ពីនេះ ពីនោះ
កូនចៅ​គ្មាន​បាប​ព្រោះ​ទទួល​ទ្រព្យ​ដែល​បានមកពី​អំពើពុករលួយ​ឡើយ​!
07, Nov 2015 , 9:19 pm        
រូបភាព
​អំពើ​បាប កើតមាន​ដល់​បុគ្គល​ណា ទល់​តែ​បុគ្គល​នោះ​ជា​អ្នកប្រព្រឹត្ត​។ បាប មិនកើត​មាន​ដល់​បុគ្គល​ណា​ដែល​មិនបាន​សាង​នោះទេ​។ បើ​បុគ្គល​ណា​ធ្វើអំពើ​បាប បុគ្គល​នោះ​នឹង​បាន​បាប គ្មាន​អ្នកណាម្នាក់​អាចមក​ទទួល​បាប​ជំនួស​បាន​ឡើង​។ នេះ​ជា​ក្រឹត្យក្រម​នៃ​ច្បាប់ធម្មជាតិ​។​



​នៅក្នុង​សង្គម គ្រួសារ​ខ្លះ​មាន​ជីតា​ឬ​ឪពុក​ជា​មន្ត្រីរាជការ មាន​ឋានៈ​ខ្ពង់ខ្ពស់ តែ​បែរជា​ប្រព្រឹត្ត​អំពើពុករលួយ កេងចំណេញ​ថវិកាជាតិ ផ្សំគំនិត​ជាមួយ​ឈ្មួញ​ទុច្ចរិត ដើម្បី​កាប់បំផ្លាញ​ព្រៃឈើ រឹបអូស​ដី​ផ្ទះ​ស្រែចម្ការ​របស់​អ្នកដទៃ​។ ទង្វើ​នេះ​ធ្វើ​ឲ្យ​មន្ត្រី​នោះ​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន រហូត​ធ្វើ​ឲ្យ​រូបគេ​មានទ្រព្យ​ហូរហៀរ និង​បន្សល់ទុក​កេរ​មរតក ទ្រព្យសម្បត្តិ មាសប្រាក់​ដល់​កូនចៅ​ធ្វើជា​អ្នកមាន​ថែមទៀត​។ អំពើ​បាប​ដែល​ជីតា​ឬ​ឪពុក​បាន​សាង ពួកគេ​ត្រូវតែ​ទទួល ដោយ​ចៀស​មិន​រួច​។ ចុះ​កូនចៅ​អ្នកទទួល​ទ្រព្យសម្បតិ្ត​ទាំងនោះ​មាន​បាប​ដូច​ជីតា​ឬ​ឪពុក​ដែរ​ទេ​?

​ទ្រព្យសម្បតិ្ត មាសប្រាក់​ទាំងអស់​ដែល ទទួលបាន​ពី​ជីតា​ឬ​ឪពុក​នោះ មិនមែន​ជាហេតុ​នាំ​ឲ្យ​រូប​អ្នកជា​កូនចៅ​ទទួល​នូវ​អំពើ​បាប​ឡើយ ប្រសិនបើ​អ្នក​ពុំបាន​ដឹងថា ជីតា​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ ឬក៏​ដឹង​ដែរ តែ​មិនមាន​ចិត្ត​ត្រេកអរ​ចំពោះ​ផលប្រយោជន៍​ទាំងឡាយ​ដែល​បានមកពី​អំពើ​បាប​ទាំងនោះ ហើយ​ថែមទាំង​ជួយ​ទប់ស្កាត់​ជីតា​ឬ​ឪពុក​របស់ខ្លួន​ថែមទៀត​។ អំពើ​បាប​មិនមាន​ឥទ្ធិពល​ដល់​អ្នកណា​ដែល​មិនបាន​សាង ឬក៏​មានចិត្ត​ត្រេកអរ​នោះទេ​។​

​ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​ដឹងថា ឪពុក​ឬ​ជីតា​របស់​អ្នក​បាន​សាង​នូវ​អំពើពុករលួយ​ណាមួយ តែ​រូបអ្នក​នៅតែ​ត្រេកអរ ហើយ​ថែម​ជួយ​ជំរុញ​លើកទឹកចិត្ត ឬ​រិះរក​គ្រប់​ធ​ម្យោ​បាយ​ដើម្បី​ឲ្យ​ជីតា​ឬ​ឪពុក​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​នោះ ដោយ​គិតក្នុងចិត្ត​ថា ទ្រព្យសម្បត្តិ​នោះ​ប្រាប់​កដ​ជា​បាន​មកលើ​រូបអ្នក​ដែលជា​កូនចៅ ដូច្នេះ​អ្នក​ច្បាស់​ជា​ត្រូវ​ទទួល​អំពើ​បាប​ជាក់​ជាមិនខាន​។​

​អ្នក​គួរ​គប្បី​យល់ថា ការប្រព្រឹត្ត​អំពើពុករលួយ គឺមាន​បាប​ធ្ងន់ធ្ងរ​ណាស់​។ ហេតុផល​គឺថា បើ​អ្នក​កេងប្រវ័ញ្ច​លុយ​ជាតិ គឺ​ដូចជា​អ្នក​លួច​លុយ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែរ ហើយ​បើ​អ្នកយក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺ​ដូចជា​អ្នក​ឆក់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ដូចគ្នា ព្រោះ​សម្បត្តិ​របស់​រដ្ឋ គឺជា​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​ដូច្នេះ ក្នុងនាម​ជា​កូនចៅ អ្នក​ពុំគួរ​គប្បី​ឈរ​ឱបដៃ​មើល ជីតា​ឬ​ឪពុក​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ ព្រោះតែ​ដើម្បី​ចិញ្ចឹម​ខ្លួន​អ្នក​នោះទេ​។ អ្នក​គួរតែ​ព្យាយាម​អង្វរករ និង​ទប់ស្កាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​ឡើយ ព្រោះ​សង្គម​ខ្ពើមរអើម​ណាស់​។ អំពើពុករលួយ​គឺជា​ទង្វើ​បំផ្លាញ​ជាតិ ហើយ​ការបំផ្លាញ​ជាតិ​គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ព្រោះ​វា​ប៉ះពាល់​ដល់​ជីវិត​របស់​ប្រជាជន​ទូទាំងប្រទេស​៕



Tag:
 ព្រះធម៌​
  បាប​បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com