ជាតិ
មូលនិធិ​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ី​សាមុត​ ទទួលបាន​ការអបអរ​សាទរ​
27, Oct 2015 , 9:18 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាង​៤០​ឆ្នាំ​នៃ​ការបាត់​បង់ជីវិត​រប​ស់​អធិរាជ​សំឡេង​មាស​ស៊ីន ស៊ី​សាមុត  អ្នកសិល្បៈ​ខ្មែរ​ជាន់មុន និង​បច្ចុប្បន្ន រួមទាំង​អ្នកនយោបាយ​ខ្មែរ​នៅតែ​ចងចាំ​មិន​ភ្លេច​ស្នាដៃ​របស់លោក​។ ដើម្បី​ជាការ​តបស្នង​ដល់​ស្នាដៃ​សិល្បៈ ចម្រៀង និង​តន្ត្រី​របស់​តារាចម្រៀង​ដ៏​មាន​ទេពកោសល្យ​រូបនេះ ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​រៃអង្គាសប្រាក់​ជូន​ក្រុមគ្រួសារ​របស់លោក​នឹងត្រូវ​រៀបចំឡើង​នៅ​ខែ​វិ​ចិ្ឆ​កា​ខាងមុខនេះ​។​



​ជាច្រើន​ទសវត្ស​ន៍​កន្លងមក អ្នកសិល្បៈ​ខ្មែរ​ជំនាន់​មុន និង​ជំនាន់​បច្ចុប្បន្ន នៅតែ​កោតសរសើរ​សំនៀង​មាស​របស់លោក​ស៊ីន ស៊ី​សាមុត ដែល​បាន​ឃ្លាត​ពី​ទឹកដី​កម្ពុជា​គ្មាន​ថ្ងៃ​វិល​វិញ ដោយសារ​ក្រុម​កុម្មុយនីស្ត​ខោអាវ​ខ្មៅ​ជ្រុលនិយម​ខ្មែរក្រហម​។​

​អ្នកសិល្បៈ​ខ្មែរ​និយាយថា ថ្វីដ្បិតតែ​លោក​ស៊ីន សាមុត​បាន​លាចាក​លោក​ក៏ដោយ តែ​សំឡេង​របស់លោក​មិនទាន់​សាបរលាប​ពី​អ្នក​ចូលចិត្ត​តន្ត្រី និង​ចម្រៀង​នៅក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​ពីរ​នេះ​ទេ​។ ពួកគេ​បញ្ជាក់​យ៉ាង​ដូច្នេះ នៅពេលដែល​ពួកគេ​បាន​ជួបជុំ​នៅក្នុង​ពិធី​ប្រកាស​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​មាន​ឈ្មោះថា​«​ពេលវេលា​ដែល​ត្រូវ​តបស្នង​៖ វិភាគទាន​ចំពោះ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​» ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ក្រុមគ្រួសារ​លោក​ស៊ីន ស៊ី​សាមុត ដែល​កំពុង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​អ្នកស្រី ឌី សា​វ៉េ​ត សិល្បៈការិនី​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម នៅក្នុង​ទសវត្ស​១៩៦០ និង​បន្ត​មកដល់​សព្វថ្ងៃនេះ ថ្លែង​នៅក្នុង​ពិធី ដែល​បាន​រៀបចំឡើង​នៅឯ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ពុធ​កន្លងមក​នោះ​ថា​៖

«​លោក​ស៊ីន ស៊ី​សាមុត យើង​ទុក​គាត់​ជា​រៀមច្បង​សំឡេង​មាស ហើយ​ដែល​មហាជន​ជំនាន់​មុន​ចូលចិត្ត​គាត់​ណាស់ ខ្ញុំ​ជាដើម​។ ខ្ញុំ​ហ្នឹង​គឺថា រើស​តែ​បទ​គាត់​យកមក​ច្រៀង​ទេ​។ ខ្ញុំស្រី​មែន តែ​ខ្ញុំ​ច្រៀង​បទ​ប្រុស​។ ហេតុអ្វី​? ពីព្រោះ​និពន្ធ​គឺថា មានន័យ​ខ្លឹមសារ យ៉ាង​ល្អ ដែល​ខ្ញុំ​ចូលចិត្ត ហើយ​បទ​ចម្រៀង ទំនុក ទំនុកភ្លេង​គឺ​ល្អ​។ អញ្ចឹង​ខ្ញុំ​ដក់អារម្មណ៍​តាំងពី​ខ្ញុំ​នៅ​ក្មេង រហូតដល់​ឥឡូវ ហើយ​កម្មវិធី​នេះ​គឺជា​កម្មវិធី​ដែល​រំឭក​វិញ្ញាណក្ខន្ធ​របស់គាត់​ដែល​ស្លាប់​យ៉ាង​អាណោច​អាធ​ម មិនមែនជា ជា​ជំងឺ​ទេ​គឺ​ស្លាប់​ដោយ​អាណោច​អធម ព្រៃផ្សៃ​»​។​

​អ្នកស្រី ឌី សា​វ៉េ​ត ដែល​នឹងចូលរួម​សម្តែង​ក្នុងការ​ប្រគុំ​តន្ត្រី​នេះដែរ បាន​បន្តថា ពេលនេះ​គឺជា​ពេលដែល​ត្រូវ​រំឭក​ដល់​ស្នាដៃ​របស់លោក ស៊ីន ស៊ី​សាមុត ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​សម័យ​ប៉ុល ពត​។​
«​អញ្ចឹង​យើង​ត្រូវ​រំឭក​គុណ​គាត់ ហើយ​និង​រំឭក​អនុស្សាវរីយ៍​ពី​ដើម​ដែល​គាត់​បាន​សាង​ចម្រៀង​យ៉ាងច្រើន​ទុក​បន្សល់​ដល់ពេលនេះ ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹងថា តើ​ជំនាន់​មុន​យ៉ាងម៉េច​? ឥឡូវ​ប្រៀបធៀប​ឥឡូវ​និង​ជំនាន់​នេះ​យ៉ាងម៉េច​?  ហើយ​ខ្ញុំ​រំភើប​ណាស់ ពីព្រោះ​ជា​លើកទីមួយ​ដែល​ខ្ញុំ​ចូលរួម​»​។​

​រីឯ​នាង​ម៉េង កែវពេជ្ជតា អ្នកចម្រៀង​ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ននេះ ក៏បាន​សម្តែង​ក្តី​ស្រឡាញ់​ចំពោះ​ស្នាដៃ​របស់លោក​ស៊ីន ស៊ី​សាមុត និង​អ្នកចម្រៀង​ល្បីល្បាញ​ផ្សេងទៀត​កាលពី​អតីតកាល​ដែរ​។ នាង​និយាយថា​៖

«​ទោះបី​មានការ​វាយលុក​នូវ​បទ​ចម្រៀង​ថ្មីៗ ក៏​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង រា​ជនី​សំឡេង​យើង​មិនអាច​សាបសូន្យ​បានទេ​។  បង​និយាយ​ក៏​បង​ព្រឺ​សម្បុរ​ដែរ ពីព្រោះ​អ្ហេ ពួកគាត់​មាន​ទេពកោសល្យ​ពិតប្រាកដ​។ ទេពកោសល្យ​ពិតប្រាកដ​ហ្នឹង​គឺ​មិនអាច​លុប​បាន​ហ្មង ព្រោះ​សំឡេង​គាត់​មាន​វិញ្ញាណ​មានព្រលឹង​។  អញ្ចឹង​បាន​បង​និយាយថា ការផលិត​បទ​ចម្រៀង   បើ​យើង​គ្រាន់តែ​ធ្វើទៅ​តាម​បរិមាណ​នៃ​ការ​ត្រូវការ វា​មិនអាច​ប្រកបដោយ​គុណភាព​ទេ​។ ហើយ​វា​ក៏​នឹង​ឆាប់​សាបសូន្យ​ទៅវិញ ប៉ុន្តែ​បើសិន​វា​កើតចេញពី​អារម្មណ៍​ពិត ពី​សំឡេង​ពិត សមត្ថភាព​ពិត ដោយ​គ្មាន​ការកែច្នៃ​គឺ​របស់​នោះ​នៅតែ​រក្សាបាន​នៅក្នុង​បេះដូង​នៅក្នុង​ខួរក្បាល នៅក្នុង​ដួងចិត្ត របស់គេ​ជា​រៀងរហូត​គ្មាន​សាបសូន្យ​ទេ​»​។​

​នាង​ម៉េង កែវពេជ្ជតា​បញ្ជាក់បន្ថែម​ថា នាង​បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង​ក្នុងការ​ប្រគុំ​តន្ត្រី​នោះដែរ ដោយសារ​មនសិការ​នៃ​ការពេញចិត្ត​កេរ្តិ៍ដំណែល​ស្នាដៃ​សិល្បៈ បទ​ភ្លេង និង​ចម្រៀង​របស់​អតីត​អ្នកចម្រៀង​ខ្មែរ​មុន​សម័យ​ខ្មែរក្រហម​។​

«​ទីមួយ​ជាការ​អញ្ជើញ ទី​ពីរ​ជា​មនសិការ​របស់ខ្ញុំ ដែល​ខ្ញុំ​ចង់ឃើញ ការឧបត្ថម្ភ​គាំទ្រ​ហ្នឹង​យូរហើយ​។ អញ្ចឹង​ទៅ​បង ក៏​គ្រាន់តែ​ខាង​ក្រសួង​គាត់​ធ្វើការ​អញ្ជើញ បង​រីករាយ​នឹងចូលរួម​ភ្លាម​»​។​

​លោក​ស៊ីន ស៊ី​សាមុត ដែល​អ្នក​សិល្បៈករ និង​សិល្បៈការិនី​ខ្មែរ​ប្រសិទ្ធ​នាម​ថា ជា​អធិរាជ​សំឡេង​មាស បានចាប់កំណើត​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៣២ នៅឯ​ខេត្តស្ទឹងត្រែង ភាគ​ឦ​សាន្ត​ប្រទេស​កម្ពុជា​។ លោក​បានចាប់ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​គឺ​ចាប់ពី​ទសវត្ស​ន៍​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៧០​កាល​នៅរស់​។​

​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជាការ​ចងចាំ និង​ដឹងគុណ​ស្នាដៃ​ដ៏​កម្រ​មាន​របស់លោក​ស៊ីន ស៊ី​សាមុត​ប៉ុណ្ណោះ​ទេ គឺ​រដ្ឋាភិបាល​កម្ពុជា​បានគិត​គូរ​ទៅដល់​កម្មសិទ្ធិបញ្ញា​នៃ​ស្នាដៃ​របស់លោក​ស៊ីន ស៊ី​សាមុត​ផងដែរ ដោយ​រដ្ឋាភិបាល​បានផ្តល់​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិបញ្ញា​ជូន​ក្រុមគ្រួសារ​លោក​ស៊ីន ស៊ី​សាមុត​កាលពី​ខែធ្នូ​ឆ្នាំ​២០១៤​កន្លងទៅនេះ​។​

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ក្នុងការ​ប្រកាស​ការរៀប​ចំ​ប្រគុំ​តន្ត្រី​នោះ មានប្រសាសន៍ថា រដ្ឋាភិបាល​បានប្រកាស​ទទួលស្គាល់​ក​ម្ម​សិទ្ធិ​បញ្ញា​នៃ​បទ​ចម្រៀង​៧៣​បទ​ដែលជា​ស្នាដៃ​របស់លោក​ស៊ីន ស៊ី​សាមុត សម្រាប់​ក្រុមគ្រួសារ​លោក​ស៊ីន ស៊ី​សាមុត ស្វែងរក​ប្រាក់ចំណូល​ពី​អ្នក​ដែល​ចង់​ចម្លង​បទ​ចម្រៀង​ទាំងនេះ​។ លោក​ថា ការប្រគុំ​តន្ត្រី​នេះ​នឹង​រក​ចំណូល​បន្ថែមទៀត​ដល់​ក្រុមគ្រួសារ​របស់​អធិរាជ​សំឡេង​មាស​នេះ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៅកាន់​ភរិយា​លោក​ស៊ីន ស៊ី​សាមុត និង​សិល្បៈករ និង​សិល្បៈការិនី​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​យ៉ាង​ដូច្នេះ​ថា​៖
«​ខ្ញុំ​បាន​ទៅដល់​ផ្ទះ​លោកយាយ ប្រាំ ប្រាំ​មួយដង ឃើញ​មានការ​លំបាក ក្រុមគ្រួសារ​លោកយាយ​លោកតា​ស៊ីន ស៊ី​សាមុត​។  អញ្ចឹង​យើង​ធ្វើការ​ប្រគុំ​តន្ត្រី​នេះ ដើម្បី​ប្រមូល​ថវិកា​មួយផ្នែក​ជូនទៅ​ក្រុមគ្រួសារ​អធិរាជ​សំឡេង​មាស ក៏មាន​មួយផ្នែក​ទៀត​នោះដែរ​ជូនទៅ​បងស្រី​របស់​អ្នកស្រី​រស់ សេរី​សុទ្ធា មួយទៀត​យកទៅជួយ​ពេទ្យ​គន្ធ​បុ​ប្ភា ពេទ្យ​កុមារ​គន្ធបុប្ផា​»​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ចំណែក​ផ្សេងទៀត​ដែល​បានមកពី​ការ​រៃអង្គាស​ថវិកា​នេះ នឹង​បាន​ទៅដល់​សមា​គន​លោក​ស៊ីន ស៊ី​សាមុត និង​សិល្បៈករ​សិល្បៈការិនី​ជំនាន់​ដើម ដែល​កំពុង​រស់រានមានជីវិត​។​
​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​តបស្នង​ដល់​លោក​ស៊ីន ស៊ី​សាមុត​នេះ​នឹង​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៤​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ពី​ម៉ោង​៧​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់​។ ក្រៅពី​អ្នកស្រី​ឌី សា​វ៉េ​ត និង​នាង​ម៉េង កែវពេជ្ជតា សិល្បៈករ និង​សិល្បៈការិនី ដែល​ចូលរួម​សម្តែង រួមមាន​ចៅ​បង្កើត​របស់លោក​ស៊ីន សាមុត​គឺ​លោក​ស៊ីន សេដ្ឋា​កុល និង​អ្នកសិល្បៈ​ល្បីឈ្មោះ​ដទៃទៀត ដូចជា លោកតា គង់ ណៃ លោកស្រី​ហ៊ឹម ស៊ី​វន និង​លោក​សុះ ម៉ាច​ជាដើម​។​

​លោក​ស៊ីន សេដ្ឋា​កុល​និយាយប្រាប់​វី​អូ​អេ​ថា លោក​រង់ចាំ​ការប្រគុំ​តន្ត្រី​បែបនេះ​រយៈពេល​៤០​ឆ្នាំ​មកហើយ​។​

«​បាទ​ឃើញថា សប្បាយចិត្ត​មែនទែន​នៅក្នុង​អារម្មណ៍ ពីព្រោះ​ឃើញថា ជាង​៤០​ឆ្នាំ​ហើយ​អត់​ទាន់​មាន​ព្រឹត្តិការណ៍​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ក្រុមគ្រួសារ​ខ្ញុំបាទ​នោះទេ​»​។​

​ទឹកដម​សំនៀង​គ្មាន​ពីរ​របស់លោក​ស៊ីន ស៊ី​សាមុត​មិនមែន​ស្ថិត​នៅតែ​ក្នុង​ដួងចិត្ត​របស់​សិល្បៈករ​សិល្បៈការិនី​ខ្មែរ​ចាស់​ក្មេង​នោះទេ តែ​សំនៀង​របស់លោក​បាន​ដក់​ជាប់​នៅក្នុង​អារម្មណ៍​មហាជន​ទូទៅ និង​អ្នកនយោបាយ​ខ្មែរ​មិន​ថា តែ​សម័យមុន គឺ​សម័យនេះ​ផងដែរ​។ លោក​មិន​ត្រឹមតែ​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​ពីរោះ​នោះទេ លោក​ក៏មាន​ទេពកោសល្យ​ក្នុងការ​ច្រៀង​ភាសាបរទេស​ផងដែរ ដូចជា​ភាសា​បារាំង និង​សៀម​ជាដើម​។​

​ប៉ុន្តែ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​និង​តន្ត្រី​របស់លោក​ដ៏​កម្រ​រកបាន​ក្នុងសង្គម​ខ្មែរ ត្រូវបាន​រលត់រលាយ​យ៉ាង​អាថ៌កំបាំង​ក្នុង​ដៃ​ក្រុមខ្មែរក្រហម​ដែល​បាន​យក​ជីវិត​លោក​នៅក្នុង​ខែឧសភា​ឆ្នាំ​១៩៧៦​។ យ៉ាងណា​ជា​ជីវិត​របស់លោក​បាត់បង់​ទៅហើយ​ក្តី តែ​ព្រលឹង​សំនៀង​របស់លោក​នៅ​ដក់​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​គ្រប់​សម័យកាល​មិនអាច​ភ្លេច​បាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​




© រក្សាសិទ្ធិដោយ thmeythmey.com