ជាតិ
​បច្ចេកវិទ្យា
e-Commerce និង Telecoms ជំនាញ​ដែល​កម្ពុជា និង​អាស៊ាន​ត្រូវការ
28, Sep 2015 , 7:43 pm        
រូបភាព
ដោយ: ថ្មីៗ
ព័ត៌មាន​សម្រាប់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប និង​អ្នក​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានសម្រេច​បង្កើត​នូវ​គ្រឹះស្ថាន​ឧ​ត្ត​ម សិក្សា​មួយ ដែលមាន​ឈ្មោះថា វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់​ថា «NIPTICT» (ណិ​ប​តិច)។ វិទ្យាស្ថាន​ជាតិ ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យបណ្ដុះបណ្ដាល​ថ្នាក់​បរិ​ញ្ញ​ប​ត្រ៖ ១/ ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច និង​ភស្ដុភារ (e-Commerce & Logistics)។ ២/ ទូរគមនាគមន៍ និង​បណ្ដាញ (Telecoms & Networking) និង​ទី៣ វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)។



លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​ពន្យល់ថា ក្រសួង​ប្រៃសណីយ៍​បានសម្រេច​បង្កើត​គ្រឹះស្ថានសិក្សា​នេះ ក្នុង​បរិបទ​នៃ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន(ICT) និង​ទូរគមនាគមន៍(Telecoms)ផង ហើយ​ពាណិជ្ជករ អាជីវករ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស​ក៏​កំពុង​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដែរ។

ប្រធាន​វិទ្យាស្ថាន​ជាតិ «ណិ​ប​តិច» ដែល​អះអាងថា មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​តិច​នៅឡើយ​នៅ​កម្ពុជា​ដែល​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ ទូរគមនាគមន៍ និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«សព្វថ្ងៃនេះ យើង​សង្កេតឃើញថា និស្សិត​ដែល​ចូលរៀន ផ្នែក​បច្ចេកទេស​មាន​ប្រមាណ​តែ ៨ភាគរយ​ប៉ុណ្ណោះ។ ក្រៅពីនោះ​ភាគច្រើន​ចូលរៀន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម គ្រប់គ្រង​និង​ទីផ្សារ។ ជំនាញ​បច្ចេកទេស ជាពិសេស​ជំនាញ ICT ទូរគមនាគមន៍ (Telecoms) និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (e-Commerce) ជា​ជំនាញ​ដែល​ងាយ​រក​ការងារ​ធ្វើ និង​មាន​ប្រាក់កម្រៃ​ខ្ពស់ ដោយសារ​ក្រុមហ៊ុន​នានា​មាន​តម្រូវការ​ច្រើន។ ប៉ុន្តែ​ធនធានមនុស្ស​លើ​ផ្នែក​បច្ចេកទេស​ទាំងនេះ មាន​ចំនួន​តិចតួច​នៅឡើយ»។

អាហារូបករណ៍
ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ នេះ វិទ្យាស្ថាន​ជាតិ NIPTICT ដែលជា​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ នឹង​ជ្រើសរើស​សិស្ស​ដែល​ជាប់​បាក់​ឌុប​ចំនួន២៦០នាក់​ដើម្បី​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​ទាំង៣ខាងលើ។ វិទ្យាស្ថាន​ជាតិ NIPTICT នឹង​ផ្ដល់​អាហារូបករណ៍១២០ កន្លែង​ដល់​និស្សិត​ឆ្នើម ដែល​ក្នុងនោះ៦០ កន្លែង​ជា​អាហារូបករណ៍១០០% និង៦០កន្លែង​ទៀត​ជា​អាហារូបករណ៍៥០% ក្នុង​រយៈពេល៤ឆ្នាំ។

កាលបរិច្ឆេទ​កំណត់​ឈប់​ទទួល​ពាក្យ​ប្រលង​គឺ​នៅ​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៥ ។ ចំពោះ​វិញ្ញាសារ​ប្រឡង​មាន     គណិតវិទ្យា តក្ក​វិទ្យា និង​ភាសា​អង់គ្លេស។ វិទ្យាស្ថាន​នេះ​មាន​ទីតាំង​ស្ថិតក្នុង​អគារ​ថ្មី​សន្លាង​កម្ពស់៤ជាន់​ជាប់​ខាងលិច​ទីស្ដីការគណៈរដ្ឋមន្ត្រី៕



Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com