ពីនេះ ពីនោះ
តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ពាក្យ​«​ឆ្វេងនិយម​» និង​ពាក្យ​«​ស្ដាំនិយម​»?
02, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​និយមន័យ​រវាង​ពាក្យ​ថា «​ឆ្វេងនិយម​» និង​ពាក្យ «​ស្ដាំនិយម​» ក្នុងន័យ​វិទ្យាសាស្ត្រ​នយោបាយ​ដូចខាងក្រោម​៖



​ឆ្វេងនិយម មានន័យថា​ជា និន្នាការ​ឬ​មនោគមវិជ្ជា​នយោបាយ​ដែល​និយម​កំណែទម្រង់​ជ្រុល និង និយម​ការធ្វើ​ប​ដិ​វត្ដ​ន៍ ដើម្បី​ផ្លាស់ប្ដូរ​សណ្ដាប់ធ្នាប់​សង្គម ក្នុង​គោលបំណង​ពង្រីក​សេរីភាព​និង​សុខុមាលភាព​សង្គម​សម្រាប់​ប្រជាជន ដោយ​ប្រយុទ្ធ​តស៊ូ​ប្រឆាំងនឹង​វិសមភាព​សង្គម ហើយ​ប្រកាន់យក​គោលការណ៍​សមភាព​។ នៅក្នុង​វិស័យសេដ្ឋកិច្ច និន្នាការ​ឆ្វេងនិយម​ប្រកាន់​គោលការណ៍​អន្តរាគមន៍​របស់​រដ្ឋ​តាមរយៈ​ការដាក់​បទបញ្ជា និង​ជាតូបនីយកម្ម​ជាដើម​។ គេ​អាច​កំណត់​ឆ្វេងនិយម​បាន តាមរយៈ​ការដឹកនាំ​សង្គម ការគ្រប់គ្រង​រដ្ឋ សេដ្ឋកិច្ច និង​នយោបាយ​។ ឧទាហរណ៍ មនោគមវិជ្ជា​ឆ្វេងនិយម​មាន​ឥទ្ធិពល​ក្រោយ​សង្គ្រាមលោក​ទី​២​។​

​ស្ដាំនិយម មានន័យថា​ជា និន្នាការ​ឬ​មនោគមវិជ្ជា​នយោបាយ​ដែល​និយម​ការ​រក្សាទុក​ឬ​អភិរក្ស ការបែងចែក​អំណាច​និង​ទ្រព្យសម្បត្តិ តាមរយៈ​ប្រព័ន្ធ​ដែលមាន​ស្រាប់​ឬ​ការ​បែរ​ទៅរក​ការគ្រប់គ្រង​តាមបែប​ប្រពៃណី​។ គេ​អាច​កំណត់ថា ស្ដាំនិយម​បាន តាមរយៈ​ការដឹកនាំ​សង្គម ការគ្រប់គ្រង​រដ្ឋ សេដ្ឋកិ្ច​ច​និង​នយោបាយ​តាមបែប​ខាងលើ​។ ឧទាហរណ៍ ក្នុងអំឡុង​សតវត្សរ៍​ទី​១៩ ការបែងចែក​និន្នាការ​ឆ្វេងនិយម​និង​ស្ដាំនិយម គឺ​សំដៅលើ​ការបែងចែក​រវាង​អ្នកគាំទ្រ​របប​សាធារណរដ្ឋ​និយម​និង​អ្នកគាំទ្រ​របបរាជានិយម​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com