ជាតិ
អាជ្ញាធរអប្សរារកឃើញរូបចម្លាក់ទម្រង់ជាសន្លឹកសីមា នៅប្រាសាទបន្ទាយស្រី
×
ក្រុមការងារអភិរក្សប្រាសាទរបស់អាជ្ញាធរជាតិអប្សរា កាលពីដើមខែតុលា កន្លងមក បានរកឃើញរូបចម្លាក់ដែលមានទម្រង់ជាសន្លឹកសីមាសម្រាប់ដាក់តាំងលម្អនៅតាមជ្រុងប្រាសាទ ខណៈដែលពួកគាត់បានកាយប្រឡាយរំដោះទឹកចេញពីប្រាសាទ។ យោងតាមការផ្សាយនៅលើគេហទំព័រផ្លូវការរបស់អាជ្ញាធរជាតិអប្សរា រូបនេះមានចម្លាក់ជារូបគ្រុឌ និងមានក្បាច់លម្អព័ទ្ធជុំវិញដែលមានទំហំទទឹងប្រវែង១២សង់ទី ម៉ែត្រ និងបណ្តោយប្រវែង២៩សង់ទីម៉ែត្រ ធ្វើពីថ្មភក់ពណ៌ក្រហម ក្នុងទម្រង់រចនាប័ទ្មសម័យបន្ទាយស្រី។
លោក សារាយ គឹមហួល មន្ត្រីអភិរក្សប្រាសាទប្រចាំនៅប្រាសាទបន្ទាយស្រី បានបញ្ជាក់ថា ក្រុមការងាអភិរក្សប្រាសាទរបស់អាជ្ញាធរជាតិអប្សរា តែងតែបំពេញកិច្ចការថែទាំជាប្រចាំនូវរាល់ហេដ្ឋារចនាសម្ពន្ធទូទៅក្នុងបរិវេណប្រាសាទក៏ដូចជាក្នុងឧទ្យានទាំងមូល។ ដោយឡែកក្នុងពេលកំពុងកាយប្រឡាយរំដោះទឹកចេញពីប្រាសាទបន្ទាយស្រីកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមការងារក៏បានប្រទះឃើញរូបចម្លាក់នេះដោយចៃដន្យ នៅទីតាំងចម្ងាយ៤ម៉ែត្រខាងកើតខ្លោងទ្វារទី៣ ក្នុងជម្រៅដីប្រមាណជា១៥សង់ទីម៉ែត្រ។
បន្ទាប់ពីបានប្រទះឃើញក្រុមការងារក៏បានធ្វើកំណត់ត្រា និងលាងសម្អាតដោយចុះលេខបញ្ជីត្រឹមត្រូវ រង់ចាំដើម្បីពិនិត្យមើលលទ្ធភាពជួសជុល និងរក្សាទុកតាមគោលការណ៍បច្ចេកទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com