ពីនេះ ពីនោះ
ជម្លោះ​នយោបាយ​រវាង CPP និង​CNRP ធ្វើ​ឲ្យ​អ្នកជំនួញ​ភ័យខ្លាច​…
19, Nov 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ វិបត្តិ​នយោបាយ​ជាប់គាំង​ជិត​១​ឆ្នាំ អ្នកជំនួញ​ក្នុងប្រទេស​មិន​ហ៊ាន​ពង្រីក​ទុនវិនិយោគ ឬ​មិន​ហ៊ាន​បោះទុន​វិនិយោគ​លើ​ជំនួញ​ថ្មី​ឡើយ​។ ដូចគ្នា​ដែរ​សម្រាប់​អ្នកវិនិយោគ​បរទេស ពួកគេ​រារែក​មិន​ហ៊ាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​កាលណោះ ពីព្រោះ​ស្ថានភាព​នយោបាយ​មិន​អំណោយផល​។


​តែ​នៅពេលដែល​វិបត្តិ​នយោបាយ​ត្រូវបាន​បញ្ចប់ អ្នកវិនិយោគ ទាំង​ក្នុង និង​ក្រៅប្រទេស​ធូរទ្រូង​បន្តិច ហើយក៏​ចាប់ផ្តើម​បោះទុន​វិនិយោគ​ឡើងវិញ​។ គ្រាន់តែ​អ្នកវិនិយោគ​បង្ហាញ​ក្តីសង្ឃឹម​ឡើងវិញ​បន្តិច ស្រាប់តែ​សង្គ្រាមពាក្យសម្តីរ​វា​ងគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កើតឡើង​វិញ ហើយ​ជំរុញ​ឲ្យ​ជន​មិន​ស្គាល់មុខ​វាយដំ​ច្រំ​ទាក់​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីរ​នាក់​យ៉ាងដំណំ​។ 
 
​បន្ទាប់មកទៀត លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភាជាតិ​ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ដកចេញ​ពី​តំណែង​។ លើសពីនេះទៅទៀត លោក សម រង្ស៊ី ជាប់​ពាក្យបណ្តឹង​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ត្រូវបាន​គេ​ដក​អភ័យឯកសិទ្ធិ ហើយ​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​។ 
 
​បញ្ហា​ចុង​ក្រោយនេះ រឹតតែ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ពិបាកចិត្ត ហើយ​មិនដឹងថា តើ​ស្ថាន​ការ​នយោបាយ​នឹង​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​ដែរឬទេ​? ទីផ្សារ​អ​ល​ចនទ្រ​ព្យ​អាច​ប៉ះពាល់​មុនគេ ពីព្រោះ ទីផ្សារ​នេះ ទាក់ទង​នឹង​ជំនឿ​លើ​ផ្នែក​អារម្មណ៍​ខ្លាំងណាស់​។ អតិថិជន​មិនអាច​បោះ​ប្រាក់​ទិញ​គេហដ្ឋាន​នៅក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​នោះទេ​។ អ្នកជំនួញ​មួយចំនួន​មិន​ហ៊ាន​បោះទុន​ទិញ​ទំនិញ​នាំចូល​ទៀតឡើយ​ដោយ​ខ្លាច​ស្ថាន​ការ​នយោបាយ​មិនល្អ ហើយ​ពួកគេ​លក់​មិន​ដាច់​។ 
 
​នៅក្នុង​ប្រទេស​កម្ពុជា អ្នកជំនួញ​ត្អូញត្អែរថា ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង​ដូចជា​៖ ទី​១ បញ្ហា​ពុករលួយ​។ មន្ត្រី​ចេះតែ​នាំគ្នា​ទារប្រាក់​ពី​អ្នកជំនួញ​យកទៅ​ធ្វើ​នេះ ឬ​ធ្វើ​នោះ មិនចេះចប់ មិនចេះហើយ​។ ទី​២ ច្បាប់​ខ្មែរ​ប្រែប្រួល​លឿន​ពេក ដូចជា ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវបាន​គេ​កាត់បន្ថយ​ពី​៩៩​ឆ្នាំ​មក​នៅត្រឹម​៥០​ឆ្នាំ និង​ទី​៣ បញ្ហានយោបាយ​។ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំៗ​ចេះតែ​កើតឡើង​គ្មាន​ទីបញ្ចប់​។ 
 
​អ្នកនយោបាយ​ខ្មែរ​ត្រូវបាន​គេ​មើលឃើញថា ចំណាយ​ពេលវេលា​ឈ្លោះ​គ្នា ច្រើនជាង​ចំណាយពេល​រួមគ្នា​គិត​ដើម្បី​អភិវឌ្ឍ​ជាតិខ្មែរ​ដ៏​កម្សត់​មួយ​នេះ​៕  

Tag:
 ប្រាប់ត្រង់
© រក្សាសិទ្ធិដោយ thmeythmey.com