ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រាប់ឲ្យពលរដ្ឋ​​ប្រយ័ត្ន​មុន​ទិញ​រថយន្ត​ទៅប្រើ​ប្រាស់
17, Oct 2015 , 11:40 am        
រូបភាព
រូប​ភាព​ពី​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា
រូប​ភាព​ពី​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី១៦ខែតុលា ដោយបាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បានច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​មុននឹង​សម្រេច​ទិញ​រថយន្ត​មកប្រើប្រាស់។


 
ការ​ដាសតឿន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា គឺ​ដើម្បី​ចៀសវាង​ការទិញ​ប៉ះចំ​រថយន្ត​កាត់ត។ រថយន្ត​កាត់ត ដែល​អាច​បង្ក​ឲ្យ​អ្នកប្រើប្រាស់​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ និង​អ្នកធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាមួយគ្នា ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការទិញ​រថយន្ត​កាត់ត ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ។
 
បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្នប្រយែង​នេះ គឺ​ព្រោះតែ​កន្លងមក​មាន​ជនខិលខូច​មួយចំនួន​បាន​លួច​នាំចូល​រថយន្ត​កាត់​ជាកំណាត់ៗ ដោយ​បន្លំ​ថា​ជា​គ្រឿងបន្លាស់​រថយន្ត រួច​យកមក​ផ្គំ​ដំឡើង​ក្នុងស្រុក​ខុស​លក្ខណៈ​បច្ចេកទេស​នៅតាម​បណ្តា​យានដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​មួយចំនួន។
 
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ថា រថយន្ត​ទាំងអស់នោះ​ត្រូវបាន​លក់​ឲ្យ​អ្នកប្រើប្រាស់​ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ព្រមទាំង​គ្មាន​ស្លាក​លេខ​សម្គាល់ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ឬ​បន្លំ​ស្លាក​លេខ​ដែល​ល្មើស​ទៅនឹង​ច្បាប់​ស្តីពី​គយ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ សមត្ថកិច្ច​បាន​រកឃើញ​បទល្មើស​ប្រភេទ​នេះ ហើយ​បានធ្វើការ​បំផ្លាញចោល​ផងដែរ៕ 
 

Tag:
 អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ
 រថយន្ត​គេចពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com