ពីនេះ ពីនោះ
វប្បធម៌​«​មនុស្ស​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល​គួរតែ​ត្រូវ​បញ្ចប់​ហើយ​»
06, Nov 2015 , 8:38 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ និយាយ​ពី​មនុស្ស​ពីរ​នាក់​ដេក​ទន្ទឹមគ្នា​ហើយ​ឈ្លោះ​គ្នា ប្រកែក​គ្នា​ដើម្បី​បាន​ដេក​កណ្ដាល គឺ​ពិតជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​នឹក​ដល់​ថា​ល្ងង់​បែប​នោះ​។ វា​ពិតជា​គ្មានទេ​ចំនុចកណ្ដាល​សម្រាប់​ពួកគេ​ទាំងពីរ​នាក់​។ បើ​និយាយ​បែបនេះ​គេ​នឹង​សួរថា ហេតុ​អី​ចាំបាច់​និយាយ​មក​ធ្វើ​អី​ព្រោះ​គ្មាន​អ្វីដែល​ចំលែក​នោះទេ​។



​រឿង​ដេក​រក​ចំណុចកណ្ដាល រវាង​មនុស្ស​ពីរ​នាក់​គឺជា​រឿង​ដែល​សាមញ្ញ មិនគួរ​និយាយ​មែន​។ ប៉ុន្តែ ចំណុចកណ្ដាល​កន្លែង​នេះ គឺ​ចង់​សំដៅ​ដល់​មនុស្ស​ជាទូទៅ​តែងតែ​តាំងខ្លួន​ជា​អ្នក​ត្រូវ រៀងៗ​ខ្លួន ហើយ​មិនសូវ​ចូលចិត្ត​ជជែក​រកហេតុ​ផល​ដើម្បី​រក​ចំណុចកណ្ដាល​នៃ​បញ្ហា​ឡើយ​។ ចំណែក​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ​គឺ ពិត​ជាមាន​ទិដ្ឋភាព​បែបនេះ ទាំង​នៅក្នុង​ទំនាស់​រវាង​បុគ្គល​និង​បុគ្គល ប្ដី​និង​ប្រពន្ធ ជាពិសេស​គឺ​នៅក្នុង​ឆាកនយោបាយ​ជាដើម​។ ពួកគេ​ទាំងនោះ​តែងតែ​ទាមទារ​ថា​ខ្លួន​ជា​អ្នក​ត្រូវ ហើយ​ភាគី​ជម្លោះ​របស់ខ្លួន​ជា​អ្នក​ខុស​។ រីឯ​វិស័យ​នយោបាយ​វិញ​បក្ស​នេះ​ថា​ខ្លួនឯង​ត្រូវ គោលនយោបាយ​ខ្លួន​ល្អ ហើយ​បក្ស​ផ្សេងៗ​គោលនយោបាយ​មិនល្អ ដូច​បក្ស​ខ្លួន​ជាដើម​។ នៅពេលនោះ​ហើយ​ដែល​ជម្លោះ​រវាង​មនុស្ស​ពីរ​នាក់​តែងតែ​កើតមាន ស្ថាប័ន​ពីរ​តែងតែ​កើតមាន​មិន​ចប់​ហើយ នៅតែមាន​គំនុំ​និង​គ្នា​។ ហើយ​ពិបាក​ទាញ​ទៅរក​ការវិនិច្ឆ័យ​មួយ​ដើម្បី​កែតម្រូវ​គ្នា​ណាស់​។​

​ជាការ​ពិតណាស់​មនុស្ស​ទូទៅ តែងតែ​សូត្រ​ពាក្យ​មួយ​ឃ្លា​ថា «​គ្មាន​អ្នកណាម្នាក់​ដែល​ល្អឥតខ្ចោះ​នោះទេ​» គឺ​ត្រូវតែមាន​ខុស​នៅក្នុង​ជីវិត​។ ក៏ប៉ុន្តែ​ឃ្លា​នេះ​ហាក់​មិនត្រូវ​បាន​យកមកអនុវត្ត​ន៍​បាន​ពេញ​នៅឡើយ ព្រោះថា​ស្ទើរតែ​គ្រប់គ្នា​គឺ​តែងតែ​ចាត់ទុកថា​ខ្លួនឯង​ត្រូវ ខ្លួនឯង​ល្អ ទាំង​ដឹងថា​ខ្លួន​ខុស​ក៏ដោយ នេះ​ជា​សារជាតិ​មនុស្ស​មួយចំនួនធំ​។ ពេលនោះ​ហើយ​ដែល​គេ​អាច​និយាយថា​វា​ពិតជា​គ្មានទេ​ចំណុចកណ្ដាល​នោះ​។ ផ្ទុយទៅវិញ​អ្នក​ទាំងនោះ​ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​វប្បធម៌​ជជែក​គ្នា​រកហេតុ​ផល​ដើម្បី​ស្វែងរក​តុល្យភាព​នៃ​បញ្ហា​ឲ្យ​ឃើញ​ក្នុងទិសដៅ​រស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត ស្វែងរក​ចំណុចកណ្ដាល​ធ្វើយ៉ាងណា​ឲ្យ​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន និង​មើលមុខ​គ្នា​ប្រកបដោយ​មនសិការ​ស្រឡាញ់ និង​ជួយ​គ្នា​ជំនួស​ការ​ឃើញ​មុខ​បង្ករ​កំហឹង​៕


© រក្សាសិទ្ធិដោយ thmeythmey.com