ខ្មែរ​ក្រហម
ជាតិ
សំណុំរឿង​០០២/០២៖ អង្គ​សវនាការ​ផ្តើម​ស្តាប់​សក្ខីកម្ម លើ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​វៀតណាម​
03, Dec 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃទី​២ ខែធ្នូ បាន​ស្តាប់​ភស្តុតាង​ទាក់ទង នឹង​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍ និង ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​អនុវត្តន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​វៀតណាម​នៅ​កម្ពុជា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។



​អង្គជំនុំជម្រះ បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​ដើមបណ្តឹង​រដ្ឋប្បវេណី​ម្នាក់ ដែល​បាន​បាត់បង់​ក្រុមគ្រួសារ​ដែល​ជាប់សែស្រឡាយ​ជា​ជន​ចា​តិ​វៀតណាម​។ លោក ប្រាក់ ឌឿ​ន ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​កូនកាត់​ជនជាតិ​វៀតណាម បាន​ថ្លែងថា ក្រុមគ្រួសារ​របស់លោក ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ដោយ​បង្ខំ ឱ្យ​ចេញពី​ភូមិ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​។ លោក​ថា ខ្មែរក្រហម​បានធ្វើ​បញ្ជី​ឈ្មោះ​ជនជាតិ​វៀតណាម និង​ក្រុមគ្រួសារ​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​វៀតណាម​។​

​មានកូន​ចំនួន​៦​នាក់ និង​មាន​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ឆ្នាំង សាក្សី​រូបនេះ បាន​រៀបរាប់ថា ប្រពន្ធ​កូន​របស់គាត់ ត្រូវបាន​យកទៅ​សម្លាប់ នៅពេលដែល​គេ​ដឹងថា​មាន​សែស្រឡាយ​វៀតណាម​។ បើតាម​សាក្សី​រូបនេះ ខ្មែរក្រហម​បានសម្លាប់​កូនក្មេង​ដោយ​បោះ​ឡើងលើ និង​ចាក់​នឹង​ចំពុះទុង​កាំភ្លើង​របស់ខ្លួន​។

​លោក ក៏​បានឃើញ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ ត្រូវបាន​ខ្មែរក្រហម​ប្រមូលផ្តុំ និង​បញ្ជូនទៅ​ក្រៅ​តំបន់​សហករណ៍​។ លោក​បាន​ថ្លែងថា​មានការ​ប្រាប់​ទៅ​ជនជាតិ​វៀតណាម ដែល​នៅ​កោះ​តា​ម៉ូ​វ ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ថា កុំឱ្យ​និយាយ​ភាសា​វៀតណាម​បន្តទៅទៀត​។

​នៅ​ចំពោះមុខ​អង្គ​សវនាការ ដើម​បណ្តឹងរដ្ឋប្បវេណី ប្រាក់ ឌឿ​ន បាន​ថ្លែងថា គាត់​បានលឺ​ក្រុមខ្មែរក្រហម​និយាយ​គ្នា​ពី​ការ ប្រមូល​ជនជាតិ​វៀតណាម​ពី​តាម​សហករណ៍​នានា​។ លោក​ថា ក្រុមខ្មែរក្រហម ចាត់ទុក​ជនជាតិ​វៀតណាម​ថា​ជា​ខ្មាំង​ស៊ី​រូង​ផ្ទៃក្នុង​។ ក្រោយមក​ខ្មែរក្រហម​បាន​ចាប់ខ្លួន​ប្រពន្ធ និង​ម្តាយ​ឪពុកក្មេក​ជា​ជនជាតិ​វៀតណាម​។ ជនជាតិ វៀតណាម​ផ្សេងទៀត​ដែលមាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិខ្មែរ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ហើយ​ធ្វើការ​បែងចែក​ក្រុម​ជនជាតិខ្មែរ​ម្ខាង និង​ក្រុម​វៀតណាម​ម្ខាង​។

​បើតាម​លោក នេ​ត្យ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម សាក្សី និង ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​១០​រូប ត្រូវ​បានកំណត់​កាលបរិច្ឆេទ សម្រាប់​ការផ្តល់​សក្ខីកម្ម​នៅក្នុង​អំឡុងពេល​សវនាកា​រលើ​ផ្នែក​នេះ ក្នុង​សំណុំរឿង ០០២/០២ ។ អង្គជំនុំជម្រះ​សាលាដំបូង ក៏​កំពុង​ពិចារណា​ផងដែរ ថា​តើ​ត្រូវ​ស្តាប់​សក្ខីកម្ម​របស់​អ្នកជំនាញ​លើ​អង្គហេតុ​នេះដែរ​ឬ​យ៉ាងណា​។​

​បើតាម លោក នេ​ត្យ ភក្ត្រា​ដដែល ក្នុងអំឡុងពេល​សវនាកា​រ ចំនួន​១១៧​ថ្ងៃ អង្គជំនុំជម្រះ​បាន​ស្តាប់  សក្ខីកម្ម​របស់​សាក្សី​ចំនួន​៤៩ រូប ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៣០​រូប និង​អ្នកជំនាញ​មួយរូប​។

​បើ​យោងតាម​ដីកា​ដំណោះស្រាយ​គោលនយោបាយ​មួយ ក្នុងចំណោម​គោលនយោបាយ​ចំនួន​៥ ដែល​អនុវត្ត​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា​(​ប​.​ក​.​ក​) ដើម្បី​ការពារ​បដិវត្តន៍សង្គម​និយម គឺ​ការដាក់​ក្រុម​ជាក់លាក់​ជា​គោលដៅ តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ចាំបាច់​នានា​។ ទាក់ទង​នឹង​ផ្នែក​ស្តីពី​ជនជាតិ​វៀតណាម ដីកា​ដំណោះស្រាយ​គូសបញ្ជាក់ថា គោលនយោបាយ​នេះ មាន​អត្ថិភាព​នៅមុន​ឆ្នាំ​១៩៧៥ និង​រីក​រាលដាល​ពេញ​មួយ​រយៈកាល នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ យ៉ាងហោចណាស់​រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។ កាលពី​ដំបូង ប​.​ក​.​ក ត្រូវបាន​ចោទប្រកាន់ថា បាន​ផ្តោតទៅលើ​ការបណ្តេញ​ជនជាតិ​វៀតណាម​ទាំង​អស់ពី​ទឹកដី​កម្ពុជា និង​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ​។ ដីកា​ដំណោះស្រាយ​បាន​ចោទប្រកាន់ថា នួន ជា និង​ខៀវ សំផន ជា​អ្នកទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ជា​លក្ខណៈ​បុគ្គល​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ ដែល​បាន​ប្រព្រឹត្ត​មកលើ​ក្រុម​ជនជាតិ​វៀតណាម ក្នុងអំឡុងពេល​ខាងលើ តាមរយៈ​តួនាទី​នានា​របស់​ពួកគាត់ ក្នុង​ជួរ ប​.​ក​.​ក ។​

​សូមបញ្ជាក់ថា សំណុំរឿង ០០២/០២ គឺជា​ការជំនុំជម្រះ​ដំណាក់កាល​ទី​ពីរ ទៅលើ នួន ជា និង ខៀវ សំផន​។ មូលដ្ឋាន​សម្រាប់​ការជំនុំជម្រះ​នៃ​សំណុំរឿង ០០២ / ០២ នេះ ផ្អែកលើ​ទីតាំង ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់ និង​ការចោទប្រកាន់​តាម​អង្គហេតុ​។ បទ​ចោទ​ទាំងនោះ រួមមាន បទ​ប្រល័យពូជសាសន៍​ចំពោះ​ជនជាតិ​ចាម និង​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការរំលោភ​ផ្លូវភេទ​នៅក្នុង​បរិបទ​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​បោសសម្អាត​ផ្ទៃក្នុង ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​ទៅលើ​ពុទ្ធសាសនិក​និង​អតីត​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ព្រមទាំង​ឧក្រិដ្ឋកម្ម ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ចំនួន​បួន ការដ្ឋាន​ការងារ​ចំនួន​បី និង​សហករណ៍​មួយ​៕


Tag:
 អ​.​វ​.​ត​.​ក​
© រក្សាសិទ្ធិដោយ thmeythmey.com