ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ ចាប់ពីពេលនោះមក ជាបណ្ដើៗ ខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ ត្រូវបានបញ្ជ្រាបចូលមកក្នុងសង្គមខ្មែរ តាមរយៈយន្តការផ្សេងៗ ដូចជា ប្រព័ន្ធច្បាប់, ទំនាក់ទំនងអន្តរជាតិ, ប្រទេសជាដៃគូ, អង្គការក្រៅរដ្ឋាភិបាល, គណបក្សនយោបាយ និង ប្រព័ន្ធអប់រំ។ ជារួម រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ តិចឬច្រើន បានយល់អំពីខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ។ ដោយឡែក ក្នុងការគ្រប់គ្រងរដ្ឋពីលើដល់ក្រោម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក៏ត្រូវបានគេបញ្ចូលដែរក្នុងរចនាសម្ព័ន្ធនិងបទដ្ឋានគតិយុត្តផ្សេងៗ។ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្ដែងវិញ អត្ថន័យនៃប្រជាធិបតេយ្យ ត្រូវបានគេយកមកអនុវត្ត ឬ គោរពតិចតួចបំផុត។
ឆ្លងតាមការវិវត្តខាងនយោបាយនិងសង្គម គេបានសង្កេតឃើញថា រូបភាពឬទម្រង់នៃលទ្ធិប្រជាធិបតេយ្យ ពិតជាមានអត្ថិភាពក្នុងសង្គមខ្មែរប្រាកដមែន ដូចជា៖
1. ខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បានចែងអំពីការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
2. ការដឹកនាំរដ្ឋដោយមានការចូលរួមពីគណបក្សនយោបាយលើសពីមួយ
3. ការឡើងកាន់អំណាចធ្វើឡើងតាមរយៈការបោះឆ្នោត ដែលក្នុងនោះមានបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង។
4. មានការបែងចែកអំណាចទាំងបី(នីតិបញ្ញត្ត នីតិប្រតិបត្តិ និង តុលាការ)ដាច់ចេញពីគ្នា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ
5. ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើទីផ្សារសេរី ដែលមានការចូលរួមពីវិស័យឯកជន
ទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើគេពិនិត្យឱ្យស៊ីជម្រៅបន្តិច គេនឹងមើលឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា មានតែទម្រង់ប៉ុណ្ណោះ ឯខ្លឹមសារវិញ មានតិចតួចបំផុត។ មានភស្តុតាងជាច្រើន ដែលអាចយកមកធ្វើជាបង្អែកចំពោះអំណះអំណាងខាងលើនេះ។ ភស្តុតាងទាំងនោះ មានដូចជា៖
1. ថ្វីបើក្នុងរដ្ឋធម្មនុញ្ញ បានចែងអំពីការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែ ការបកស្រាយខ្លឹមសារទាក់ទងនឹងប្រជាធិបតេយ្យ នៅមិនទាន់ឯកភាពគ្នានៅឡើយ ក្នុងចំណោមអ្នកច្បាប់ និង អ្នកនយោបាយនានា។ លើសពីនេះទៅទៀត ទោះបីជាចំណុចខ្លះដែលមានអត្ថន័យច្បាស់លាស់ក៏ដោយ ក៏មិនត្រូវបានគេគោរពយ៉ាងហ្មត់ចត់ដែរ។
2. បើទោះបីជាក្នុងការដឹកនាំរដ្ឋ មានការចូលរួមពីគណបក្សនយោបាយលើសពីមួយក៏ដោយ ក៏វាត្រូវបានគេមើលឃើញថា បក្សដែលទទួលបានសម្លេងភាគច្រើន អាចរៀបចំរដ្ឋាភិបាលដោយខ្លួនឯងបាន មិនគ្រាន់តែមិនដែលឱ្យតម្លៃបក្សដែលមានសម្លេងភាគតិចប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងគាបសង្គត់បក្សដែលមានសំឡេងភាគតិចនេះទៀតផង។
3. ថ្វីបើការឡើងកាន់អំណាចធ្វើឡើងតាមរយៈការបោះឆ្នោត ដោយមានបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងក៏ដោយ ក៏ក្នុងការប្រកួតប្រជែងនោះ ត្រូវបានគេមលឃើញថា មិនមានលក្ខណៈស្មើភាពគ្នាទេ ដោយបក្សកាន់អំណាចតែងតែប្រើប្រាស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង មធ្យោបាយរបស់រដ្ឋ ដូចជា យកអំណាចរដ្ឋ តុលាការ និង ប្រព័ន្ធផ្សព្វផ្សាយ...មកប្រើប្រាស់ ដើម្បីយកប្រៀបលើបក្សផ្សេងៗដែលបានចូលរួប្រកួតប្រជែង។
4. ថ្វីបើជាទម្រង់ មានការបែងចែកអំណាចទាំងបី គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ដាច់ចេញពីគ្នាក៏ដោយ ក៏នៅក្នុងការប្រតិបត្តិជាក់ស្ដែង ត្រូវបានគេមើលឃើញថា ស្ថាប័ននីតិប្រតិបត្តិ ឬ បក្សកាន់អំណាច ឬ បុគ្គលមានអំណាចខ្ពស់បំផុត មានអានុភាពលើស្ថាប័ននីតិបញ្ញត្តិ និង តុលាការ ដែលធ្វើឱ្យសាធារណមតិជាតិនិងអន្តរជាតិ រិះគន់ថា ស្ថាប័ននីតិបញ្ញត្តិ និង តុលាការ គ្រាន់តែជាសេនាធិការ ឬ ជាឧបករណ៍ បម្រើឱ្យស្ថាប័ននីតិប្រតិបត្តិ ឬ បក្សកាន់អំណាច តែប៉ុណ្ណោះ។
5. ថ្វីបើ ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើទីផ្សារសេរី ដែលមានការចូលរួមពីវិស័យឯកជន ប៉ុន្តែ ត្រូវបានគេចោទប្រកាន់ថា ការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា ធ្វើឡើងដោយមិនស្មើភាពគ្នា និង គ្មានតម្លាភាពទេ ពីព្រោះ ឈ្មួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាច តែងតែមានប្រៀបជាងឈ្មួញដែលរកស៊ីធម្មតា ហើយគ្មានខ្នងបង្អែកជាអ្នកធំ។
យោងតាមសក្ខីភាពទាំងអស់នេះ គេអាចសន្និដ្ឋានបានថា ប្រជាធិបតេយ្យនៅកម្ពុជា មានតែទ្រង់ប៉ុណ្ណោះ ឯខ្លឹមសាររបស់វា មិនទាន់ត្រូវបានគេអនុវត្តបានច្រើននៅឡើយទេ បើទោះបីជា ពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើនអំពីវាក៏ដោយ។ ក្នុងសភាពបែបនេះ វាបង្កលក្ខខណ្ឌឱ្យមនុស្សជាច្រើននៅតែចង់ក្រាញអំណាចមិនព្រមផ្លាស់ប្ដូរ រាប់ទាំងរចនាសម្ព័ន្ធថ្នាក់ក្រោមរហូតដល់លើ ដូចជា នាយកសាលា ប្រធានអង្គការ ប្រធានសមាគម ប្រធានស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ប្រធានបក្សនយោបាយ រួមទាំងស្ថាប័នរដ្ឋធំៗដែរ។ លើសពីនេះទៀត សភាពបែបនេះ ក៏បានផ្ដល់ឱកាសឱ្យអ្នកដឹកនាំនិងអ្នកគ្រប់គ្រង ដែលមានសម្លែងភាគច្រើន អាចធ្វើអ្វីៗតាមទំនើងចិត្តរបស់ខ្លួនទោះបីជាត្រូវឬខុសក៏ដោយ និង អាចរស់នៅសោយសុខលើគំនរទុករបស់ពលរដ្ឋឬអ្នកទន់ខ្សោយ៕