អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​តៃវ៉ាន់ ថា ចិន​មិន​ផ្តល់​តម្លៃ​ប្រជាជន​តៃវ៉ាន់
24, Sep 2015 , 9:59 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​តៃវ៉ាន់ បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ការធ្វើ​បណ្ណ​ចូលទៅក្នុង​ប្រទេស ចិន​ដោយ​មិនមាន​ការជូន​ដំ​ណឺង។ ការផ្លាស់ប្តូរ​នេះ ត្រូវបាន​រដ្ឋាភិបាល​តៃវ៉ាន់ ចាត់ទុកថា​ជាការ​មិន​ឲ្យ​តម្លៃ​ទៅលើ​ប្រជាជន​តៃវ៉ាន់ និង ធ្វើ​ឲ្យ​គោលជំហ​នយោបាយ​ភាគី​ទាំងពីរ​កាន់តែ​ឃ្លាត​ឆ្ញា​យ​ពីគ្នា។



កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​នូវ​បណ្ណ​ចេញចូល​ទៅកាន់​ចិន​ថ្មី​តាមបែប អេ​ឡិច​ត្រូ​និ​ច។ ការផ្លាស់ប្តូរ​នេះ ត្រូវបាន​តៃវ៉ាន់​ប្រតិកម្ម​ខ្លាំង និង ចាត់ទុកថា​ជា​មិន​ឲ្យ​តម្លៃ​ទៅលើ​ប្រជាជន​តៃវ៉ាន់ ដ្បិត​មិនមាន​ការជូនដំណឹង​តៃវ៉ាន់​ឲ្យ​បានដឹង​ជាមុន។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក  Mao Chi-kuo បានបញ្ជាក់​ថា​លោក ពិតជា​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​ដោយ​មិនមាន​ជូនដំណឹង​ជាមុន។ អ្វីដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ គឺ​មិន​គោរព និង ធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​ពិតជា​មានការ​ឈឺចាប់។

ជាមួយគ្នានេះ សហភាព​សាមគ្គី​តៃវ៉ាន់(TSU) ដែល ជា​ក្រុម​អ្នកប្រឆាំង​ចិន បាន​ផ្ទុះ​បាតុកម្ម​ដោយ គប់​ស៊ុត និង ភ្លើង​នៅ​ខាងក្រៅ​ផ្ទះ​មិត្តភាព​ក្រុង​ប៉េកាំង របស់លោក​ប្រធានាធិបតី Ma Ying Jeou ផងដែរ។បន្ថែម​ពីនេះ ក្រុម​TSU បាន​អះអាងថា​បណ្ណ​ថ្មី នឹង​ផ្តល់​ផលប្រយោជន៍​តែ​ចំពោះ​អ្នកជំនួញ និង និស្សិត តៃវ៉ាន់​មួយចំនួន​នៅក្នុង​ប្រទេស​ចិន ហើយ គោលនយោបាយ​នេះ បន្ទាបពី​តម្លៃ​របស់​តៃវ៉ា់ន់​ឲ្យ​កាន់តែ​ទាប ជាង​ហុងកុង និង ម៉ា​កាវ​ដែល​សុទ្ធសឹងតែ​ជា​រដ្ឋ​ដែលមាន​ស្វ័យភាព​ដូចគ្នា។

សូម​រម្លឹក​ផងដែរ ក្រោយពី​ឆ្នាំ១៩៤៩ ចិន បាន​ផ្លាស់​ពី​សាធារណៈរដ្ឋ​ចិន មកកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពោលគឺ​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ ក្រោម​គោលនយោបាយ​ចិន តែមួយ។ សម្រាប់​តៃវ៉ាន់ គឺ​គ្រាន់តែ​កោះ​មួយ​របស់​ចិន​តែប៉ុណ្ណោះ។

សូមបញ្ជាក់​ផងដែរ តៃវ៉ាន់ ហាក់ដូចជា​ទទួល​ទុក្ខ​ច្រើន​ដោយសារ​គោលនយោបាយរ​បស់​ចិន។ ថ្មីៗនេះ ពលរដ្ឋ​តៃវ៉ាន់ ត្រូវបាន​ភា្ន​ក់​ងារ​អង្គការសហប្រជាជាតិ​ដែលមាន​ទីស្នាក់ការ​នៅក្នុង​ក្រុង ហ្សឺ​ណែវ បាន​បដិសេធ​មិន​ឲ្យ​ចូលក្នុង​ការិយាល័យ ដោយបាន​អះអាងថា អត្តសញ្ញាណ​ប​ណ្ណ័​របស់​ពលរដ្ឋ​តៃវ៉ាន់​គ្មាន​សុពលភាព ដ្បិត​គ្មាន​កៅអី របស់​តៃវ៉ាន់​នៅក្នុង​អង្គការសហប្រជាជាតិ​នោះទេ។ មានន័យថា តៃវ៉ាន គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ចិន​នោះទេ៕


Tag:
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com