ជាតិ
ទូត​អាមេរិក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​ចលនា​បាតុកម្ម​នយោបាយ​នៅ​ភ្នំពេញ និង​សៀមរាប​
16, Nov 2015 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ បាន​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​របស់ខ្លួន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុវត្ថិភាព ដែល​អាចមាន​កម្តៅ​នយោបាយ​ដោយសារ​ចលនា​បាតុកម្ម​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប នា​រាត្រី​ថ្ងៃ​ចន្ទ​នេះ និង​អាច​បន្តទៅ​ថ្ងៃ​បន្ទាប់​ទៀត​។ ​



ការប្រកាស​របស់​ស្ថានទូត​អាមេរិក​ទៅកាន់​ពលរដ្ឋ​របស់ខ្លួន ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​នានា បានលើកឡើង​ពី​ការវិលត្រឡប់​មកដល់​កម្ពុជា​វិញ​របស់​ប្រធាន​គណបក្សប្រឆាំង នា​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ​ចេញ​ដីការ​ចាប់ខ្លួន​។​

​ស្ថានទូត​អាមេរិក​បានសរសេរថា បើ​ទោះ​ចលនា​បាតុកម្ម​កន្លងមក​ធ្វើឡើង​ក្រោមរូបភាព​អហិង្សា​ក៏ដោយ ប៉ុន្តែ​ការប៉ះទង្គិច​អាច​កើតឡើង​ដោយ​គ្មាន​ការប្រកាស​ជាមុន​។ ស្ថានទូត​អាមេរិក​ស្នើ​ដល់​ពលរដ្ឋ​ខ្លួន​ជៀស​ឲ្យ​ឆ្ងាយ​ពី​តំបន់​ដែលមាន​ចលនា​បាតុកម្ម​។​

​បន្ថែម​ពីលើ​នេះ ទូត​នៃ​ប្រទេស​មហាអំណាច អាមេរិក បានប្រកាស​លេខ​ទូរ​សព្ទ និង​អាសយដ្ឋាន​ទំនាក់ទំនង​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្លួន ក្នុងករណី​ពួកគេ​ជួប​បញ្ហា​សុវត្ថិភាព​៕



© រក្សាសិទ្ធិដោយ thmeythmey.com