ជាតិ
សហគមន៍​ព្រៃឈើ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់មូលដ្ឋាន
18, Sep 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មជ្ឈមណ្ឌល​សម្រាប់​មនុ​ស្ស និង​ព្រៃឈើ (RECOFTC) និង​អង្គការ​អុក​ស្វា​ម​ចក្រភព អង់គ្លេស (Oxfam GB) បានរៀបចំ​សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត គម្រោង​គ្រប់គ្រង​ព្រៃឈើ ដោយ​និរន្ត​ភាព និង​ការលើកកម្ពស់​របរ​ចិញ្ចឹម​ជិវិត​នៅ​ជនបទ តាមរយៈ​សហគមន៍​ព្រៃឈើ និង​គំនិត​ផ្តួចផ្តើម​អំពី​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ដែល​បណ្តាលមកពី​ការបាត់បង់ ព្រៃឈើ និង​រេចរឹល​ព្រៃឈើ (REDD) នៅ​កម្ពុជា។



លោកស្រី ហ្វី​អូ​ណា រ៉ា​ម​ស៊ី ទីប្រឹក្សា-ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ប្រតិភូ សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា មានប្រសាសន៍​នៅ​ថ្ងៃទី១៨ថា សហភាព​អឺរ៉ុប​ជា​ម្ចាស់​ជំនួស ធំជាងគេ ក្នុងប្រទេស​កម្ពុជា ដែល​ទទួលស្គាល់ថា សហគមន៍​ព្រៃឈើ​គឺជា ដំណោះស្រាយ​បញ្ហា ដ៏​ប្រសើរ ដល់​ប្រជា​សហគមន៍ ដូចជា បញ្ហា​អ​សុវត្ថិភាព​សិទ្ធិ​កាន់កាប់ ការប្រែប្រួល​អាកាស ធាតុ និង​ការអនុវត្ត​ច្បាប់។ លោកស្រី​ថា សហភាព​អឺរ៉ុប​បានផ្តល់​កញ្ចប់​ថវិកា​ចំនួន ១,៦លាន​អឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង ដែល​ជួយ​លើកកម្ពស់​របរ​ចិញ្ចឹមជីវិត តាមរយៈ​ការពង្រឹង ជំនាញ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព។

សិក្ខាសាលា​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជាង ៨០នាក់ ក្នុងនោះ រួមមាន​មកពី រដ្ឋបាល​ព្រៃឈើ ថ្នាក់ជាតិ រដ្ឋ​ព្រៃឈើ​ថ្នាក់មូលដ្ឋាន អង្គការ​ដៃគូ​អភិវឌ្ឍ អ្នកផ្តល់ជំនួយ និង​តំណាង​សហគមន៍ ព្រៃឈើ​មូលដ្ឋាន។ សិក្ខាសាលា​មាន​គោលបំណង​ចែករំលែក​នូវ​លទ្ធផល​សម្រេចបាន របស់ គម្រោង​បទពិសោធន៍ មេរៀន និង​លើកឡើង​នូវ​អនុសាសន៍​នានា សម្រាប់​បន្ត​ការ​អនុ​វ​ឌ្ឍ សហគមន៍​ព្រៃឈើ​នៅ​កម្ពុជា។

អ្នកសម្របសម្រួល​កម្ម​វិធី​អង្គការ​រី​ខូ​ហ្វ (RECOFTC) ប្រចាំ​កម្ពុជា​លោកស្រី ហ៊ូ កល្យាណ និយាយថា គម្រោង​គ្រប់គ្រង ព្រៃឈើ​នេះ បាន​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​ព្រៃឈើ​ជាតិ (២០១០-២០២៩) របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ស្របតាម​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្ស​ទី៧ ធានា​ចីរភាព​បរិស្ថាន និង​គោលដៅ​អភិវឌ្ឍន៍ និង​សហស្ស​វត្សរ៍​ទី១ លុបបំបាត់​ភាពក្រីក្រ និង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ។

«គម្រោង​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការ​ចិញ្ចឹមជីវិត​របស់ ប្រជា​សហគមន៍ តាមរយៈ​ការទាញយក​ផល និង​អនុផល​ព្រៃឈើ​ពី​តំបន់​ព្រៃ​សហគមន៍ ដើម្បី បំពេញ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ហ៊ូ កល្យាណ។

គម្រោង​នេះ មាន​រយៈពេល ៥៧ខែ អនុវត្ត​ចាប់ពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដល់​ខែកញ្ញា ឆ្នាំ២០១៥នេះ នៅតាម​ខេត្ត​គោលដៅ​ចំនួន ៩ រួមមាន ខេត្តកំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី។

បើតាម​របាយការណ៍​ព្រៃឈើ​ក្រសួងកសិកម្ម គិត​ត្រឹម​ចុងឆ្នាំ ២០១៤ កម្ពុ​ជាមាន​សហគមន៍ ព្រៃឈើ សរុប​ចំនួន ៤៨៥កន្លែង គ្របដណ្តប់​លើ ផ្ទៃ​ដីព្រៃ​ប្រមាណ ៤១០,០២៥ ហិកតា ក្នុងនោះ សហគមន៍​ព្រៃឈើ​ចំនួន ៣០៩ កន្លែង គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីព្រៃ​ប្រមាណ ៣២៩,៥៨៧ហិកតា ទទួលស្គាល់​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ដោយឡែក សហគមន៍ ព្រៃឈើ ចំនួន ៣០៩កន្លែង ស្មើនឹង ២៧៥,៦៣៣ ហិកតា ស្ថិតក្រោម​កិច្ច ព្រមព្រៀង​គ្រប់គ្រង ព្រៃ​សហគមន៍​ស្របច្បាប់ រវាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្ទាល់ ជាមួយ​គណៈកម្មការ​គ្រប់គ្រង សហគមន៍​ព្រៃឈើ។

តំណាង​សហគមន៍​ព្រៃឈើ​ស្រុក​កូន​មុំ ខេត្តរតនៈគិរី លោក ច្រឹ​ក ពន្លក បាន​និយាយ​ពី​អត្ថ ប្រយោជន៍​នៃ​ការបង្កើត​សហគមន៍​ព្រៃឈើ​នេះ​ថា វា​បាន​ជួយ​កាត់បន្ថយ​បទល្មើស​ព្រៃឈើ ក្នុង​សហគមន៍។ «យើង​អាច​ទាញ​ផល​ពី​អនុផល​ព្រៃឈើ​ច្រើន​ពី​សហគមន៍ យើង​អាច​រក​ទឹក ឃ្មុំ ចិញ្ចឹមជីវិត ដុត​ឈើ​យក​ជ័រទឹក ផ្លែឈើ និង​សែន​ព្រាន​អ្នកតា​ព្រៃភ្នំ»។ នេះ​ជា​ប្រសាសន៍ របស់លោក ពន្លក។ ជាមួយគ្នានេះ តំណាង​សហគមន៍ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ឲ្យ​ជួយផ្តល់​ការលើកទឹកចិត្ត​ជា​ថវិកា ឧបករណ៍ និង​មធ្យោបាយ​ធ្វើដំណើរ ក្នុងការ​ចូលរួម ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​មូលដ្ឋាន។

សហគមន៍​ព្រៃឈើ​គឺជា​កម្មវិធី​ចម្បង​មួយ​នៃ​កម្មវិធី​ព្រៃឈើ ជាតិ សម្រាប់​ឆ្នាំ ២០១០ ដល់ ២០២៩ ដែល​ទទួលបាន​នូវ​ការ ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ខែតុលា ឆ្នាំ២០១។  សហគមន៍​ព្រៃឈើ មាន​តួនាទី​ចូលរួមចំណែក​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ លើកកម្ពស់ ការអភិរក្ស និង​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ។ ម្យ៉ាងទៀត គឺ​ជួយ​ពង្រឹង​ជីវភាព​ប្រជាជន មូលដ្ឋាន តាមរយៈ​ការទាញយក​ផលប្រយោជន៍​ស្របច្បាប់​នូវ​អនុផល​ព្រៃឈើ​ពី​ការ​គ្រប់​គ្រង់ និង​ការរក្សា​សេវាកម្ម​បរិស្ថាន៕


© រក្សាសិទ្ធិដោយ thmeythmey.com