អន្តរជាតិ
​បច្ចេកវិទ្យា
Facebook នឹង​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ បើសិនជា​គណនី​របស់​ពួកគេ​ត្រូវ​រដ្ឋ​លួច​តាមដាន ឬ​រំខាន
21, Oct 2015 , 7:39 am        
រូបភាព
ដោយ: ធីតា
 បណ្តាញ​សង្គម Facebook បានប្រកាសថា ខ្លួន​នឹង​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ បើសិនជា​គណនី​របស់​ពួកគេ​ត្រូវ​ជ្រៀតចូល​ដោយ​កម្មវិធី ឬ​គណនី​ណាមួយ​របស់​រដ្ឋ នេះ​បើតាម​ការប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់លោក Alex Stamos អ្នកទទួលខុសត្រូវ​ផ្នែក​សុវត្ថិភាព​នៃ​បណ្តាញ​សង្គម​នេះ។

 
បើសិនជា Facebook រកឃើញថា គណនី​របស់​លោកអ្នក​ត្រូវបាន​រំខាន ឬ​ក្លាយជា​គោលដៅ​នៃ​កម្មវិធី​វាយឆ្មក់​ណាមួយ​ដែល​ត្រូវ​សង្ស័យថា បម្រើ​ផលប្រយោជន៍​ឲ្យ​រដ្ឋ​ណាមួយ នោះ​លោក​អ្នកនឹង​ទទួលបាន​សារ​ជូនដំណឹង​នៅលើ​ទំព័រ​នៃ​គណនី​របស់ខ្លួន​ដូចតទៅ៖ « យើង​គិតថា គណនី Facebook និង​គណនី​ដទៃទៀត​របស់​អ្នក​អាចជា​ផ្ទាំង​ស៊ី​ប​នៃ​ការវាយប្រហារ​របស់រ​ដ្ឋ »។

បន្ទាប់មក Facebook នឹង​ផ្ញើ​លេខ​កូដ​សុវត្ថិភាព​ទៅកាន់​ទូរស័ព្ទដៃ​របស់លោក​អ្នក។ ដូច្នេះ មានតែ​លោកអ្នក​ប៉ុណ្ណោះ​ទើប​អាច​ចូលទៅ​កាន់​គណនី​សាជាថ្មី​បាន។ ទោះជា​យ៉ាងណា បណ្តាញ​សង្គម​មួយ​នេះ​មិនបាន​ប្រាប់​លម្អិត​ថា តើ​ខ្លួន​មាន​វិធី​យ៉ាងណា​ដើម្បី​កំណត់​បាន​ថា គណនី​ណាមួយ​ត្រូវ​ជ្រៀតចូល​ដោយ​កម្មវិធី ឬ​គណនី​របស់​រដ្ឋ​នោះទេ។ ប៉ុន្តែ Facebook បាន​ធានា​អះអាង​ពី​ប្រសិទ្ធភាព​នៃ​វិធីសាស្ត្រ​របស់ខ្លួន​ក្នុងការ​កំណត់​យ៉ាងច្បាស់​លាស់។
 
មុខងារ​នេះ​សំដៅ​ជាពិសេស​ទៅលើ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​តឹងរ៉ឹង​មួយចំនួន ដែល​អាជ្ញាធរ​អាច​ចូលទៅ​កាន់​គណនី​របស់​អ្នកប្រើប្រាស់ តាម​នីតិវិធី​ស្របច្បាប់​ក្នុងប្រទេស​ទាំងនោះ៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com