ពីនេះ ពីនោះ
តើ «​វប្បធម៌​ទុក​មុខ​» គួរ​បន្ត​ឲ្យ​មាន ឬ​ចាំបាច់​ត្រូវ​បញ្ឈប់​ពី​ការគ្រប់គ្រង​ក្នុង​ស្ថាប័ន​?
28, Oct 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅពេល​និយាយ​ពី​ការគ្រប់គ្រង​នៅក្នុង​ស្ថាប័ន​មួយ​គឺ​តែងតែ​តម្រូវ​ឲ្យ​មាន​វិន័យ​របស់​ស្ថាប័ន ច្បាប់​របស់​ស្ថាប័ន បទបញ្ជាផ្ទៃក្នុង​របស់​របស់​ស្ថាប័ន មិនថាតែ​ជា​ស្ថាប័នឯកជន ឬក៏​ស្ថាប័នរដ្ឋ​នោះទេ​។ ជាពិសេស​គឺ​នៅក្នុង​ស្ថាប័នរដ្ឋ គឺ​ត្រូវតែ​ជា​ស្ថាប័ន​មួយ​ដែល​អនុវត្ត​ច្បាប់ ឬ​បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​ឲ្យ​តឹងរឹង​ដើម្បី​ធ្វើជា​គំរូ​ដល់​ស្ថាប័ន​ដទៃ​។ ក៏ប៉ុន្តែ​សម្រាប់​សង្គម​បច្ចុប្បន្ននេះ​គេ​បែរជា​ពេញនិយម​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា «​ទុក​មុខ​ឲ្យ​គ្នា​, ទុក​មុខ​ឲ្យ​ស្ថាប័ន​...​ជាដើម​» ជាជាង​ការ​លាតត្រដាង​ការពិត ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង និង​ការធ្វើ​សេចក្ដីសម្រេច​ទៅតាម​ច្បាប់​។



​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ យើង​ឃើញ​មាន​រូបភាព​ជាច្រើន ដែល​កន្លងទៅ​ស្ថាប័ន​មួយចំនួនធំ​តែងតែ​សម្រួល​ដល់​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​បទល្មើស ប្រព្រឹត្ត​អំពើពុករលួយ​ឲ្យ​គេច​ផុតពី​ការដាក់ទោសទណ្ឌ​។ ហើយ​តែងតែ​សម្រួល​ក្រោមលេស​ថា ដក​ពី​តំណែង​នេះ​ឲ្យ​ទៅធ្វើ​ដំណែង​នោះ បុគ្គល​នោះ​គឺជា​មន្ត្រី​ចាស់ មន្ត្រី​នោះ​មាន​សែ​ធំ មាន​បក្សពួក​ធំ​ជាដើម​។ ចំណែក​ស្ថាប័ន​ខ្លះទៀត​មិន​ហ៊ាន​បើកមុខ​ជន​ប្រព្រឹត្ត​ខុស​ទេ ព្រោះ​ខ្លាច​គេ​មើល​មក​ស្ថាប័ន​ខ្លួន​ថា​អាក្រក់​។ ព្រោះតែ​ចង់ទុក​មុខ​ឲ្យ​បុគ្គល និង​ស្ថាប័ន​។

​ក៏ប៉ុន្តែ​ប្រសិនបើ​ការគិត​បែបនេះ ការធ្វើ​បែបនេះ​នៅតែ​បន្តរ នោះ​នឹង​នាំ​ឲ្យ​ច្បាប់សង្គម​លែងមាន​តម្លៃ បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​លែងមាន​ប្រសិទ្ធភាព មន្ត្រី​អាក្រក់​នៅតែ​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ស្ថាប័ន​វិនាស សង្គម​អន្តរាយ​។ មន្ត្រី​អាក្រក់​លែងគោ​រព​ច្បាប់ ធ្វើ​អ្វីៗ​បំពាន​ច្បាប់ ព្រោះតែ​គ្មាន​ការដាក់ទោសទណ្ឌ នាំ​ឲ្យ​ក្លាយជា​គំរូ​អាក្រក់​ដល់​សាធារណជន​ទូទៅ​។ យូរៗ​ទៅ​វប្បធម៌​មួយ​នេះ​នាំ​ឲ្យ​មនុស្ស​លែង​ជឿជាក់​លើ​ច្បាប់​, ស្ថាប័នរដ្ឋ​, មន្ត្រី​រដ្ឋ ហើយ​រាស្ត្រ​រើសយក​ជម្រើស​ខ្លួនឯង​សម្រាប់​ដើរ​មិន​ខ្វល់​ពីអ្វី​ទាំងអស់ ពេលនោះ​ហើយ​ដែល​សង្គម​ត្រូវ​ប្រឈម​ជាមួយ​ហានិភ័យ​នៃ​ភាពអសន្តិសុខ​សង្គម​។​

​ជារួម «​វប្បធម៌​ទុក​មុខ​» ត្រូវតែ​បញ្ឈប់​ពី​ប្រព័ន្ធគ្រប់គ្រង ទាំង​ក្រោមរូបភាព​ដោះដូរ​តំណែង យល់មុខ​ថា​ជា​មន្ត្រី​ចាស់ ព្រោះ​តែមាន​សែស្រឡាយ​ធំ មាន​បក្សពួក​ជា​អ្នកធំ បងប្អូន​ខ្ញុំ កូន​ខ្ញុំ​ជាដើម​។ តែ​ត្រូវ​ទាញ​បុគ្គល​ទាំងនោះ​ឲ្យ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ចំពោះមុខ​សាធារណជន​នូវ​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ដែល​បទបញ្ជា​បាន​តាក់តែង និង​ច្បាប់​របស់​សង្គម​បានកំណត់​៕


© រក្សាសិទ្ធិដោយ thmeythmey.com