ពីនេះ ពីនោះ
ជាង​៣០​ឆ្នាំ​ហើយ​ឥទ្ធិពល​ហិង្សា​នៅតែមាន​ក្នុង​ផ្នត់គំនិត​ខ្មែរ​!
04, Nov 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ភ្នំពេញ​៖ ក្នុង​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម ប្រជាពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ទាំងស្រី ទាំង​ក្មេង​ទាំងចាស់ បាន​ពើបប្រទះ​និង​បាតុភូត​ផ្លូវចិត្ត​គឺ អំពើហិង្សា ការកាប់សម្លាប់ នៅ​នឹង​ភ្នែក​ស្រស់ៗ ។ ក្រោយពេល​របប​នេះ​បាន​រលត់​ទៅជា​ង​៣០​ឆ្នាំ គេ​នឹកស្មានថា រូបភាព​ហិង្សា​សម័យ​នោះ គឺ​ត្រូវបាន​បាត់បង់​ទៅហើយ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​ផ្នត់គំនិត​ហិង្សា​បែរជា​នៅមាន​អត្ថិភាព​ក្នុង​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កើត​ក្នុងសម័យ​នោះ​នៅឡើយ​។ ហើយ​វា​បាន​បន្ត​ជ្រាប​ចូលដល់​មនុស្ស​សម័យ​ថ្មី​នេះ​មួយចំនួន​។


​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​គួរ​ណាស់​តែ​ត្រូវបាន​លុបបំបាត់​នូវ​រូបភាព​ឃោ​ឃៅ​បែបនេះ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​សំណាញ់​ច្បាប់ ផ្ទុយទៅវិញ​បែរជា​នៅតែមាន​ហិង្សា​កើតមានឡើង​។ ដូចជា​ករណី​វាយ​អ្នកតំណាងរាស្ត្រ​ក្នុងពេល​ថ្មីៗ វាយ​ក្រុមបាតុករ វាយ​កម្មករ វាយ​ប្រជាពលរដ្ឋ​ដែល​តវា​សុំ​សិទ្ធិ​ដីធ្លី និង​ការកាត់ទោស​ដោយ​ប្រជា​តុលាការ​លើ​ចោរ​មួយចំនួន ដែល​សុទ្ធតែជា​ទិដ្ឋភាព​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់ មិន​ខុសពី​របប​កាលពី​៣០​ឆ្នាំមុន​។ ទោះបីជា​ពេលខ្លះ​វា​មិនមាន​ជា​រូបភាព​ធំ តែ​វា​នៅ​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​មួយចំនួន​នៅឡើយ​។ ដែល​យើង​មានការ​ពិបាក​ក្នុងការ​ពិចារណា​ពី​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុងពេល​បច្ចុប្បន្ន​។ 
 
​ហេតុនេះ តាមមើល​មានតែ​ប្រព័ន្ធ​ច្បាប់​ទេ​ដែល​អាច​កាត់បន្ថយ​រូបភាព​នេះ​ឲ្យ​ឈានទៅរក​សន្ដិភាព បាន​។ ហើយ​ច្បាប់​នោះ​គឺ​ចាំបាច់​ត្រូវតែ​ជា​ច្បាប់​យុត្តិធម៌ មាន​មនុស្ស​ល្អៗ​ដើម្បី​ទៅកាន់​កិច្ចការ​នេះ​ដើម្បី​ធានា​ភាពយុត្តិធម៌​សង្គម​ឡើងវិញ​។ មិនតែប៉ុណ្ណោះ​ច្បាប់​អាច​ទាញ់អារម្មណ៍​ប្រជាជន​ឲ្យ​មាន​ទំនុកចិត្ត​លើ​ច្បាប់ ហើយ​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​យក​ច្បាប់​ជា​មាគ៌ា​ដើម្បី​ស្វែងរក​ការពិត​ជាជាង​ការយក​វិធីសាស្ត្រ​ហិង្សា​ដោះស្រាយ​បញ្ហា​៕

Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com