អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានស្ដីទីបក្សកាន់អំណាចមីយ៉ាន់ម៉ា៖ «យើងចាញ់ហើយ!»
× លោក Htay Oo ប្រធានស្ដីទីគណបក្សកាន់អំណាចគឺ គណបក្ស សហភាពរួបរួម និងអភិវឌ្ឍ (USDP) បានប្រកាសពីបរាជ័យរបស់គណបក្សលោក ទល់នឹងគណបក្សប្រឆាំងរបស់លោកស្រី អង់សាន ស៊ួជី ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីម្សិលមិញ។ លោកក៏បានប្រកាសថា នឹងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។
‹‹យើងចាញ់ហើយ››។ នេះជាពាក្យសម្ដីរបស់លោក Htay Ooប្រធានស្ដីបក្សកាន់អំណាច ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរ៉យទ័រ។ លោកបន្តថា យើងត្រូវរកមូលហេតុដែលនាំឱ្យយើងបរាជ័យ។
ខណៈការរាប់ឆ្នោតកំពុងតែដំណើរការ លទ្ធផលផ្លូវការយ៉ាងណាគឺមិនទាន់ប្រកាសនៅឡើងទេ ប៉ុន្តែលទ្ធផលបឋមបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អង់សាន ស៊ូជី មានសំឡេងឈ្នះដាច់លើគណបក្សសហភាពរួបរួម និងអភិវឌ្ឍរបស់ប្រធានាធិបតី ថេន សេន។
លើសពីនេះទៅទៀត លោក Htay Oo ក៏បានទទួលបរាជ័យក្នុងការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រតំបន់ Hinthada ដែលត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានរឹងមាំរបស់គណបក្សកាន់អំណាច (USDP)។ លោកនិយាយថា ខ្ញុំមិននឹកស្មានថាលទ្ធផលទៅជាយ៉ាងនេះសោះ ប៉ុន្តែនេះគឺជាការជ្រើសរើសរបស់ប្រជាជន។
© រក្សាសិទ្ធិដោយ thmeythmey.com