ពីនេះ ពីនោះ
តើ​សន្តិភាព ឬ​សង្គ្រាម ស្ថិតនៅលើ​មាត់​មេដឹកនាំ​មែន ឬ​មិនមែន​?
29, Oct 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការដឹកនាំ និង​គ្រប់គ្រង​រដ្ឋ​តាមបែប​ផ្ដាច់ការ​សង្គ្រាម​គឺអាច​កើតមាន​គ្រប់ពេលវេលា ប្រសិនបើ​មេដឹកនាំ​មួយ​លើកឡើង​តែ​បន្តិច​ថា​ត្រូវតែ​កើតឡើង​។ ព្រោះថា​សង្គម​ផ្ដាច់ការ ទាំង​ទា​ហ៊ាន នគរបាល កងកម្លាំងប្រដាប់អាវុធ​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​រដ្ឋាភិបាល និង​ការប្រើប្រាស់​ច្បាប់​ព្រៃ​ដើម្បី​ដឹកនាំ​រដ្ឋ​។ ក៏ប៉ុន្តែ​សម្រាប់​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ គឺ​មិនអាច​រឿងរ៉ាវ​គ្រប់យ៉ាង​កើតឡើង​តាមតែ​ការគិត​របស់​មេដឹកនាំ តាមតែ​សម្ដី​របស់​មេដឹកនាំ​នោះទេ​។​



​ចង់​សង្គ្រាម​គឺមាន​សង្គ្រាម ចង់​សម្លាប់​គឺ​សម្លាប់ ចង់​បង្ក្រាប​គឺ​បង្ក្រាប ចង់​សម្លុត​គឺ​សម្លុត ចង់​គំរាម​គឺ​គំរាម​មិនមែនជា​សារជាតិ​របស់​សង្គម​ប្រជាធិបតេយ្យ​នោះទេ​។ ព្រោះ​នៅក្នុង​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ​គឺ​ត្រូវបាន​បែងចែក​ឲ្យ​បាន​ច្បាស់​អំពី​ទម្រង់​នៃ​ការបែងចែក​អំណាច​។ និយាយ​បែបនេះ​គឺ​គ្រាន់តែ​ជា​ទ្រឹស្ដី​តែបើ​និយាយ​ពី​តថភាព សម្ដី​របស់​បុគ្គល​ដែលជា​មេដឹកនាំ​គឺ​មិនអាច​ត្រូវតែ​កើតមាន​តាម​សម្ដី​របស់គាត់​គ្រប់​រឿង​នោះទេ​។ ជាក់ស្ដែង​ដូចជា​ការនិយាយ​ពី​សង្គ្រាម​ជាដើម ព្រោះ​សង្គ្រាម ឬ​សន្តិភាព​គឺ​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​មួយ ថា​ពួកគេ​ពេញចិត្ត​សង្គ្រាម ចង់បាន​សង្គ្រាម ឬក៏​ចង់បាន​សន្ដិភាព​? ជាទូទៅ​គ្មាន​ប្រជាពលរដ្ឋ​ឯណា​ចង់បាន​សង្គ្រាម​នោះទេ​។ បើ​ប្រជាពលរដ្ឋ​មិន​ចង់បាន​សង្គ្រាម នោះ​គ្មានទេ​សង្គ្រាម​។ ក្នុងនោះ​ផងដែរ ទាហាន នគរបាល កងកម្លាំងប្រដាប់អាវុធ​គឺ​កើតចេញ​ប្រជាពលរដ្ឋ ជា​កូន​ជា​ចៅ​របស់​ប្រជាពលរដ្ឋ ហេតុនេះ​វា​នឹងមិន​មាន​ទេ​រូបភាព​ដែល​កូន​លើក​អាវុធ​បាញ់​ទៅ​ឪពុកម្ដាយ​ខ្លួន​។​

​ជារួម ប្រសិនបើ​សង្គម​បែប​ផ្ដាច់ការ​សង្គ្រាម​គឺអាច​កើតមាន​គ្រប់ពេល​ឲ្យ​តែ​មេដឹកនាំ​ចង់​ធ្វើ តែបើ​សង្គម​ប្រជាធិបតេយ្យ សង្គ្រាម​ឬ​សន្តិភាព​ប្រជាពលរដ្ឋ​គឺ​ភាគី​សំខាន់​ដែលជា​អ្នកកំណត់​។ ប្រសិនបើ​ប្រជាពលរដ្ឋ​អស់ជម្រើស ពេលនោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ចុះ​ផ្លូវ​ដើម្បី​ស្វែងរក​ការពិត​៕


© រក្សាសិទ្ធិដោយ thmeythmey.com