ពីនេះ ពីនោះ
តើ​គោលនយោបាយ​ពិតជា​អាច​អនុវត្តន៍​បាន​ភ្លាមៗ ឬ​យ៉ាងណា​សម្រាប់​បក្ស​មួយ​?
30, Oct 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​សកម្មភាព​ឃោសនា សកម្ម​ភាពចុះ​ជួប​ប្រជាពលរដ្ឋ គេ​តែងតែ​ឃើញ​អ្នកនយោបាយ​បង្ហាញ​ពី​គោលនយោបាយ និង​ផ្ដល់​ការសន្យា​ជូន​ប្រជាពលរដ្ឋ​ថា​ខ្លួន​នឹងធ្វើ​ឲ្យ​បាន នៅ​អ្វី​ដែលជា​គោលនយោបាយ​សំខាន់ៗ​ដែល​បក្ស​ខ្លួន​បានកំណត់ ពេលដែល​ខ្លួន​បាន​អំណាច​ទៅ​ដឹកនាំ​ប្រទេស​។ ក៏ប៉ុន្តែ​នៅក្នុង​ក្រសែភ្នែក​ប្រជាពលរដ្ឋ​តែងតែ​មើលឃើញថា ការនិយាយ ការសន្យា​ទាំងនោះ​គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​បោកប្រាស់ ព្រោះ​មិនឃើញ​អនុវត្តន៍​បាន​ភ្លាមៗ​តាម​អ្វីដែល​ពួកគាត់​ត្រូវការ​។



​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​គឺ​ត្រូវតែ​តាមដាន និង​ស្វែងយល់​ពី​ភាពខុសគ្នា​រវាង​គោលនយោបាយ និង​ការធ្វើ​នយោបាយ​ឲ្យ​បានច្បាស់លាស់ ពេលនោះ​សាធារណជន​នឹង​លែងមាន​ចម្ងល់ និង​លែងមាន​ការវិនិច្ឆ័យ​ខុស​តទៅទៀត​។ នៅពេលដែល​គេ​និយាយ​ពី​គោលនយោបាយ​គឺ​គេ​សម្ដៅ​ដល់​ផែនការ ឬ​ចំនុច​អត្ថិភាព​ដែល​គណបក្សនយោបាយ​នីមួយៗ​រៀបចំឡើង ជា​ចំនុច​គោល​ដែល​ត្រូវតែទៅ​ដោះស្រាយ​នៅពេលដែល​ខ្លួន​បាន​ទៅកាន់​អំណាច​រដ្ឋ​។ ចំណែក​ការធ្វើ​នយោបាយ​គឺ​ផ្តោតទៅលើ​សកម្មភាព​របស់​អ្នកនយោបាយ ថា​ត្រូវធ្វើ​ដោយ​សកម្មភាព​បែបណា មាន​ព្រឹត្តិការណ៍​បែបណា និង​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើ​នយោបាយ​បែបណា​។

​ត្រលប់​ទៅ​មើល​ពី​ការអនុវត្ត​គោលនយោបាយ​វិញ តើ​អាចធ្វើ​ទៅបាន​ដោយ​ភ្លាមៗ បន្ទាប់ពី​បុគ្គល​ណាមួយ បក្ស​ណាមួយ ឬ​ក្រុម​អ្នកនយោបាយ​ណាមួយ បាន​ទៅកាន់​អំណាច ឬ​មាន​អាសនៈ​នៅក្នុង​សភា​បាន​ឬ​យ៉ាងណា​? ប្រសិនបើ​សាធារណជន​គិតថា ត្រឹមតែ​១​ឆ្នាំ ២​ឆ្នាំ ឬក៏​៣​ឆ្នាំ អ្នកនយោបាយ​អាច​អនុវត្តន៍ ឬ​មិន​អនុវត្តន៍​គោលនយោបាយ​បាន​នោះ ការគិត​បែបនេះ​ប្រហែលជា​ការគិត​ខុសឆ្គង​មួយ​។ ព្រោះថា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​គឺ​មិនមែនជា​រឿង​សាមញ្ញ​ដូច​ការពិភាក្សា​ក្រុម​ដោះស្រាយ​សំណួរចម្លើយ​គ្រូ​ដាក់​ឲ្យ​នោះឡើយ​។ បញ្ហា​ជាតិ​គឺជា​សំណុំរឿង​ដ៏​ស្មុគស្មាញ ជា​បណ្ដុំ​បញ្ហា ដែល​មិនអាច​ដោះស្រាយបាន​ដោយ​ងាយ​។ ហើយ​វា​មិនមែនជា​រឿង ឬ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ចំពោះតែ​មនុស្ស​មួយក្រុម​តូច តែ​ជា​បញ្ហា​ដែល​ត្រូវ​ប្រឈម​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ  នៅក្នុង​សង្គម​។ ហើយ​បញ្ហា នីមួយៗ​សុទ្ធ​តែមាន​បែបផែន​ត្រូវ​ដោះស្រាយ និង​ដំណាក់កាល​នៃ​ការដោះស្រាយ​។ ដូចជា បញ្ហា​សង្គមកិច្ច​ថា​ត្រូវ​ដោះស្រាយ​បែបណា​? ផ្នែក​បរិស្ថាន​ត្រូវ​ដោះស្រាយ​បែបណា​? សេដ្ឋកិច្ច​ដោះស្រាយ​បែបណា​? នយោបាយ​ត្រូវ​ដោះស្រាយ​បែបណា​? នយោបាយ​ការបរទេស​ដោះស្រាយ​បែបណា​? សន្តិសុខ​ជាតិ​ត្រូវ​ដោះស្រាយ​បែបណា​? យុត្តិធម៌​ត្រូវ​ដោះស្រាយ​បែបណា​? ហើយ​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​បែបណា​?​។​ល​។ ពេលនោះ​ហើយ​ដែល​សាធារណជន​គួរ​កុំ​រំពឹងថា ពេល​អ្នកណាម្នាក់​ទៅកាន់​ការងារ​ស្រុកទេស​អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ភ្លាមៗ​ជាមួយ​គោលនយោបាយ​របស់​ពួកគេ​។​

​ក៏ប៉ុន្តែ​សម្រាប់​ករណី​ដែល​មេដឹកនាំ កាន់អំណាច​រាប់​ឆ្នាំ តែ​នៅតែ​បន្ត​ឲ្យ​បញ្ហា​ជាតិ​ចេះតែ​រីក​រាលដាល​កាន់តែ​ធំ កាន់​លំបាក នោះ​គឺ​វា​ស្ថិតនៅលើ​សមត្ថភាព​រប​ស់​បុគ្គល​ទាំងនោះ ចេតនា ឆន្ទៈ និង​មនសិការ​ដោះស្រាយ​បញ្ហា​ជាតិ​របស់​បុគ្គល​នោះ ហើយក៏​ជា​ពេលដែល​សាធារណជន​អាច​ពិចារណា​បាន និង​វាយតម្លៃ​បាន​ពី​មេដឹកនាំ​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com