ជាតិ
ប្រាសាទ​តា​ណា​ង​នៅ​ខេត្តរតនៈគិរី
10, Oct 2015 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
បើទោះបីជា​កន្លងមក​មាន​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​សន្និដ្ឋានថា​ខេត្តរតនៈគិរី​គឺជា​ខេត្ត​មួយ​ដែល​ប្រហែលជា​គ្មាន​វត្ត​មាននៃ​ស្លាកស្នាម​វប្បធម៌​បែប​ព្រាហ្មណ៍​និយម​ឬ​ពុទ្ធ​និយម​នា​សម័យអង្គរ​ទេ​ដោយសារតែ​ភូមិភាគ​នេះ​គឺជា​តំបន់​ព្រៃភ្នំ​ឆ្ងាយ​ដាច់ស្រយាល​ហើយ​សម្បូរ​ទៅដោយ​សហគមន៍​មន-ខ្មែរ​ដែលជា​ជនជាតិដើម​ភាគតិច។និយាយ​ម្យ៉ាងទៀត​តំបន់​នេះ​ពុំបាន​ទទួល​នូវ​ភាព​រីកចំរើន​រីកដុះដាល​នៃ​វប្បធម៌​ទេ​ដែល​ខុសពី​តំបន់ផ្សេងៗឯទៀត។ក៏ប៉ុន្តែថ្មីៗនេះ​ការរកឃើញ​នូវ​ប្រាង្គ​ប្រាសាទ​មួយ​ដែល​អ្នកស្រុក​ឲ្យ​ឈ្មោះថា​ប្រាសាទ​តា​ណា​ង​សាងសង់​ពី​ឥដ្ឋ​ដោយ​លោក​ក្លេ​សបាន​កែតម្រូវ​ទស្សនៈ​ខា​ង​លើ​នេះ​យ៉ាង​ជាក់ច្បាស់ (Cf. Pierre-Yves Clais, “The Temple at the Heart of a Dying Forest”, The Cambodia Daily, Saturday-Sunday November 16-17, 2013)។


តាម​ប្រសាសន៍​របស់លោក​ក្លេ​ស​ប្រាសាទ​នេះ​ស្ថិត​ក្បែរ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដងស្ទឹង​មួយ​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​វឿន​សាយ​សៀម​ប៉ាង​ខេត្តរតនៈគិរី​បច្ចុប្បន្ន​ដែល​កំពុង​ត្រូវ​ជន​ទុច្ចរិត​កាប់បំផ្លាញ។
 
សូមជម្រាបថា​ប្រាសាទ​ឥដ្ឋ​ខាងលើនេះ​មិនមែនជា​ស្នាដៃ​របស់​ជនជាតិ​ចាម​ដូចដែល​បងប្អូន​ជនជាតិភាគតិច​ចា​រាយ​ដែល​រស់នៅ​ទីនោះ​បាន​អះអាង​នោះទេ​ក៏ប៉ុន្តែ​គឺជា​ប្រាសាទ​ដែល​បុព្វការី​ជន​ខ្មែរ​បាន​សាងសង់​យ៉ាងពិត​ប្រាកដ​ហើយ​សំណង់​ស្ថាបត្យកម្ម​ដ៏​ធំ​នេះ​ស្ថិតក្នុង​ដើម​សម័យ​ចេនឡា។ហើយ​បើ​សំអាង​លើ​លក្ខណៈ​នៃ​ប្រាសាទ​នៃ​ក្បាច់​បន្តិចបន្តួច​ដែល​សេសសល់​យើង​អាច​សន្ម​ត់​ជា​បណ្តោះអាសន្ន​ថា​ប្រាសាទ​នេះ​ប្រហែលជា​ស្ថិតនៅក្នុង​រចនា​ប័​ថ្ម​គូលែន។
 
តាមពិតទៅ​វត្តមាន​របស់​ប្រាង្គ​ប្រាសាទ​ខាងលើនេះ​ក៏​ជា​តឹកតាង​មួយ​ដែល​បង្ហាញថា​អំណាចកណ្តាល​នៃ​អាជ្ញាធរ​ខ្មែរ​នា​សម័យអង្គរ​បាន​លាតសន្ធឹង​ដល់​ភូមិភាគ​ខាងលើនេះ​យ៉ាង​ប្រាកដ​ផងដែរ។ហើយ​លើសពីនេះ​ទៀត​គួរ​គប្បី​ជ្រាបថា​ភាពខុសប្លែក​រវាង​សហគមន៍​មន-ខ្មែរ​និង​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន​ក៏ដូចជា​អតីតកាល​គឺ​ពុំមែន​ស្ថិត​លើក​ត្តា​ជាតិពន្ធុ​នោះទេ​ក៏ប៉ុន្តែ​ជា​គម្លាត​វប្បធម៌​ទៅវិញ។
 
នៅទីនេះ​យើង​ចង់​សង្កត់​ទម្ងន់​ថា​បុព្វបុរស​ជន​រប​ស់ជន​ជាតិខ្មែរ​ស្ថិតក្នុង​អម្បូរ​មន-ខ្មែរ​ក្នុង​តំបន់​នេះ​កាលពី​មួយ​ពាន់​ឆ្នាំមុន​នោះ​ក៏បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ឥណ្ឌា​ដោយ​ប្រកាន់យក​លទ្ធិ​ព្រហ្មញ្ញសាសនា​ពួកគេ​ពិតជា​បាន​កសាង​ប្រាសាទ​ឥដ្ឋ​នោះ​ឡើង​ដើម្បី​ជាទី​សក្ការៈ​ខុសពី​ក្រុម​កុលសម្ព័ន្ធផ្សេងៗទៀត​ដែល​បាន​រក្សា​ទម្រង់​វប្បធម៌​ដើម​រហូតដល់​សព្វថ្ងៃ៕
 
ដោយ​បណ្ឌិត​មី​សែ​ល​ត្រា​ណេ
ដកស្រង់​ចេញពី​គេហទំព័រ www.khemaravidya.com
 
 

Tag:
 ខេ​មរ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com