ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ថា បើ​ដាក់​បេក្ខភាព​ទៅ​ជំនួស​មានន័យថា​CNRPអត់​មាន​ឯករាជ្យភាព
31, Oct 2015 , 11:06 am        
រូបភាព
គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​មិន​តែងតាំង​បេក្ខភាព​ណាមួយ​ទៅ​បំពេញ​តួនាទី​ជា​អនុប្រធានរដ្ឋសភា ដែលជា​កូតា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​មូលហេតុ​ថា ការមិន​ដាក់​បេក្ខភាព​ណា​ទៅកាន់​តំណែង​អនុប្រធាន​នេះ គឺ​គណបក្ស​លោក​ចង់​បង្ហាញថា ខ្លួន​កំពុង​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ ។


 
លោក កឹម សុខា បន្ថែមថា បើសិនជា​គណបក្ស​លោក​ដាក់​បេក្ខភាព​ណាមួយ​ទៅ​បំពេញ​តួនាទី​ជា​អនុប្រធានរដ្ឋសភា​នោះ បានន័យថា គណបក្ស​លោក​មិនមាន​អធិបតេយ្យភាព​ឡើយ ដូច្នេះ​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បញ្ជូន​បេក្ខភាព​ថ្មី​ទៅកាន់​តំណែង​អនុប្រធានរដ្ឋសភា​នេះ។ 
 
ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី៣០ តុលា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ៖«មានន័យថា​បើសិនជា​យើង​បញ្ជូន​បេក្ខភាព​ទៅ​ជំនួស មានន័យថា​យើង​យល់ស្រប​នូវ​អ្វីដែល​គេ​ធ្វើ​ខុស យល់ស្រប​នូវ​ការរំលោភ​រដ្ឋធម្មនុញ្ញ យល់ស្រប​នូវ​ការរំលោភ​កិច្ចព្រមព្រៀង ហើយ​យល់ស្រប​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​អត់​មាន​អធិបតេយ្យភាព​ខ្លួនឯង​ទេ។ អត់​មាន​ឯករាជ្យភាព​ខ្លួន​ទេ ស្រេច​តែ​គេ​ប្រាប់​ឲ្យ​ដាក់​អ្នកណា ព្រម​អ្នកណា ហើយ​គេច​ង់​ដក​អ្នកណា​វិញ​ក៏បាន​ដែរ។យើង​អត់​មាន​គណបក្ស​មួយ​ដែល​អត់​មាន​អធិបតេយ្យភាព​ខ្លួន គឺ​យើង​មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​កើត​ទេ ត្រូវមាន​ឯករាជ្យភាព អធិបតេយ្យភាព​ខ្លួន»។
 
លោក កឹម សុខា អះអាងថា គណបក្ស​លោក​មិនមែនជា​គណបក្ស​រណប និង​បណ្ដា​យ​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​គណបក្ស​ទាំង​ពីរបាន​ស្រេច​តែ​ចិត្ត​នោះឡើយ៕
 

Tag:
 លោក កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com