ប្លែកៗ
អន្តរជាតិ
ឥណ្ឌូនេស៊ី​នឹង​សាងសង់​មន្ទីរឃុំឃាំង​ការពារ​ដោយ​សត្វ​ក្រពើ សម្រាប់​ដាក់​អ្នកទោស​គ្រឿងញៀន​
10, Nov 2015 , 7:47 pm        
រូបភាព
ដោយ: ធីតា
ដើម្បី​ឃ្លាំមើល​អ្នកទោស​មិន​ឲ្យ​រត់​ចេញពី​មន្ទីរឃុំឃាំង គ្មាន​វិធី​អ្វី​ដែលមាន​ប្រសិទ្ធភាព​ជាង​ដាក់​សត្វ​ក្រពើ​ឲ្យ​ការពារ​ជុំវិញ​គុក​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក Budi Waseso ប្រធាន​ទីភ្នាក់ងារ​ឥណ្ឌូនេស៊ី​ប្រឆាំងនឹង​គ្រឿងញៀន កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​



​លោក Budi Waseso បានស្នើ​ឲ្យ​សាងសង់​មន្ទីរឃុំឃាំង​មួយ​ដែល​ធានា​នូវ​សុវត្ថិភាព​ខ្ពស់ ដោយ​សាងសង់​នៅលើ​កោះ​មួយ​ដែល​ការពារ​ដោយ​ហ្វូង​សត្វ​ក្រពើ ដើម្បី​ដាក់​អ្នកទោស​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ លោក​បាន​បញ្ជាក់ថា​៖ « យើង​នឹងដាក់​សត្វ​ក្រពើ​ឲ្យ​បាន​ច្រើន​ជាទីបំផុត ហើយ​ខ្ញុំ​នឹង​រក​ប្រភេទ​សត្វ​ក្រពើ​ណា​ដែល​កាច​សាហាវ »​។ ប្រធាន​ទីភ្នាក់ងារ​ប្រឆាំងនឹង​គ្រឿងញៀន​រូបនេះ​យល់ឃើញថា សត្វ​ក្រពើ​ធ្វើការ​ល្អ​ជាង​មនុស្ស ព្រោះថា​ពួកវា​មិនចេះ​ប្រព្រឹត្ត​អំពើពុករលួយ ហើយក៏​មិនអាច​ចរចា​ដើម្បី​បាន​រត់​ចេញពី​មន្ទីរឃុំឃាំង​បានដែរ​។ សម្រាប់​ពេលនេះ គម្រោង​នេះ​ស្ថិតក្នុង​ដំណាក់កាល​បឋម​នៅឡើយ គេ​មិនទាន់​ធ្វើការ​កំណត់​អំពី​ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​ការសាងសង់​នៅឡើយ​ទេ​។​

​បើទោះបីជា​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែលមាន​ច្បាប់​ប្រឆាំងនឹង​គ្រឿងញៀន​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ក្នុង​ពិភពលោក​ក៏ដោយ ក៏​គ្រឿងញៀន​នៅតែ​អាច​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅក្នុង​មន្ទីរឃុំឃាំង​ដែរ​។ អ្នកទោស អ្នកយាម និង​មន្ត្រីប៉ូលិស​តែងតែ​ត្រូវ​ចាប់ខ្លួន​ជារឿយៗ​ពីបទ​ប្រព្រឹត្ត​បទល្មើស ជាពិសេស​អំពើពុករលួយ​តែម្តង​៕



Tag:
 ឥណ្ឌូនេស៊ី
  ក្រពើ
  មន្ទីរឃុំឃាំង
© រក្សាសិទ្ធិដោយ thmeythmey.com