កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ នឹង​ពិចារណា​លើ​សំណើ​ដាក់​ប​ញ្ជូ​ល​កីឡា​ល្បុក្កតោ ក្នុង​កម្មវិធី​សិក្សា​
05, Sep 2015 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិចារណា​លើ​សំណើ​ដាក់​ប​ញ្ជូ​ល​កីឡា​ល្បុក្កតោ ក្នុង​កម្មវិធីសិក្សា​ថា្នក់​វិទ្យាល័យ សម្រាប់​យុវជន​ក្រោយ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។ លោក សាន គឹមស៊ាន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា យល់ថា ការដាក់​ប​ញ្ជូ​ល​កីឡា​ល្បុក្កតោ​ក្នុង​កម្មវិធី​អប់រំ គឺជា​រឿង​ល្អ​មួយ ដែល​អាច​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ជួយ​ផ្សព្វផ្សាយ​នឹង​ការពារ​អត្តសញ្ញាណ​ជាតិ។


 
អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ប៊ូ ជុំ​សេរី បាន​បញ្ជាក់ថា ក្រសួង​អប់រំ​នឹង​ពិភាក្សាគ្នា​ដើម្បី​ពិចារណា​លើ សំណើរបស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​ដាក់បញ្ចូល​កីឡា​ល្បុក្កតោ ក្នុង​កម្មវិធីសិក្សា​នៃ​ថ្នាក់​វិទ្យាល័យ ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ជួយ​ថែរក្សា​វប្បធម៌​និង​មរតក​ក្បាច់គុន​បុរាណ​មួយ​នេះ។ តែ​យ៉ាងណា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ មិនទាន់​អាច​បញ្ជាក់​ពី​ការសម្រេច​នេះ​នៅពេលណា​ឡើយ។« ខ្ញុំ​បានឃើញ​សហព័ន្ធ​បានស្នើ​ខ្ញុំ ប៉ុន្ដែ​មិនទាន់បាន​ពិនិត្យ​ពិចារណា​គ្នា​នៅឡើយ​ទេ​ណា ចាំ​ទាល់តែ​យើង​ធ្វើ​ការប្រជុំ​ពិភាក្សាគ្នា​សិន។បើសិនជា​យើង​ដាក់​ប​ញ្ជូ​ល យើង​នឹងដាក់​ចូលក្នុង​កម្មវិធី​អប់រំ ក្នុង​ម៉ោង​កីឡា»។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ូ ជុំ​សេរី ដែល​ទទួលស្គាល់ថា កីឡា​ល្បុក្កតោ​កំពុង​រីកចម្រើន។
 
លោក សាន គឹមស៊ាន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា ដែលជា​ស្ថា​និក​ក្នុង​ការរៀបចំ​ក្បាច់គុន​ល្បុក្កតោ ឲ្យ​មានការ​រីកចម្រើន​នាពេល​បច្ចុប្បន្ននេះ យល់ថា ការដាក់បញ្ចូល​កីឡា​ល្បុក្កតោ​ចូលក្នុង​កម្មវិធី​អប់រំ គឺជា​រឿង​ល្អ​មួយ ព្រោះ​ការដាក់​កីឡា​ល្បុក្កតោ​ក្នុង​កម្មវិធី​អប់រំ​នេះ គឺអាច​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់ បានដឹង​កាន់តែច្បាស់ ជាពិសេស​ជួយ​ផ្សព្វផ្សាយ​នឹង​ការពារ​អត្តសញ្ញាណ​ជាតិ​ផង។ លោក សាន គឹមស៊ាន ជឿជាក់ថា បើសិនជា​ដាក់បញ្ចូល​កីឡា​ល្បុក្កតោ​ចូលក្នុង​កម្មវិធី​អប់រំ​មែន​នោះ កីឡា​ល្បុក្កតោ​នេះ​គឺ​មិនអាច​បាត់បង់​នោះឡើយ ។

ហើយ​លោក សន្យាថា នឹង​ខិតខំ​រៀបចំ​ឯកសារ​ល្បុក្កតោ​បន្ថែមទៀត ដើម្បី​ទុក​ឲ្យ​យុវជន​ជំនាន់​ថែរក្សា​មរតក​ដូនតា​មួយ​នេះ។ ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ ដែល​តែងតែ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​កេ​មរតក​ល្បុក្កតោ​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ៖«ដើម្បី​ថែរក្សា​មរតក​ល្បុក្កតោ​នេះ​បាន ខ្ញុំ​ជឿជាក់១០០ភាគរយ គឺមាន​តែ​ដា​ក់ប​ញ្ជូ​ល​ក្នុង​កម្មវិធី​អប់រំ​ទេ ព្រោះ​មានតែ​យុ​ជន​ដែល​អាច​ស្នង​កេ​មរតក​ដូនតា​នេះ។ ហើយ​នៅពេលដែល​ពួកគេ​ទទួល​យល់ដឹង​ពី​កីឡា​ល្បុកតោ​នេះ ពួកគេ​នឹង​អាច​ការពារ​អត្តសញ្ញាណ​ជាតិ​មួយ​នេះ នឹង​អាច​ផ្សព្វផ្សាយ​កីឡា​ល្បុក្កតោ​នៅ​ទូទាំង​ពិភព​ថា​ជា​របស់​ដូនតា​ខ្មែរ»។
 
កន្លងមក​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ផ្តួច​ផ្តើមគំនិត​ដើម្បី​នាំយក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទៅ​បង្ហាត់​នៅក្នុង​ជួរ​កងទ័ព។ ហើយ​នៅពេលនេះ​លោក​កំពុងធ្វើការ​ងារ​នេះ​ជាមួយ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​ហ្វឹកហាត់។
 
រដ្ឋាភិបាល​កំពុង​រៀប​ចំ​ចងក្រង​ឯកសារ​កីឡា​ល្បុក្កតោ​នេះ ដើម្បី​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ដែរ ។ លើសពីនេះ​រដ្ឋាភិបាល​ក៏​នឹងដាក់​បញ្ចូល​កីឡា​ល្បុក្កតោ​នេះ នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ខាងមុខ ជា​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នេះ។
 

Tag:
 ក្រសួង​អប់រំ
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com