ជាតិ
មូលហេតុសំខាន់ៗដែលនាំឱ្យ​បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ​កម្ពុជា
08, Sep 2015 , 8:39 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ បើទោះបីជា​វិស័យ​សុខាភិបាល​របស់​កម្ពុជា មានការ​រីកចម្រើន​ជាង​មុន​ហើយ​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ភាគច្រើន នៅតែ​មិនទាន់មាន​ជំនឿ​លើ​គ្រូពេទ្យ​និង​មន្ទីរពេទ្យ​កម្ពុជា​ដែរ។ សមត្ថភាព​និង​បទពិសោធ​របស់​គ្រូពេទ្យ​នៅមាន​ក្រិត, សម្ភារៈ​បរិក្ខា​ពេទ្យ​មិនទាន់​ទំនើប ថ្នាំពេទ្យ​មិនទាន់មាន​គុណភាព​ខ្ពស់ ជាពិសេស ភាព​អសីលធម៌ អំពើពុករលួយ ការរើសអើង ការគ្រប់គ្រង​មិនបាន​ល្អ និង ចំណុច​អវិជ្ជា​មាន​មួយចំនួនទៀត ត្រូវបាន​គេ​លើកឡើងថា ជា​កត្តា​មូលដ្ឋាន​ដែលនាំឱ្យ​មានការ​បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ មន្ទីរពេទ្យ ឬ វិស័យ​សុខាភិបាល​របស់​កម្ពុជា​ទាំង​រដ្ឋ​និង​ឯកជន។

 
យោងតាម​ការសង្កេត​តថភាព​និង​បទពិសោធ​ជាក់ស្ដែង​ទាក់ទង​នឹង​វិស័យនេះ មហាជន​បាន​មើលឃើញថា មូលហេតុ​ដែលនាំឱ្យ​បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ ឬ មន្ទីរពេទ្យ​រដ្ឋ មាន​ដូចខាងក្រោម៖
 
1. គ្រូពេទ្យ​ឬ​ក​ធំ​មិន​ចង់​និយាយ​ជាមួយ​អ្នកជំងឺ ឬ សាច់​ញាត​ដែល​មក​ថែ​ទាំង​អ្នកជំងឺ
 
2. ពាក្យសម្ដី​របស់​គ្រូពេទ្យ ឬ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា គំរោះគំរើយ គ្រោតគ្រាត
 
3. មានការ​រើសអើង​លើ​អ្នកជំងឺ ដោយ​យកចិត្តទុកដាក់​លើ​អ្នកជំងឺ​ដែលមាន​លុយ​និង​អ្នកធំ ជាជាង​អ្នកជំងឺ ដែលជា​អ្នកតូច​និង​អ្នកក្រ
 
4. យកលុយ​ក្រៅច្បាប់​បន្ថែម​លើ​លុយ​ស្របច្បាប់៖ បើទោះបីជា​អ្នកជំងឺ​បាន​បង់លុយ​ឱ្យ​ថ្លៃ​សេវា​ហើយក៏​ដោយ ក៏​អ្នកជំងឺ ឬ សាច់​ញាត​អ្នកជំងឺ បានផ្ដល់​លុយ​បន្ថែ​ទៀ​តម​តាម​ទម្លាប់ ដើម្បី​ទិញ​ទឹកចិត្ត​គ្រូពេទ្យ ឬ​គិលានុបដ្ឋាក/គិលានុបដ្ឋាយិការ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការព្យាបាល​ជំងឺ​របស់ខ្លួន។ 
 
5. ចំពោះ​សេវា​សុខាភិបាល​ឥត​បង់ប្រាក់ ឬ បង់ប្រាក់​តិចតួច​នៅតាម​ម​មន្ទីរពេទ្យ​រដ្ឋ គ្រូពេទ្យ​មិនសូវ​យកចិត្តទុកដាក់​នឹង​អ្នកជំងឺ​ទេ ឯ​ថ្នាំ​ដែល​យកមក​ព្យាបាល​ក៏​មិនសូវ​ស្រប​នឹង​ស្ថានភាព​ជម្ងឺ​របស់​អ្នកជំងឺ​ដែរ បើ​និយាយឱ្យចំ​ទៅ អ្នកជំងឺ​ដែលមាន​ស្ថានភាព​ស្រាល អាចជា​បាន ប៉ុន្តែ ចំពោះ​អ្នកជំងឺ​ដែលមាន​ស្ថានភាព​ធ្ងន់​វិញ មិន​អាចជា​បានឡើយ ពួកគេ​រង់ចាំតែ​ថ្ងៃ​ស្លាប់​តែប៉ុណ្ណោះ។   
 
6. ពេលខ្លះ​មន្ត្រី​មន្ទីរពេទ្យ​គោរព​ច្បាប់​រឹង​ស្ដូក ដោយ​មិន​គិតពី​តម្លៃ​មនុស្ស ឬ សីលធម៌​ឡើយ ជាក់ស្ដែង ពេលដែល​អ្នកជំងឺ ឬ អ្នករបួស ដែល​គ្មាន​លុយ​ឬ​គ្មាន​សាច់​ញាត​មកជា​មួយ ដើម្បី​បំពេញបែបបទ​ចូល​សម្រាក​ពេទ្យ ឬ​គ្មាន​លុយ​បង់ ពួកគេ​ត្រូវបាន​ទុកចោល ឬ គ្រាន់តែ​បន្តោង​សេរ៉ូម​ចោល ដោយ​មិនមាន​ការព្យាបាល​ឱ្យទាន់ពេល​និង​សម​ស្របតាម​ស្ថានភាព​ជំងឺ​ឡើយ។
 
7. សមត្ថភាព​គ្រូពេទ្យ​នៅមានកម្រិត, ឧបករណ៍​និង​បរិក្ខា​ពេទ្យ​ពេទ្យ​មាន​កម្រិត និង គ្មាន​គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា​គ្រប់គ្រាន់​សម្រាប់​ថែ​ទាំង​អ្នកជំងឺ​ជាប្រចាំ ដូច​នៅ​ប្រទេស វៀតណាម ឬ ប្រទេស​ដទៃ ហើយ​បែរជា​អនុញ្ញាតឱ្យ​សាច់ញាតិ​របស់​អ្នកជំងឺ​ដែល​គ្មាន​ជំនាញ​និង​បទពិសោធ​ខាង​សេវា​ថែទាំ​អ្នកជំងឺ ទៅ​ថែ​ទាំង​អ្នកជំងឺ​ដោយផ្ទាល់​ទៅវិញ ម្ល៉ោះហើយ នាំឱ្យ​អ្នកជំងឺ​មិន​ងាយ​ជាសះស្បើយ ឬ អាច​គ្រោះថ្នាក់​កាន់តែ​ធ្ងន់​ជាង​មុន ជាយថាហេតុ។  
 
ចំពោះ​គ្រូពេទ្យ ឬ មន្ទីរពេទ្យ​ឯកជន​វិញ មូល​ហេតុដែល​នាំឱ្យមាន​ការបាត់បង់​ជំនឿ​លើ​គ្រូពេទ្យ ឬ មន្ទីរពេទ្យ មាន​លក្ខណៈ​ប្រហាក់​ហែល​គ្នា​ទៅនឹង​គ្រូពេទ្យ ឬ មន្ទីរពេទ្យ​រដ្ឋ​ដែរ ពីព្រោះ គ្រូពេទ្យ​ស្ទើរតែ​ទាំងអស់​ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​ឯកជន ក៏​ជា​គ្រូពេទ្យ​ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែរ។ លើសពីនេះ មន្ទីរពេទ្យ​ឯកជន ត្រូវបាន​គេ​មើលឃើញថា មាន​លក្ខណៈ​អវិជ្ជា​មាន​ដោយឡែក​របស់ខ្លួន ដូចខាងក្រោម៖
 
1. យក​តម្លៃ​ព្យាបាល​ខ្ពស់​កក់​ពពក ឬ​ហៅថា កោរមិនដាក់ទឹក ឬ​កាប់ឆៅ
 
2. មន្ទីរពេទ្យ​ខ្លះ គ្រូពេទ្យ​មាន​ចំនួន​តិច ឯ​សមត្ថភាព បទពិសោធ និង ជំនាញ​មិន​ក៏​គ្រប់គ្រាន់​ដែរ ម្ល៉ោះហើយ ក្នុងពេល​ព្យាបាល​តែងតែ​ជួប​បញ្ហា​ជាច្រើន។ ក្នុង​ករណីខ្លះ បើទោះបីជា​ជួប​បញ្ហា​ដោះស្រាយ​មិនបាន​ក៏ដោយ ក៏​ពួកគេ​មិន​ចង់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​មន្ទីរ​ណាមួយ ដែលមាន​សមត្ថភាព​អាច​សង្គ្រោះ​ជីវិត​អ្នកជំងឺ​បានដែរ ពីព្រោះ​ពួកគេ​ខ្លាច​ខូច​ឈ្មោះ​មន្ទីរពេទ្យ​របស់ខ្លួន ឬ​ពិបាក​បែងចែក​ផលប្រយោជន៍។ 
 
3. ឧបករណ៍ និង បរិក្ខា​ពេទ្យ​ពេទ្យ​មាន​កម្រិត ករណីខ្លះ អន់​ជាង​មន្ទីរពេទ្យ​រដ្ឋ​ទៅទៀត
 
4. អគារ​មន្ទីរពេទ្យ បន្ទប់​សម្រាក បន្ទប់វះកាត់...និង បរិស្ថាន​មន្ទីរពេទ្យ​មិន​សមស្រប​សម្រាប​ស់​សុខុមាល​ភាព​របស់​អ្នកជំងឺ និង​អ្នក​ពាក់​ពន្ធ​ឡើយ។
 
5. ករណីខ្លះ ការពិគ្រោះ​ជំងឺ មានការ​បំភ័យ​អ្នកជំងឺ​ឱ្យ​ព្យាបាល​ជំងឺ​ច្រើន​មុខ ឬ ផ្ដល់យោបល់​បែប​បញ្ចុះបញ្ចូល​ឱ្យ​អ្នកជំងឺ​ព្យាបាល​ដោយ​វះកាត់​ក្នុងករណី​មិនចាំបាច់ ឬ នៅពេល​ដែលមាន​ជម្រើស​ផ្សេង​ក្នុងការ​ព្យាបាល ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​មួយ​មុខ​គត់។
 
ទន្ទឹមនឹង​ចំណុច​អវិជ្ជមាន​ដែល​គ្រូពេទ្យ​និង​មន្ទីរ​កម្ពុ​ជាមាន ដែល​បានធ្វើឱ្យ​មានការ​បាត់បង់​ជំនឿ​ពី​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នោះ ការដណ្ដើម​ទីផ្សារ​របស់​បរទេស​លើ​វិស័យ​សុខាភិបាល​និង​វិស័យផ្សេងៗក៏​កំពុង​កើនឡើង​ដែរ ក្នុងនោះ​ក៏​អាចមាន​ការឃោសនា​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​ឱ្យទៅ​ព្យា​ល​នៅ​បរទេស​ដែរ។ ក្រៅពីនេះ ការគ្រប់គ្រង​វិស័យ​សុខាភិបាល​មិនបាន​ល្អប្រសើរ ដែល​បណ្ដាលមកពី បក្សពួកនិយម ការជាប់​ពាក់​ពន្ធ​នឹង​ផលប្រយោជន៍ អំពើពុករលួយ ការធ្វេសប្រហែស និង អសមត្ថភាព​របស់​អ្នកដឹកនាំ ជាដើម ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឬ​សគល់​ដ៏​សំខាន់​ក្នុងការ​បណ្ដោយឱ្យ​ចំណុច​អវិជ្ជមាន​របស់​គ្រូពេទ្យ​និង​មន្ទីរ ក៏ដូចជា ការបាត់បង់​ជំនឿ​ពី​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា បន្ត​មាន​អត្ថិភាព​រហូតមកដល់​សព្វថ្ងៃ។  
 
ការលើកឡើង​នូវ​ចំណុច​អវិជ្ជមាន​របស់​គ្រូពេទ្យ មន្ទីរពេទ្យ ឬ វិស័យ​សុខាភិបាល​របស់​កម្ពុជា មក​បង្ហាញ​នេះ មិន​មានន័យថា គ្រូពេទ្យ​ខ្មែរ និង មន្ទីរពេទ្យ​របស់​កម្ពុ​ជា​ទាំងអស់ សុទ្ធតែ​មិនគួរ​ជឿជាក់​បាន​នោះទេ ប៉ុន្តែ គ្រាន់តែ​ចង់បង្ហាញ​ថា នេះ​ជា​អ្វីដែល​សង្គម​ខ្មែរ​បាន​ជួបប្រទះ ហើយ​វា​ក៏មាន​ភស្តុ​ង​តាង​មួយចំនួន​ដែល​គួរឱ្យ​ជឿ​បាន ដូចជា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម ថៃ និង សិង្ហ​បុរី ជាពិសេស ចំពោះ​អ្នកមាន​លុយ អ្នកធំ និង សូម​ម្បី​តែ គ្រូពេទ្យ ឬ​សាច់​ញាត​របស់​គ្រូពេទ្យ​ខ្លួនឯង ក៏​ទៅ​ព្យាបាល​នៅ​ប្រទេស​ទាំង​នោះដែរ ពេលដែល​ពួកគេ​មាន​ជំងឺ។ មានតែ​អ្នក​គ្មាន​លទ្ធភាព និង អ្នកក្រ​ទេ ដែល​ស្វែងរក​សេវា​ព្យាបាល​នៅ​ស្រុក​ខ្មែរ។
 
តាមពិតទៅ រហូតមកដល់​សព្វថ្ងៃ ថ្វីបើ​នៅមាន​គ្រូពេទ្យ​មួយ​ចំ​មួន មាន​សមត្ថភាព​និង​បទពិសោធ​ទាប ប៉ុន្តែ យើង​ក៏បាន​មើលឃើញថា មាន​គ្រូពេទ្យ​មួយចំនួន​ផ្សេងទៀត​មាន​សមត្ថភាព​និង​បទពិសោធ​ខ្ពស់​ដែរ។ ចំណែកឯ​ឧបករណ៍​និង​បរិក្ខា​ពេទ្យ​វិញ ក៏មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ឆ្ងាយ​ដែរ។ អ្វីដែល​យើង​កំពុង​ប្រឈម​ខ្លាំង​នោះ គឺ​បញ្ហា​សី​ធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ការឱ្យ​តម្លៃ​ប្រាក់​ធំ​ជាង​តម្លៃ​មនុស្ស អំពើពុករលួយ និង ការគ្រប់គ្រង​វិស័យ​សុខាភិបាល​មិនបាន​ល្អប្រសើរ។ 
 
ជា​ដំណោះស្រាយ យើង​ត្រូវ​ពង្រឹងសមត្ថភាព​គ្រូពេទ្យ ចាប់តាំងពី​ការ​រឹតបន្តឹង​ការប្រលង​ចូលរៀន ការរៀន​និង​ការបង្រៀន ការចុះ​កម្មសិក្សា និង ការប្រលង​ចេញ ជាដើម។ លើសពីនេះ​ទៀត ត្រូវ​លុបបំបាត់​អំពើពុករលួយ រឹតបន្តឹង​ការបណ្ដុះបណ្ដាល​និង​ការប្រតិបត្តិ​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ ការបង្កើន ឧបករណ៍ បរិក្ខា​ពេទ្យ រួមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ ក៏ដូចជា ការគ្រប់គ្រង​វិស័យ​សុខាភិបាល ដើម្បី​បង្កើន​សេវា​ថែទាំ ការយកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ គុណភាព​នៃ​ការព្យាបាល ការយកចិត្តទុកដាក់​នឹង​សុខមាលភាព​សាធារណៈ ដើម្បី​ស្ដារ​ឡើង​វិ​នូវ​ញ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​វិល​មករក​សេវា​ព្យាបាល​របស់​គ្រូពេទ្យ​ខ្មែរ និង មន្ទីរពេទ្យ​កម្ពុជា​វិញ៕    
 

© រក្សាសិទ្ធិដោយ thmeythmey.com