ជាតិ
មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់​អះអាងថា ខ្លួន​ត្រូវបាន​ដកតំណែង​ដោយ​អយុត្តិធម៌​
09, Nov 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់ ឈ្មោះ​លោក សាត់ សាម៉ឺឌី បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​បាន​រង​នូវ​ភាពអយុត្តិធម៌ ដោយសារ​លោក​ត្រូវបាន​ដកតំណែង និង​ត្រូវបាន​ដក​ប្រាក់ខែ​អស់​រយៈពេល​ជាង  ២​ឆ្នាំ​។​



​លោក សាត់ សាម៉ឺឌី បាន​និយាយថា លោក​មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជាអតីត​អនុប្រធាននាយកដ្ឋាន​ជួយសង្គ្រោះ​ជាតិ​ជនពិការ​ដោយ​មីន នៅ​អាជ្ញាធរជាតិ​មីន ហើយ​លោក​ត្រូវបាន​នាយកដ្ឋាន​បុគ្គលិក​សម្រេច​ទម្លាក់​តំណែង និង​ដក​ប្រាក់ខែ​ឲ្យ​បម្រើ​ការងារ​ជាម​ន្ត្រី​សាមញ្ញ ដោយ​ទទួលបាន​ប្រាក់ខែ​តែ​ជាង ៨០​ម៉ឺន​រៀល​ក្នុង​មួយខែ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​មន្ត្រី​ដែល​អះអាង​ខ្លួន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​រដ្ឋបាល​សាធារណៈ ក្នុង​ឆ្នាំ ​២០០៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​រូបនេះ បាន​និយាយថា អស់​រយៈ ពេល​ជាង ២​ឆ្នាំ មកទល់ពេលនេះ លោក​ត្រូវបាន​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​កាត់​ប្រាក់ខែ និង​ដកតំណែង​យ៉ាង​យុត្តិធម៌​ដែល​នាំ​ឲ្យ​គ្រួសារ​លោក​រស់នៅក្នុង​ជីវភាព ខ្វះខាត​ពុំមាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​រស់នៅ និង​ការសិក្សា​របស់​កូន​ប្រចាំថ្ងៃ​។​

​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំបាទ​ត្រូវបាន​កាត់​ប្រាក់ខែ និង​ត្រូវបាន​ដកតំណែង យ៉ាង​អយុត្តិធម៌​។ គ្រួសារ​ខ្ញុំ​រស់នៅក្នុង​ជីវភាព​ខ្វះខាត​បំផុត គ្មាន​ប្រាក់​ផ្គត់ផ្គង់​ម្ហួ​ប​អាហារ និង​កូន​សិក្សា​រៀនសូត្រ ដោយ​ជាប់បំណុល​ធនាគារ​តូ​ម៉ា​តូ​ចំនួន ៦​ពាន់​ដុល្លារ និង​កំណើន​ការប្រាក់​ចំនួន ៣​ពាន់​ដុល្លារ​ទៀត​។ អស់​រយៈពេល ៥​ឆ្នាំ​ហើយ ខ្ញុំបាទ​គ្មាន​ប្រាក់​សងបំណុល​ធនាគារ​នៅឡើយ ហើយ​បច្ចុប្បន្ននេះ ធនាគារ​កំពុង​ប្តឹង​តុលាការ​ទាមទារ​រឹបអូស​ផ្ទះ​ឡៃ​ឡុង​យក​បំណុល​ទៀត​»​។​

​លោក សាត់ សាម៉ឺឌី បន្ថែមទៀតថា លោក​បាន​ស្វះ​ស្វែងរក​ការអន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​គណៈរដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ភាគី​ពាក់ព័ន្ធ​រួច​អស់ហើយ ប៉ុន្តែ​លោក ពុំ​ទទួលបាន​ការជួយ​អន្តរាគមន៍​នៅឡើយ​។​

​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បាន​អំពាវនាវ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍រក​យុត្តិធម៌ ដោយ​លោក​ស្នើសុំ​ប្រាក់ខែ និង​តួនាទី​ដែល​ត្រូវបាន​ដកចេញ កាលពី​កន្លងទៅ មកវិញ​។ លោក​សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​នឹង​ជួយ​អន្តរាគមន៍​ស្វែងរក​ភាពយុត្តិធម៌​ដល់​រូបលោក​។​

​ទាក់ទិន​នឹង​ករណីនេះ លោក សាត់ សាម៉ឺឌី អះអាងថា លោក​ក៏បាន​ដល់​លិខិត​ស្វែងរកការជួយអន្តរាគមន៍ពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ផងដែរ​។ តែ​យ៉ាងណា លោក ផៃ ស៊ី​ផាន អះអាង​បដិសេធថា លោក​ពុំ​ដឹង​រឿងនេះ នោះទេ​៕



© រក្សាសិទ្ធិដោយ thmeythmey.com