អន្តរជាតិ
វាសនា​ជនភៀសខ្លួន​ក្លាយជា​យ៉ាងណា បើ​អឺរ៉ុប​ដាក់​របងលួស​ពេញ​ព្រំដែន?
17, Sep 2015 , 7:39 pm        
រូបភាព
វិបត្តិ​ជនភៀសខ្លួន​ហាក់ដូច​ជាមាន​ភាព​ធូរស្រាល​ក្នុង​រយៈពេល​ខ្លី ក្រោយពី​ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន បានប្រកាស​ទទួលយក​និង​ផ្តល់​សិទ្ធិ​ជ្រកកោន។ យ៉ាងណាមិញ​វិបត្តិ​នេះ បាន​ផ្ទុះ​សារជាថ្មី និង កំពុង​ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​ក្រោយពី​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប បាន​បរាជ័យ​ក្នុងការ​អនុម័ត​លើ​កិច្ច ព្រមព្រៀង​ដើម្បី​ជួយ​សម្រាល​បន្ទុក​គ្នា​ក្នុង​ការទទួល​ជនភៀសខ្លួន។ ពេលនេះ ជនភៀសខ្លួន កំពុង​ឈរ កកស្ទះ​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​អឺរ៉ុប​មួយចំនួន ដ្បិត​ព្រំដែន​ដែល​ធ្លាប់តែ​ចូល​ដោយ​សេរី ត្រូវបាន​ឡោម​ព​ទ្ធ័​ទៅដោយ​បន្លា​លួស​ជ្រោង​ច្រោះ។ ជាពិសេស​នោះ រដ្ឋ​នៅ​សហភាព​អឺរ៉ុប កំពុងតែ​រុញច្រាន​គ្នា​ទទួលយក​ជនភៀសខ្លួន​ទៅវិញទៅមក។

 

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
មកទល់​ពីនេះ ច្រកព្រំដែន​ប្រទេស​អឺរ៉ុប​មួយចំនួន​កំពុងតែ​កកស្ទះ​ដោយសារ​តែមាន​ជនភៀសខ្លួន ជាច្រើន​កំពុងតែ​ព្យាយាម​លួច​ចូលទៅក្នុង​តំបន​អឺរ៉ុប ដែល​បច្ចុប្បន្ន​កំពុងតែ​ដាក់​បន្លា​លួស​ពាសពេញ ព្រំដែន។ ក្នុងនោះ ហុង​គ្រី បានចាប់ផ្តើម​មុនគេ​ក្នុងការ​បង្កើត​ច្បាប់​ថ្មី និង​ថែមទាំង​ប្រកាស​តំបន់​ដែលមាន​ជនភៀសខ្លួន​ច្រើន​ក្នុង​ភាពអាសន្ន ដើម្បី​រឹតត្បិត​ទៅលើ​ជនភៀសខ្លួន​និង ជាពិសេស​ដើម្បី​កាត់ទោស​ទៅលើ​ជនភៀសខ្លួន​ដែល​ចូល​ប្រទេស​ហុង​គ្រី​ដោយ​ខុសច្បាប់។ 
 
១. តើ​លំហូរ​ជន​ភៀស​មកពីណា​ច្រើន​ម្ល៉េះ?
បញ្ហា​ជនភៀសខ្លួន មិនមែន​ទើប​កើតឡើង​កាលពីពេលថ្មីៗនេះ​ទេ តែ​វា​បាន​កើតឡើង​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោលគឺ​វា​បាន​ផ្តើម​នៅពេលដែល​ប្រទេស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា មួយចំនួន​បាន ធ្លាក់​ចូលក្នុង​សង្គ្រាម​ហើយ​បង្កើត​ឲ្យ​មាន​សង្គ្រាមស៊ីវិល​ក្នុងស្រុក។ ចុងក្រោយ​ប្រជាជន​ក្នុង​តំបន់​ត្រូវ ផ្សងព្រេង​ដើម្បី​ស្វែងរក​ទី​សម្រាប់​ជ្រកកោន។ ប្រជាជន​ជាច្រើន​បាន​ស្លាប់​តាម​ទូក​នៅក្នុង សមុទ្រ មី​ឌី​ទែ​រ៉ា​ណេ ហើយ​អ្នក​មានជីវិត អាច​បន្តដំណើរ​មកកាន់​អឺរ៉ុប​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន។  យោងតាម របាយការណ៍​របស់​ភា្ន​ក់​ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) ជនភៀសខ្លួន ដែល​កំពុង មកកាន់​អឺរ៉ុប​ភាគច្រើន​គឺ​មកពី​តំបន់​សង្គ្រាម​ដែល​រួមមាន​ស៊ី​រី អឺ​រ៉ា​ក់ និង អា​ហ្វ​ហ្គា​នី​ស្ថាន។ 
 
២. សហភាព​អឺរ៉ុប​មាន​យន្តការ​អ្វី​លើ​វិបត្តិ​ជនភៀសខ្លួន?
តាមពិតទៅ​សភាព​អឺរ៉ុប មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ​នៅពេលដែល​ឃើញ​មាន​ជនភៀសខ្លួន រាប់ម៉ឺន​នាក់ បាននាំគ្នា​សម្រុកចូល​ទៅកាន់​តំបន់​អឺរ៉ុប​នោះ។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ខែ​មុននេះ សហភាព​អឺរ៉ុប បានអនុម័ត​លើ​បទបញ្ញត្តិ​មួយ​ដោយ​បញ្ឈប់​នូវ​ទូក​ដែល​ដឹក​ជនភៀសខ្លួន និង​បញ្ជូន ពួកគេ​ទៅកាន់​ប្រភពដើម​វិញទៀត។ ជាពិសេស​នោះ សហភាព​អឺរ៉ុប បាន​ចាត់វិធានការ​ដើម្បី​តា​មក​ម្ចេ​ច​ទូក​ដែល​ដឹក​ជនភៀសខ្លួន​ផងដែរ។ យ៉ាងណាក៏ដោយ ក្រោយពី​វិបត្តិ​ជនភៀសខ្លួន​បាន​ផ្ទុះឡើង​ខ្លាំង​ជាថ្មី​កាលពី​ចុងខែ​សីហា និង ដើមខែ​កញ្ញា​នេះ សហភាព​អឺរ៉ុប បាន​រង​នូវ​ការរិះគន់ និង បន្ទោស ច្រើន​ពី​សហគមន៍​អន្តរជាតិ។ ហើយ ចង់ ឬ មិន​ចង់ បណ្តុំ​នៃ​ប្រទេស​អ្នកមាន​ទាំង២៨ ត្រូវតែ​បង្ខំចិត្ត ដើម្បី​ទទួលយក​ជនភៀសខ្លួន ព្រោះនេះ​ជា​កាតព្វកិច្ច​អន្តរជាតិ។ យោងតាម UNCHR ប្រទេស​អឺរ៉ុប​ប្រាំ​ដែល​បានទទួល​ជនភៀសខ្លួន​ច្រើនជាងគេ​រួមមាន អា​ល្លឹ​ម៉​ង់ បារាំង អង់គ្លេស អ៊ីតាលី និង ស៊ុយអែត។ 
 
៣. សហភាព​អឺរ៉ុប​ចាប់ផ្តើម​រង្គោះរ​ង្គឺ ក្រោយ​បរាជ័យ​លើ​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន 
ដើម្បី​ជា​ការជួយ​សម្រាល​បន្ទុក​លើ​ការទទួលយក​ជនភៀសខ្លួន រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប បាន​បើក​កិច្ច ប្រជុំ​ដើម្បី​កំណត់​កូតា​ជន​ភៀស​ប្រមាណ១២០០០០នាក់ ដែល​បាន​មកដល់​អ៊ីតាលី ក្រិ​ក និង ហុង​គ្រី កាលពី​ថ្ងៃ​ច​ន្ទ័​កន្លងទៅនេះ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​នោះ បាន​បរាជ័យ ពីព្រោះ​មានការ​ជំទាស់​ពី​រដ្ឋ​មួយចំនួន​រួមមាន ហុង​គ្រី សាធារណៈរដ្ឋ​ឆែក ស្លូ​វ៉ា​គី និង ប៉ូឡូញ។ ក្តី​ព្រួយបារម្ភ​របស់​រដ្ឋ​ទាំងនេះ គឺ​ពួកគេ​នឹងត្រូវ​ចង់ភ្ជាប់​កាតព្វកិច្ច​នៃ​ការកំណត់​កូតា​ជន​ភៀស​ដែល​អាច​លើសពី​លទ្ធភាព​ដែល​គេ​អាចធ្វើ​បាន។ ជា​លទ្ធផល ហុង​គ្រី បានចាប់ផ្តើម​មុនគេ​ក្នុងការ​បង្កើត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី រឹតត្បិត ទៅលើ​ជនភៀសខ្លួន​ដោយ​ដាក់ពន្ធនាគារ និង ចាប់បញ្ជូន​ទៅវិញ​ចំពោះ​ជនភៀសខ្លួន។ កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​តាម​ព្រំដែន​ដែល​តែងតែ​ចេញចូល​ដោយ​សេរី ត្រូវបាន​បំពាក់​ទៅដោយ​បន្លា​លួស​ជាច្រើន។ លើសពីនេះទៅទៀត ប៉ូលីស​ហុង​គ្រី បានចាប់ផ្តើម​ប្រើ​ផ្សែង​ឧស្ម័ន និង បាញ់​ទឹក​ទៅលើ​ជនភៀសខ្លួន​ដើម្បី​ឲ្យ​ចាក​ចេញពី​តំបន់​ព្រំដែន។ 
 
ក្នុងនោះ ហុង​គ្រី ក៏បាន​បិទ​ព្រំដែន​ជាប់​នឹង​សើ​ប​ប៊ី​ផងដែរ ហើយ​ថែមទាំង​បញ្ជាក់​ទៅកាន់​ក្រុម​ជនភៀសខ្លួន​ទាំងនោះ ថា​គួរតែ​ទៅ​រស់នៅក្នុង​ប្រទេស​សើ​ប​ប៊ី​ដែលមាន​សន្តិសុខ​ពេញលេញ​សម្រាប់​ពួកគេ។ ជុំវិញ​បញ្ហា​នេះ ប៉ូឡូញ និង ហូ​ឡង់ ក៏​កំពុងតែ រៀបចំ​វិធានការ​ដូច​ទៅនឹង​ហុង​គ្រី​ដែរ។  យ៉ាងណាក៏ដោយ ចំណាត់ការ​ទាំងអស់​ខាងលើ ត្រូវ​សមាជិក​អឺរ៉ុប​មួយចំនួន ផ្សេងទៀត​រិះគន់ថា​ខុស​ទៅនឹង​ចក្ខុវិស័យ​របស់​អឺរ៉ុប ហើយ លោកស្រី​អធិកា​ប​តី Angela Merkel បាន កោះប្រជុំ​កំពូល​បន្ទាន់​នៅ​សហភាព​អឺរ៉ុប​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​ជាថ្មី។ សម្រាប់​ជនភៀសខ្លួន​វិញ ក្រោយពី​ហុង​គ្រី បិទ​ព្រំដែន ពួកគេ​ត្រូវ​ស្វែងរក​ច្រក​ផ្សេងទៀត​របស់​ប្រទេស​អឺរ៉ុប​ដែល​មិនទាន់ មានការ​រឹតត្បិត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com