ជាតិ
កូរ៉េខាងត្បូង នឹង​បើក​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប​
23, Nov 2015 , 8:59 pm        
រូបភាព
​សាធារណរដ្ឋ​កូរ៉េ គ្រោង​នឹង​បើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា​។ សំណើសុំ​បើក​ស្ថាន​កុងស៊ុល​នេះ បានទទួល​ការយល់ព្រម​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​ហើយ​។



​ស្ថាន​កុងស៊ុល​នេះ​នឹង​គ្របដណ្តប់​លើ​បណ្តា​ខេត្ត​ចំនួន​៦ រួមមាន​ខេត្តសៀមរាប បាត់​បំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។ មួយឆ្នាំ ឬ​ពីរ​ឆ្នាំក្រោយ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ស្នើ​តម្លើង​ទៅជា​ស្ថាន​អគ្គ​កុងស៊ុល​វិញ​។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​ទៀតថា ការបើក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំខេត្ត​សៀមរាប​របស់​សាធារណរដ្ឋ​កូរ៉េ​នេះ គឺ​ដើម្បី​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមតៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិ​ការណ៍​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

​លោក គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត​នៃ​សា​ធា​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា  «​មិត្តភាព​»​គឺជា​ទ្រព្យសម្បតិ្ត​ដែលមាន​តម្លៃ​បំផុត ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​កូរ៉េ ហើយ​វា​បាន​កើន​ឡើងជា​បន្តបន្ទាប់​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េខាងត្បូង​បានមក​ទស្សនា​នៅ​កម្ពុ​ជាមាន​ជាង​៤​សែន​នាក់ ខណៈ​រយៈពេល​៦​ខែ ក្នុង​ឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវទេសចរ​កូរ៉េខាងត្បូង​ប្រមាណ​២​សែន​នាក់ បានមក​ទស្សនា​នៅ​កម្ពុជា​។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​និង​កូរ៉េ​មាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​៕


Tag:
 កម្ពុជា​-​កូរ៉េ​
 ​ ស្ថាន​កុងស៊ុល​
© រក្សាសិទ្ធិដោយ thmeythmey.com