់ដុំ​ចុះឡើង​នេះ ទំនងជា​ចង់បង្ហាញ​ទៅកាន់​ពិភពលោក​ថា មេដឹកនាំ​ទាំង​មាំមួន សុខភាព​ល្អ និង​ខ្លាំងក្លា មិន​ត្រឹម​តែមាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​និង​ធ្វើ​នយោបាយ​ឡើយ។ 

លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



ក្នុង​ឯកសណ្ឋាន​កីឡា អាវយឺត​និង​ខោ​កីឡា​ជើងវែង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ បាននាំគ្នា​ចូល​ក្លិប​ហាត់ប្រាណ​នៅ​ទីក្រុង Sochi ដែល​ក្លិប​ហាត់ប្រាណ​នេះ​ស្ថិតនៅក្នុង​និវេសនដ្ឋាន​របស់លោក ពូ​ទីន ផ្ទាល់។

ម្សិលមិញ រូបភាព​មេដឹកនាំ​ទាំងពីរ​នាក់​ហាត់​កីឡា​ជាច្រើន​សន្លឹក ត្រូវបាន​វិមាន​ក្រេ​ម​ឡាំង​បញ្ចេញ​ជា​សាធារណ ហើយ​គេ​ក៏​ឃើញ​មានការ​ចាក់ផ្សាយ​សកម្ម​ភាព​មេដឹកនាំ​រុស្ស៊ី​ទាំងពីរ​នាក់ តាម​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី​ផងដែរ។ រូបភាព​នេះ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​ទូទាំង​ពិភពលោក​ផងដែរ។  លោក​ទាំងពីរ ប្រហែលជា​កំពុង​បង្អួត​សាច់ដុំ​និង​ភាពរឹងមាំ​របស់ខ្លួន​ទៅកាន់​បណ្តា​មេដឹកនាំ​ពិ​ភ​លោក​ផ្សេងទៀត ដែល​កម្រ​ហាត់​កីឡា។ វា​ជា​រឿង​ពិត​ដែល​អ្នក​ទាំងពីរ​មិន​ត្រឹមតែ​ជា​អ្នកនយោបាយ តែ​ជា​អ្នក​ស្រលាញ់​កីឡា​ថែមទៀត។ 
 
ក្នុង​វីដេអូ​ថត​ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី មេដឹកនាំ​ទាំងពីរ​នាំគ្នា​ហាត់​កម្តៅ​សាច់ដុំ​ជាមុន​ដោយ​ប្រើប្រាស់​ឧបករណ៍​ហាត់ប្រាណ​ច្រើន​ប្រភេទ មុននឹង​ចាប់ផ្តើម​លើក​ដុំ​ដែក​ទម្ងន់ធ្ងន់។ មិនមាន​ការជជែក​គ្នា​ពី​បញ្ហានយោបាយ​ឡើយ ហើយ​លោក​ទាំងពីរ​ត្រឹមតែ​ជជែក​គ្នា​និង​ចែករំលែក​បទពិសោធន៍​និង​របៀប​នៃ​ការហាត់​ប្រាណ​ដើម្បី​បង្កើន​ភាព​មាំមួន និង​សុខភាព​របស់ខ្លួន​តែប៉ុណ្ណោះ។ លោក ពូ​ទីន បច្ចុប្បន្ននេះ​មាន​វ័យ៦២ឆ្នាំ ប៉ុន្តែ​លោក​មាន​សុខភាព​ល្អ និង​រឹងមាំ​ខ្លាំង​មែនទែន ដោយសារតែ​លោក​ធ្លាប់​ហាត់​កីឡា​តាំងពីក្មេង​មក។  ក្រោយ​ហាត់​ចប់​ហើយ លោក​ឈរ​ចាំមើល​នាយករដ្ឋមន្ត្រី មេ​ដ​វ៉េ​ដេ​វ ហាត់​វិញ​ម្តង ដោយ​លោក​ចាំ​រៀបរាប់​ប្រាប់​ពី​របៀប​ហាត់ និង​លើក​ដុំ​ដែក​ផងដែរ។ 
 
ក្រោយ​ហាត់ប្រាណ​បញ្ចេញ​ញើស​រួចរាល់​ហើយ មេដឹកនាំ​ទាំងពីរ​នាំគ្នា​អាំង​សាច់​ដោយ​ខ្លួនឯង​ដើម្បី​បរិភោគ ប៉ះប៉ូវ​កម្លាំង​ដែល​ចំណាយ​ក្នុងការ​ហាត់ប្រាណ​អស់​ជាច្រើន​ម៉ោង​នោះ។ នេះ​អាចជា​លើកដំបូង​ហើយ ដែល​លោកពូ​ទីន ទៅ​ហាត់ប្រាណ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី មេ​ដ​វ៉េ​ដេ​វ ព្រោះ​លើកមុនៗ គេ​ឃើញ​លោក​ចេញទៅ​ក្រៅ​ហាត់​កីឡា ឬ​ចេញ​ផ្សងព្រេង​ម្នាក់ឯង​ប៉ុណ្ណោះ។ 
 
 ការហាត់​កីឡា​វា​អាចជា​ទម្លាប់​ទៅហើយ​សម្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ ដ្បិតថា​លោក ពូ​ទីន ជា​ម្ចាស់​ខ្សែក្រវ៉ាត់​ខ្មៅ Judo  ហើយ​លោក​ក៏​ធ្លាប់​ចេញ​ផ្សងព្រេង​បាញ់​សត្វ​ខ្លា​ដើម្បី​សង្គ្រោះ​មនុស្ស ធ្លាប់​បើក​យន្តហោះ ជិះសេះ ជិះឡាន​ប្រណាំង និង​ចុងក្រោយ​គេ​ឃើញ​លោក​ឡើង​ជិះ​នាវាមុជទឹក​ធុន​តូច​ចុះក្រោម​សមុទ្រ​ថែមទៀត​ផង។ រឿង​អស្ចារ្យ​មួយទៀត កាលពី​ឆ្នាំ ២០១០ លោក ពូ​ទីន បានចេញ​បើកឡាន​ប្រណាំង​នៅ​ទីលានប្រណាំង​រថយន្ត​នាទី​ក្រុង St Petersburg ដើម្បី​សាទរ​រុស្ស៊ី​ដែល​ឈ្នះ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រណាំង​រថយន្ត Formula 1 ក្នុង​ឆ្នាំ ២០១៤ ។

លោក ពូ​ទីន ហ៊ាន​បើករថយន្ត​ប្រណាំង​ក្នុង​ល្បឿ​ង ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​នៅពេលនោះ។ រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​កាលពីថ្មីៗនេះ​ទៀត​គឺ លោក​បាន​ជិះ​នាវាមុជទឹក​ទៅ​មើល​បំណែក​នាវា​ដែល​នៅ​សេសសល់​តាំងពី​សម័យកាល​ចក្រភព​រ៉ូ​ម៉ាំង Byzantine នៅ​សតវត្ស​ទី១០ ដែល​នៅ​សេសសល់​នៅក្រោម​សមុទ្រ​ខ្មៅ​ក្បែរ​ឧបទ្វីប Crimea។ 
 
ប្រជាប្រិយភាព​របស់លោក ពូ​ទីន កើនឡើង​ខ្ពស់​ក្នុងសង្គម​រុស្ស៊ី ក្រោយ​សម្រេច​ជោគជ័យ​ដណ្តើមយក​ឧបទ្វីប Crimea ពី​អ៊ុយ​ក្រែ​ន​មកវិញ​កាលពី​ដើមខែ​មិនា​ឆ្នាំ​មុននេះ។ ឆ្នាំមុន របាយការណ៍​ស្ទង់​មតិ​បង្ហាញថា ប្រជាជន​រុស្ស៊ី​ប្រហែល៨០ភាគរយ​គាំទ្រ​លោក ពូ​ទីន ហើយ​មកទល់​ខែសីហា​នេះ​ភាគរយ​នេះ​ថយចុះ​បន្តិចបន្តួច​មក​ត្រឹម៧២ភាគរយ។  ប្រជាជន​រុស្ស៊ី​សាទរ​គោលនយោបាយ​រប​ស់​របប​ដឹកនាំ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដែល​អាច​នាំ Crimea ត្រលប់មក​រុស្ស៊ី​វិញ។ យ៉ាងណាមិញ ដំណើរ​ផ្សេង​ព្រេង​ជិះ​នាវាមុជទឹក​របស់លោក ពូ​ទីន ចុះក្រោម​សមុទ្រ​ដើម្បី​ទៅ​មើល​វត្ថុ​បុរាណ​ក្បែរ​កំពង់ផែ Sevastopol នោះ​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​គៀវ​ផងដែរ។ លោក Petro Poroshenko បាន​ចេញមុខ​រិះគន់​លោក ពូ​ទីន ដែល​ហ៊ាន​ទៅ​ទស្សនកិច្ច​នៅ Crimea ដោយ​លោក​អះអាងថា​ទង្វើ​នេះ​ធ្វើ​ឲ្យ​ជម្លោះ​ភាគ​ខាងកើត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង៕  
 
វីដេអូ៖ 






 

Tag:
 ពូ​ទីន
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com