ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ៖ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ដូចជា​គេ​មួល​បង្កាច់​ខ្ញុំ​ទេ
31, Oct 2015 , 9:34 am        
រូបភាព
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា អះអាងថា លោក​មិនមាន​ធ្វើ​អ្វី​ខុស​ដូច​ការលើកឡើង​របស់​រដ្ឋសភា​នោះទេ។ហើយ​សារ​នយោបាយទៅកាន់​ប្រជាពលរដ្ឋ​របស់លោក​កន្លងមក គឺ​មិនដែល​ញុះញង់ អុចអាល​ឲ្យ​មាន​សង្គ្រាម ឬ​អំពើហិង្សា​កើតឡើង​​នោះឡើយ។ ការលើកឡើង​របស់លោក កឹម សុខា នេះ​គឺ​ឆ្លើយតប​ទៅនឹង​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បោះឆ្នោត​ដក​រូបលោក​ចេញពី​តួនាទី​អនុប្រធាន​ទី១ ក្រោយ​ហេតុផល​ថា សារ​នយោបាយ​របស់លោក កឹម សុខា ជា​រូបភាព​ញុះញង់ និង​ធ្វើ​ខុសពី​តួនាទី​អនុប្រធាន​ទី១នៃ​រដ្ឋសភា។


 
ឆ្លើយតប​ទៅកាន់​រដ្ឋសភា​ទៀត​នោះ លោក កឹម សុខា បន្ថែមថា រាល់ពេល​ដែល​លោក​ចុះតាមមូលដ្ឋាននិង​ថ្លែង​សារ​នយោបាយ​ជាមួយ​ប្រជាពលរដ្ឋ គឺ​លោក​ប្រើ​តួនាទី​ជា​តំណាងរាស្ត្រ និង​តំណាង​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​តួនាទី​អនុប្រធាន​ទី១រដ្ឋសភា​នោះទេ។
 
ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី៣០ តុលា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖មូល​ហេតុដែល​គណបក្ស​ប្រជាជន​លើកឡើង​នេះ​គឺ​អត់​ត្រឹមត្រូវ​ទាល់តែសោះ ពីព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ដូចជា​គេ​មូល​បង្កាច់​ខ្ញុំ​ទេ។ខ្ញុំ​និយាយ​អ្វី​តែ​ដើម្បី​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ក្របខណ្ឌ​ជា​សង្គម​ប្រជាធិបតេយ្យ ក្នុងតួនាទី​ខ្ញុំ​ជា​តំណាងរាស្ត្រ ក្នុងតួនាទី​ខ្ញុំ​ជា​គណបក្ស​ដែលមាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា។ ខ្ញុំ​មិនដែល​ប្រើ​អំពើហិង្សា ខ្ញុំ​មិនដែល​ញុះញង់ ខ្ញុំ​មិនដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ ហើយ​ខ្ញុំ​ក៏​មិនដែល​ប្រើពាក្យ​ឲ្យ​មាន​សង្គ្រាម ឲ្យ​មាន​ហិង្សា​ទាល់តែសោះ»។
 
គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ការដកតំណែង​លោក កឹម សុខា គឺ​បង្ហាញ​អំពី​ការរំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី២២កក្ដ​ដា ឆ្នាំ២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ហើយ​ការដក​ជា​រំលោភ​រដ្ឋធម្មនុញ្ញ ត្រង់ មាត្រា៨៧រដ្ឋធម្មនុញ្ញ។ប៉ុន្ដែ​រដ្ឋសភា​អះអាង​វិញ​ថា​មាត្រា ៨៧ នេះ ពុំបាន​ហាមឃាត់​រដ្ឋសភា​កម្ពុជា ក្នុងការ​ផ្លាស់ប្តូរ​មុខតំណែង​ប្រធាន ឬ​អនុប្រធាន​នៃ​រដ្ឋសភា​ឡើយ៕
 
 

Tag:
 លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com