ជាតិ
ច្បាប់​អង្គការ​រំខាន​កិច្ចប្រឹងប្រែង​រដ្ឋាភិបាល​អំពី«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»
31, Oct 2015 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កិច្ចខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​បរាជ័យ​នៅក្នុង​ការអនុវត្ត​បទ​ដ្ឋា​ន​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​ស្តីពី«ការទទួលខុសត្រូវ​ដើម្បី​បង្ការ» ដែលមាន​ការយល់ព្រម​ពី​ប្រមុខរដ្ឋ​នានា​កាលពី១០ឆ្នាំមុន​ដោយសារតែ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលមាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​បទដ្ឋាន​នេះ យល់ថា ច្បាប់​នេះ​នឹង​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​តស៊ូ​មតិ​ដោយ​អហិង្សា ហើយ​ងាក​ទៅរក​ហិង្សា។  ការ​ងាក​ទៅរក​អំពើហិង្សា​នេះហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាតឆ្ងាយ​ពី​បទដ្ឋាន​នៃ«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»នេះ​តែម្តង។


 
សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា នៅតែ​សម្តែង​ក្តីបារម្ភ​អំពី​ការអនុវត្ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​នឹងមិន​អាចរួមចំណែក​ដ​ល់​ការដោះស្រាយ​វិបត្តិ​សង្គម​ដែល​កើតមាន​ក្នុងពេល​បច្ចុប្បន្ននេះ​ទេ ហើយ​ច្បាប់​ដដែល​នេះ​ក៏​នឹង​អាចធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិបាក​ធានាបាន​នូវ​បទដ្ឋាន​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​ស្តីពី«ការទទួលខុសត្រូវ​ដើម្បី​បង្ការ» ដែលមាន​គោលបំណង​ទប់ស្កាត់​ការបង្ក​អំពើ​ឃោរឃៅ​ដោយ​មនុស្សជាតិ​ខ្លួនឯង។
 
«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»ដែល​ប្រទេស​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Responsibility to Protect គឺជា​បទដ្ឋាន​ថ្មី​មួយ​ដើម្បី​រារាំង និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ការ​បោសសម្អាត​ជនជាតិភាគតិច និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ការទទួលខុសត្រូវ​ដើម្បី​បង្ការ​នេះ​មិនមែនជា​ច្បាប់​នោះទេ ប៉ុន្តែ​វា​គឺជា​ការ​បេ្ត​ជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ដើម្បី​បង្ហាញផ្លូវ​ដល់​រដ្ឋ និង​ការរៀបចំ​ថ្នាក់​តំបន់ និង​អនុតំបន់​នានា​នៅក្នុង​ការបង្ការ​ប្រជាជន​ឲ្យ​គេច​ផុតពី​ឧក្រិដ្ឋកម្ម និង​អំពើហិង្សា​ទាំងនេះ។ នេះ​បើ​យោងទៅតាម​ឯកសារ​របស់​អង្គការ​សម្ព័ន្ធភាព​អន្តរជាតិ​សម្រាប់​ការទទួលខុសត្រូវ​ដើម្បី​បង្ការ (International Coalition for the Responsibility to Protect) ដែល​ធ្វើការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។
 
អ្នកស្រី​រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​ការអភិវឌ្ឍ​ដើម្បី​កម្ពុជា មានប្រសាសន៍ប្រាប់​វី​អូ​អេ​ថា ការធ្វើ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​មិន​ស្របទៅតាម​គោលការណ៍​នៃ«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»នោះទេ ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​ដែល​អាច​ផ្តើមចេញពី​ទ្រង់ទ្រាយ​តូច ហើយ​រីកធំឡើង​ទៅជា​អំពើហិង្សា​ដ៏​គ្រោះថ្នាក់​ដល់​ស្ថិរភាព​សង្គម។
 
«ខ្ញុំ​គិតថា វា​ហាក់ដូចជា​មិនសូវ​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហ្នឹង​ទេ ព្រោះ​ដូច​ថា រដ្ឋាភិបាល​គិត​ម្ខាង ឯ​សង្គម​ស៊ីវិល​សំណូមពរ​ទៅ រដ្ឋាភិបាល​លោក​តែងតែមាន​ការឆ្លើយតប​ទៅតាម​អ្វីដែល​លោក​អាច​ឆ្លើយតបបាន ដែល​ធ្វើ​ឲ្យ​យើង​ហ្នឹង​មិនទាន់ មិនទាន់​ពេញចិត្ត។ អញ្ចឹង​ដំណើរការ​អ្វីដែល​លោក​ចង់​ធ្វើ​គឺ​នៅតែ​បាន​អញ្ចឹង ហើយ​អញ្ចឹង​ដែល​ធ្វើ​ឲ្យ​យើង​គិតថា មិនមាន មិនអាច​ទប់ស្កាត់​ទៅលើ​អំពើហិង្សា​ហ្នឹង​បាន។ ហើយ​អញ្ចឹង បើសិនជា​ទប់​អត់​បាន ខ្ញុំ​គិតថា ប្រជា​ពល​ដ្ឋ​យើង​មើល ហើយ​ខាង​ភាគី​ប្រជាពលរដ្ឋ​គឺ​មិនមាន​ស្អី​ទេ។ ហើយ​អញ្ចឹង​ទៅខាង​រដ្ឋាភិបាល​លោក​មាន​កម្លាំងប្រដាប់អាវុធ ហើយ​តែងតែ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប។ ត្រង់​ហ្នឹងហើយ​ដែល​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ»។
 
អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​កើតមាន​អំពើហិង្សាជារឿយៗ ជាពិសេស​ទាក់ទង​នឹង​បញ្ហាដីធ្លី ការតវ៉ា​របស់​កម្មក​រ និង​ការបញ្ចេញមតិ​តាម​រដ្ឋធម្មនុញ្ញ ត្រូវគេ​ឃើញថា មានការ​វាយដំ បង្ក្រាប​យ៉ាងខ្លាំង និង​ចាប់​ដាក់គុក។  ហើយ​ក្រោយ​ពេលដែល​ច្បាប់​អង្គការ សមាគម​ត្រូវ​បានអនុម័ត​ដោយ​សភា​មក គេ​សង្កេតឃើញថា មានការ​រិត​ត្បិត​ការបញ្ចេញមតិ តែ​បាតុកម្ម​គាំទ្រ​គណបក្ស​គ្រប់គ្រង​ប្រទេស​ត្រូវគេ​ឃើញថា ធ្វើឡើង​ដោយ​ងាយស្រួល។  នៅក្នុង​សប្តាហ៍​នេះដែរ តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប​ត្រូវបាន​វាយដំ ទាត់​ធាក់​ដោយ​ក្រុមបាតុករ​ដែល​គេ​ជឿថា ជា​អ្នកគាំទ្រ​គណបក្សកាន់អំណាច។ ការ​វាយ​ទាត់​ធាក់​នេះ​កើតមាន​ខណៈ​ក្រុមបាតុករ​នេះ​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចុះ​ចេញពី​តំណែង​អនុប្រធានរដ្ឋសភា។
 
អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការទប់ស្កាត់​អំពើហិង្សា ដែល​កើតចេញពី​ទំនាស់​នៅក្នុង​សហគមន៍។ នេះ​បើ​យោងទៅតាម​ឯកសារ​អប់រំ​នៃ​គោលការណ៍«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»។
 
ឯកសារ​នោះ​សរសេរថា «សមាជិក​នៃ​សង្គម​ស៊ីវិល​ត្រូវបាន​ដាក់​ឲ្យ​ធ្វើការ​យ៉ាង​ល្អ​ទៅតាម​ចំណេះដឹង​របស់​ពួកគេ និង​ស្ថានភាព​នៅ​កៀក​ជិត​នឹង​សហគមន៍​ដែល​រងគ្រោះ​ដោយ​វិបត្តិ ដើម្បី​លើកទឹកចិត្ត​ដល់​ភាគី ដែល​កំពុង​មានទំនាស់ ឲ្យ​ធ្វើ​ការចរចា និង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ទាំងនោះ​ដោយ​អហិង្សា ក៏ដូចជា​គាំទ្រ និង​ចូលរួម ហើយ​និង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​សម្របសម្រួល ឬ​ដោះស្រាយ​ជម្លោះ​ទាំងឡាយណា​ដែល​អាច​នាំទៅរក​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ»។
យ៉ាងណាក៏ដោយ អង្គនីតិបញ្ញតិ ឬ​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា​បានអនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស់ ដែល​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ពេញចិត្ត​នោះទេ។ ពួកគេ​និយាយថា ច្បាប់​នេះ​នឹង​រឹតបន្តឹង​លើ​សកម្មភាព​របស់​សមា​គម និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ពីព្រោះ​ច្បាប់​នេះ​មិនបាន​ពន្យល់​ច្បាស់​អំពី​ចំណុច​ជាច្រើន​ដែល​អាច​ទប់ស្កាត់​សកម្មភាព​របស់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ។
 
មាត្រា៨នៃ​ច្បាប់​នេះ​បាន​ចែងថា៖ ក្រសួងមហាផ្ទៃ​អាច​បដិសេធ​ការស្នើសុំ​ចុះបញ្ជី​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ណា ដែល​ត្រូវបាន​រកឃើញថា មាន​គោលបំណង និង​ទិសដៅ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​សង្គមជាតិ​កម្ពុ​ជា។ សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​ក្រសួងមហាផ្ទៃ​សម្រេច​បដិសេធ​ការស្នើសុំ​ចុះបញ្ជី មាន​សិទ្ធិ​ប្តឹងទៅ​តុលាការ»។
 
លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ មានប្រសាសន៍ប្រាប់ VOA ថា ច្បាប់​នេះ​អាច​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ការតស៊ូ​មតិ​តាម​ការ​ចងក្រង​ជា​ក្រុមតូចៗ អាច​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​បានទេ នៅពេល​ច្បាប់​នេះ​ត្រូវបាន​យកមកប្រើ​ប្រាស់ច្រើនឡើងៗនោះ។
 
«ជាធម្មតា កាលណា​យើង​បិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ទាំងអស់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អី បានន័យថា ដូច​យើង​យក​ទឹក​ក្តៅ យក​អី​ទៅ​បិទ​រន្ធកណ្តុរ​អញ្ចឹង​ណា៎។  អញ្ចឹង​ដល់ពេល​យើង​បិទ​ជិត​អស់ អត់​មាន​ធ្វើ​អី​សម្រាប់​ឲ្យ​ដកដង្ហើម ពេល​ហ្នឹង​គឺជា​ធម្មតា​សត្វ​ទាំងអស់ វា​ត្រូវ​បុក​ចេញ​ហើយ។  អញ្ចឹង ពេល​ហ្នឹងហើយ​ដែល​វា​អាចមាន​បញ្ហា​កើតឡើង​នៅពេល​ខាងមុខ ដោយសារតែ​ការ​រិត​ត្បិត​សិទ្ធិសេរីភាព​ខ្លាំងទៅៗ ហើយ​មាន​ការតស៊ូ និង​តវ៉ាច្រើនឡើង។ ហើយ​ពេល​ហ្នឹង កាលណា​កើតចេញ​ច្រើន​ធ្វើ​អី​មិនកើត  គេ​ប្រើ​កម្លាំង​បង្ក្រាប។ អាហ្នឹង​អំពើហិង្សា​នឹង​អាច​កើតឡើង។ វា​អាច​នឹងមាន។ យើង​មាន​មេរៀនបន្តៗហើយ ដូចជា​នៅ​ឆ្នាំ២០១៤មានការ​បង្ក្រាប​ទៅលើ​កម្មករ​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជា​ហូរហែ អា​ហ្នុ​ង​គឺ​បើសិនជា​យើង​រឹតត្បិត​កាន់តែខ្លាំងទៅៗ អំពើហិង្សា ហើយ​និង​ការប៉ះពាល់​ដល់​អាយុជីវិត ក៏ដូចជា​រូបរាងកាយ នឹង​កើតមាន​ជា​បន្តបន្ទាប់»។
 
ថ្វីដ្បិតតែ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​លក្ខណៈ​រឹតត្បិត​ដែល​អាច​បង្ក​ទៅជា​អំពើហិង្សា​ក្តី មន្ត្រី​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែងតែ​និយាយ​សរសើរ​ថា ច្បាប់​នេះ​មាន​ភាពល្អប្រសើរ និង​ធូររលុង​ជាង​ច្បាប់​នៅក្នុង​ប្រទេស​ដទៃ ជាពិសេស​គឺ​ក្នុងប្រទេស​ឧស្សាហកម្ម​ជឿនលឿន។ រីឯ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតែបាន​លើកឡើង​ពី​យុទ្ធសាស្ត្រឈ្នះៗរបស់លោក ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​ប្រទេស​កម្ពុ​ជានា​ចុងឆ្នាំ១៩៩។ រដ្ឋាភិបាល​របស់លោក​បាន​ទប់ស្កាត់​មិន​ឲ្យ​មាន​ការវិល​ត្រឡប់មក​វិញ​នៃ​របប​ខ្មែរក្រហម​ដ៏​ប្រល័យ។
 
នៅក្នុង​សុន្ទរកថា​របស់លោក​ហ៊ុន សែន​ដែល​បាន​ផ្តល់ជូន​ដល់​អ្នកចូលរួម​នៅក្នុង​វេទិកា​អន្តរជាតិ​ស្តីពី«ការទទួលខុសត្រូវ​ដើម្បី​បង្ការ» កាលពី​ខែកុម្ភៈ​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី​បានសរសេរថា ប្រទេស​កម្ពុជា​កំពុងតែ​រួមចំណែក​ធំ​មួយ​ក្នុងការ​ការពារ​ប្រជាពលរដ្ឋ​ពី​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ការលុបបំបាត់​ជនជាតិភាគតិច និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ក្នុងប្រទេស​ដទៃទៀត​ផង​ដែរ។ ក្នុងនោះ កម្ពុជា​ពិតជា​មាន​មោទនភាព​ក្នុងការ​រួមចំណែក​លើ​ប្រតិបត្តិ​ការរក្សា​សន្តិភាព និង​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ។ ក្នុងពេល​បច្ចុប្បន្ននេះ ជនជាតិ​កម្ពុជា​ប្រមាណ១០០០នាក់​កំពុងតែ​បំពេញបេសកកម្ម រួមចំណែក​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព និង​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក។
 
លោក​ហ៊ុន សែន ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​នោះ​ថា៖
«ខ្ញុំ​ជឿជាក់ថា ប្រទេស​កម្ពុ​ជាមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់«ការទទួលខុសត្រូវ​ដើម្បី​បង្ការ» និង​ការទប់ស្កាត់​អំពើ​ឃោរឃៅ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​បទពិសោធន៍​ពិសេស​របស់ខ្លួន និងអ្វីៗដែល​យើង​សម្រេចបាន​នាពេល​កន្លងមក ក្នុងការ​ដោះស្រាយ​អំពើ​ឃោរឃៅ​ក្រោម​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម»។
 
របប​ខ្មែរក្រហម​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ១,៧លាន​នាក់។ របប​នោះ​មិន​តម្រូវ​ឲ្យ​មាន​សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល​នោះទេ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងសម័យ​នោះ​ត្រូវតែ​ស្តាប់​តាម​អង្គការ​ចាត់តាំង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ឆ្លងកាត់​សម័យ​នោះ​ស្គាល់​ថា«អង្គការ»។ សិទ្ធិ​ពលរដ្ឋ​ខ្មែរ​គ្រប់យ៉ាង​ត្រូវបាន​កម្ទេច ពីព្រោះ​រាល់​កិច្ចការ​ត្រូវ​កំណត់ឡើង​ដោយ «អង្គការ»នៃ​ក្រុម​កុម្មុយនីស្ត​ខោអាវ​ខ្មៅ​នេះ។
 
នៅក្នុង​សង្គម​ខ្មែរ​នា​សម័យ​សង្គម​ប្រជាធិបតេយ្យ​នេះ គេ​សង្កេតឃើញថា វប្បធម៌​និ​ទណ្ឌ​ភាព​នៅតែ​បន្ត​កើតមាន ខណៈដែល​ប្រទេស​ដ៏​ក្រីក្រ​នេះ កំពុង​ប្រឈម​ជាមួយនឹង​សកម្មភាព​ហិង្សា និង​ការបាញ់សម្លាប់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ភាគច្រើន​មិនទាន់​ត្រូវបាន​នាំមក​កាត់ទោស​នោះឡើយ។ ពួក​មេដឹកនាំ​ខ្មែរក្រហម របប​បាន​ហៅ​របប​ខ្លួនឯង​ថា «កម្ពុជា​ប្រជាធិបតេយ្យ»។
 
ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​អាច​បញ្ចៀស​សង្គ្រាម​ក្នុងស្រុក​ដែល​ធ្លាប់​កើតមាន ហើយ​មិនអាច​មានការ​សម្លាប់រ​ង្គា​ល​ដូច​សម័យ​ខ្មែរក្រហម​នោះទេ ប្រសិនបើ​មានការ​គោរព​ច្បាប់​ត្រឹមត្រូវ​ដោយ​មេដឹកនាំ​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ។  ច្បាប់​ដែល​ធ្វើឡើង​មិនអាច​មាន​ភាព​តឹងរឹង​នោះដែរ។  សម័យ​ខ្មែរក្រហម​កើតមាន​ដោយសារ​កំហឹង​វណ្ណៈ អ្នកក្រ​ស្អប់​អ្នកមាន។ ពេល​ក្រុម​នេះ​កាន់កាប់​ប្រទេស​កម្ពុជា​រយៈពេល​បី​ឆ្នាំ ពី​ឆ្នាំ១៩៧៥ដល់១៩៧៩ កម្ពុជា​មិនបាន​គ្រប់គ្រង​ដោយ​ច្បាប់​ទេ តែ​ដោយ​ការចាប់​កំហុស​គ្នា​ទៅវិញទៅមក ឈានដល់​ការកាប់សម្លាប់​គ្នាឯង​យ៉ាង​ព្រៃផ្សៃ។
 
លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​លើ​ការអនុវត្ត​ច្បាប់​ដែល​មិនមាន​លក្ខណៈ​តឹងរឹង​ខ្លាំង ហើយ​អាច​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​សាធារណៈ​ដែលជា​ដើមចម​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដូចជា​សង្គ្រាម​ក្នុងស្រុក និង​អំពើ​ប្រល័យពូជសាសន៍​ក្នុង​របប​ខ្មែរក្រហម។
«យើង​គួរតែមាន​ការអនុវត្ត​ច្បាប់ ការគោរព​សិទ្ធិមនុស្ស ទៅតាម​រដ្ឋធម្មនុញ្ញ​ទៅតាម​បទដ្ឋាន​អន្តរជាតិ​នានា ជាពិសេស កម្ពុជា​យើង ដែលជា​រដ្ឋ​ភាគី​នៃ​អង្គការសហប្រជាជាតិ ហើយ​ដែល​បានផ្តល់​សច្ចាប័ន និង​ផ្តល់​ហត្ថលេខា​ជាច្រើន​ទៅលើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស​ជាច្រើន​នោះ យើង​គួរតែ​នាំគ្នា​គោរព ហើយ​បើ​មានការ​បើកទូលាយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស  នោះ​នឹង​មិនមាន​បញ្ហា​ទាំងអស់​ហ្នឹង​កើតមាន​នៅពេល​ខាងមុខ​ទេ»។
 
ដោយហេតុតែ​មើលឃើញ​នូវ​គ្រោះថ្នាក់​ដែល​អំពី​ហិង្សា​នាំទៅ​ជា​គំនុំគុំកួន​កាប់សម្លាប់​នេះ ទើប​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ជាច្រើន ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ទទួលយក​គោលការណ៍«ការទទួលខុសត្រូវ​ដើម្បី​បង្ការ»នេះ​នៅក្នុង​ខែកញ្ញា​ឆ្នាំ២០១៥៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com