ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញ៉យ ចំរើន ស្បថ​ឲ្យ​ធ្លាក់​យន្តហោះ​ស្លាប់ បើ​លោក​បាន​ជេរ​ជនដៃដល់​ថា«អាយ៉ងយួន»
09, Nov 2015 , 11:27 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ញ៉យ ចំរើន
រូបពីហ្វេសប៊ុកលោក ញ៉យ ចំរើន
ប្រតិភូ​តំណាង​រដ្ឋសភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ឈាង វុន បាន​សួរសុខទុក្ខ​លោក គង់ សភា និង លោក ញ៉យ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាលនៅប្រទេសថៃ ​កាលពី​ថ្ងៃ​សៅរ៍​ទី៧វិច្ឆិកា។ នៅ​ចំពោះមុខ​លោក ឈាង វុន និង​តំណាងរាស្ត្រ​រដ្ឋសភា​មួយចំនួនទៀត​នោះ លោក ញ៉យ ចំរើន បាន​អះអាងថា លោក​មិនបាន​ជេរ​ពាក្យ«អាយ៉ងយួន» ទៅលើ​ជនដៃដល់​ដែល​បាន​ប្រើ​ហិង្សា​វាយដំ​លើ​រូបលោក​នោះទេ។



លោក ញ៉យ ចំរើន ក៏បាន​ស្បថ​ចំពោះមុខ​ប្រតិភូ​តំណាងរាស្ត្រ​រដ្ឋសភា​ទាំងនោះ​ទៀតថា បើ​ខ្លួន​បាន​ជេរ​ពាក្យ«អាយ៉ងយួន»ទៅលើ​ជនដៃដល់​មែន​នោះ សូម​ឲ្យ​លោក​ធ្លាក់​យន្ដហោះ​ស្លាប់។

តំណាងរាស្ត្រ​ដែល​ត្រូវ​ជនដៃដល់​វាយ​ឲ្យ​រងរបួស​ដៃ និង​ភ្នែក​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី៧ វិច្ឆិកា​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ក៏បាន​ផ្តាំ​ទៅតាម​គណៈប្រតិភូ​វិញ​ថា ខ្ញុំ​មិនបាន​ជេរ​ពាក្យ «អាយ៉ងយួន » ដល់​អ្នកដៃដល់​ដែល​បាន​វាយដំ​លើ​រូបខ្ញុំ​នោះទេ។ ខ្ញុំ​បាន​ស្បថ​ចំពោះមុខ​ប្រតិភូ​ថា ឲ្យ​ខ្ញុំ​ធ្លាក់​យន្តហោះ​ស្លាប់​បើ​ខ្ញុំ​បាន​និយាយ​មែន (អាយ៉ងយួន ) ។ ចុះ​អ្នក​បំផ្លើស និង អ្នកចោទ​ប្រកាន់​ខ្ញុំ​ដោយ​គ្មាន​ការពិត តើ​ហ៊ាន​ស្បថ​ដូចគ្នា​ឬ​អត់?»។

មុននឹង​ទៅ​ជួប​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​រងរបួស​ទាំងពីរ​នេះ លោក ឈាង វុន បាន​ថ្លែងថា អំពើហិង្សា​ដែល​ត្រូវបាន​ប្រព្រឹត្តិ​ទៅលើ​អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប​គឺជា​អ្វីដែល​គេ​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ព្រោះថា សម្រាប់​លោក វា​គឺជា​ការរំលោភ​ទៅលើ​តំណាង​របស់​ពលរដ្ឋ។

នៅ​ថ្ងៃទី២៦តុលា​កន្លងទៅ មនុស្ស​មួយក្រុម​បាន​ព្រួត​វាយដំ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​រហូតដល់​របួស​ធ្ងន់ធ្ងរ។ ប្រតិកម្ម​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​យ៉ាងខ្លាំង​លើ​អំពើហិង្សា​នេះ។ មនុស្ស៣នាក់​បាន​ចេញមុខ​សារភាព​ហើយ ប៉ុន្តែ​ក្រុម​គណបក្សប្រឆាំង​បានទាមទារ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែងរក​អ្នកបញ្ជា​ក្រុម​ជនដៃដល់​បន្ថែមទៀត៕

ចុចអានអត្ថបទទាក់ទង៖ ករណី​វាយ​តំណាងរាស្ត្រ៖ លោក ហ៊ុន សែន លឺថា អ្នក​វាយ​​ខឹង​​នឹង​​​ពាក្យ​ជេ​​រ«អា​​យ៉ង​​យួន»​​


Tag:
 ញ៉យ ចំរើន
 គង់ សភា
© រក្សាសិទ្ធិដោយ thmeythmey.com