ពីនេះ ពីនោះ
នៅ​ប្រទេស​រំដួល បក្ស​កាន់អំណាច ​នៅ​បង្ខំ​មនុស្ស​ឲ្យ​ផ្តិតមេដៃ​ទៀត​
03, Nov 2015 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ប្រទេស​រំដួល វា​ក៏បាន​កើតមាន​ការតវ៉ា​បណ្តេញ​មេគណបក្ស​ប្រឆាំង​ចេញ ចេញពី​តំណែង​អនុប្រធានរដ្ឋសភា​ដូច​នៅ​កម្ពុជា​ដែរ​។ គ្រាន់តែ​ថា នៅ​កម្ពុជា​ក្រោយពី​សមាជិក​រដ្ឋសភា​មកពី​គណបក្សកាន់អំណាច​បាន​បោះឆ្នោត​ ទម្លាក់​អនុប្រធានរដ្ឋសភា ដែលជា​អនុប្រធាន​គណបក្សប្រឆាំង បាន​ជោគជ័យ​ហើយ​នោះ វា​ក៏​ស្ងាត់​​ទៅវិញ​។



​ប៉ុន្តែ​នៅ​ប្រទេស​រំដួល​វិញ ប្រធាន​ស្ថាប័ន​តូចធំ ថ្នាក់ជាតិ ថ្នាក់​ខេត្ត ហើយក៏​ជា​អ្នកបម្រើ​នយោបាយ​បក្ស​កាន់អំណាច​ផង​នោះ បានរៀបចំ​ញត្តិ​គាំទ្រ​ការបណ្តេញ​មេដឹកនាំ​បក្សប្រឆាំង​ចេញពី​តួនាទី​ អនុប្រធានរដ្ឋសភា ដោយ​បង្ខំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ផ្តិតមេដៃ​គាំទ្រ​។​

​មន្ត្រី​ចាស់​របស់​បក្ស​កាន់អំណាច​នៃ​ប្រទេស​រំដួល​កំពុង​រាំ​ខុស​ចង្វាក់ រាំ​ខុស​ពេលវេលា ហើយក៏​កំពុង​ទម្លាក់​ថ្ម​បាក់​ទៅ​អ្នក​បន្តវេន​របស់ខ្លួន​ដែរ​។ នៅក្នុង​ដំណើរ​អភិវឌ្ឍ​ប្រទេស​រំដួល​ដ៏​យឺត​នោះ បក្ស​កាន់អំណាច​នៃ​ប្រទេស​រំដួល​ក៏បាន​បើកទូលាយ​នូវ​លំហ​ប្រជាធិបតេយ្យ​ ជារួម​ដែរ​។ ពលរដ្ឋ​នៃ​ប្រទេស​រំដួល​បានទទួល​ការអប់រំ​ច្រើន​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ប្រទេស​ជឿនលឿន​។ នៅក្នុង​កំណែទម្រង់​របស់ខ្លួន បក្ស​កាន់អំណាច​នៃ​ប្រទេស​រំដួល​បានជ្រើសរើស​យុវជន​សម័យ​ទំនើប​កាន់តែច្រើន​ ឲ្យ​បម្រើរាជការ​នៅតាម​ក្រសួង​មន្ទីរ​។​

​ផ្ទុយទៅវិញ ការបង្ខំ​ឲ្យ​មន្ត្រី​ឲ្យ​ផ្តិតមេដៃ​គាំទ្រ​គំនិត​របស់ខ្លួន​នោះ វា​បានទទួល​ត្រឹមតែ​ភាព​ស្អប់ និង​ភាពបរាជ័យ​នៅ​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​តែប៉ុណ្ណោះ​។ សកម្មភាព​បង្ខំ​មនុស្ស​ឲ្យ​គាំទ្រ​ខ្លួន​ដែល​ផ្តួចផ្តើម​ដោយ​ក្រុមមនុស្ស​ ចាស់ ក៏​កំពុងតែ​ដើរ​ផ្ទុយ​ពី​សកម្មភាព​របស់​ក្រុមមនុស្ស​ជំនាន់​ថ្មី​របស់​បក្ស​ កាន់អំណាច​នៃ​ប្រទេស​រំដួល ដែល​កំពុង​ប្រមូល​ប្រជាប្រិយភាព​តាម​គោលការណ៍​ស្ម័គ្រចិត្ត ស្មោះត្រង់ និង​ដោយ​សតិសម្បជញ្ញៈ​៕


© រក្សាសិទ្ធិដោយ thmeythmey.com