ជាតិ
សង្គមជាតិ
លីកាដូ ផ្អាកប្រារព្ធទិវាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារដោយបង្ខំ
× អង្គការសម្ព័ន្ធខ្មែរជំរឿន និងការការពារសិទ្ធិមនុស្ស លីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារ នៅថ្ងៃព្រហស្បតិ៍ ទី១០ខែធ្នូ។ ការសម្រេចផ្អាកដោយបង្ខំនេះ គឺដោយសារមានលក្ខខណ្ឌហាមឃាត់មួយចំនួនជាលាយលក្ខណ៍អក្សរ ពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូ ការដាក់លក្ខខណ្ឌមិនអនុញាតឲ្យជនជាប់ឃុំទាំងនោះចូលរួមទិវាដ៏មានអត្តន័យដូចប្រជាពលរដ្ឋកម្ពុជាទូទៅ នឹងធ្វើឲ្យការប្រារព្ធពិធីនេះគ្មានអត្ថន័យគ្រប់គ្រាន់។ ការមិនអនុញាតិឲ្យអង្គការលីកាដូ ចែកជូនសម្ភារផ្សេងៗទៅអ្នកជាប់ឃុំដោយផ្ទាល់ ក៏មិនអាចធានាថាជនជាប់ឃុំទាំងនោះ នឹងទទួលកញ្ចប់សម្ភារគ្រប់ៗគ្នាឡើយ។
អ្នកស្រី ណាលី ពីឡូក នាយិការអង្គការលីកាដូ បានមានប្រសាសន៍ថា៖«ការរឹតត្បិតទាំងនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីស្ថានភាពអវិជ្ជមានរបស់រដ្ឋក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន»។ អ្នកស្រីបន្តថា៖«រយៈពេល២០ឆ្នាំកន្លងមក លីកាដូធ្លាប់ផ្តល់ឱកាសដល់ជនដែលជាប់ឃុំ បានចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងចំណោមអ្នកទាំងនោះ នៅមានជនជាប់ឃុំជាច្រើនកំពុងរង់ចាំការសវនាការ»។
អ្នកស្រី ណាលី ពីឡូក ក៏មិនយល់ដែរថា តើការរឹតត្បិតនេះធ្វើឡើងដើម្បីអ្វី? ហើយអ្នកស្រី ក៏បារម្ភផងដែរថា រាជរដ្ឋាភិបាល អាចនឹងធ្វើការគាបសង្កត់ជាជាងជួយដល់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នៅពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទើបតែអនុម័តហើយកន្លងទៅថ្មីៗនេះ។
ក្រៅពីបញ្ជាក់ពីការផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ លិកាដូក៏បានលើកឡើងពីបញ្ហាមួយចំនួន នៅក្នុងពន្ធនាគារផងដែរ។ អង្គការលីកាដូបានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងពន្ធនាគារកម្ពុជានៅតែមានបញ្ហាច្រើនដូចជា ការធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និងការបង់ប្រាក់ក្រៅច្បាប់ជាដើម។ បើតាមលីកាដូ ជនជាប់ឃុំជាច្រើន ត្រូវតម្រូវឲ្យបង់ប្រាក់ដើម្បីទទួលបានលក្ខខណ្ឌឃុំខ្លួនប្រសើរជាមុន ការព្យាបាលជំងឺ ការជួបសួរសុខទុក្ខ និងតម្រូវការចាំបាច់មួយចំនួនទៀត ដូចជាអាហារ ទឹកស្អាត ពន្លឺថ្ងៃ និងការយកខ្យល់អាកាសប្រចាំថ្ងៃជាដើម។ លីកាដូក៏បានកត់សម្គាល់ដែរថា ឯជនជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការ ក៏នៅមានកម្រិតខ្ពស់ផងដែរ ជាពិសេសស្ត្រី និងអនីតិជន និងរួមមានករណីជាច្រើន ដែលឃុំខ្លួនខុសនីតិវិធី និងដែលកំពុងរង់ចាំការសវនាការនៅសាលាឧទ្ធរណ៍យ៉ាងយូរ។
សូមបញ្ជាក់ថា លក្ខខណ្ឌរិតត្បិតដូចគ្នានេះរបស់នាយកដ្ឋានពន្ធនាគារ ក៏បានបង្ខំឲ្យលីកាដូ ផ្អាកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ កាលពីខែមិនានៅក្នុងពន្ធនាគារម្តងរួចហើយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com