ជាតិ
លោក ហោ ណាំហុង មិនទាន់​ស្ងប់ចិត្ត​ចំពោះ​កាយវិការ​លើកដៃ​របស់​អតីត​ទូត​អាមេរិក​
08, Dec 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅតែ​រំលឹក​ពី​អត្ត​ច​រិ​ក​មិន​សមរម្យ របស់​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William E .Todd ។ លោក ថា លោក William E .Todd តែងតែ​ធ្វើ​អាកប្បកិរិយា​លើកដៃ​ពីរ នៅពេល​ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ហើយ​សញ្ញា​លើកដៃ​ពីរ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សួរ​ជា​ច្រើនដង​មកហើយ​ថា តើ​ការលើក​ម្រាមដៃ​ពីរ​នេះ​មានន័យ​យ៉ាងដូចម្ដេច​? តែ​មិនមាន​ចម្លើយ​។



​ថ្លែង​ចំពោះមុខ​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បាន​រំលឹក​ប្រា​ប់យ៉ាង​ដូច្នេះ​៖«​អគ្គរដ្ឋទូត​ចាស់ (​លោក William E. Todd) ពេល​ប្រជុំ​រដ្ឋសភា​លើកដំបូង ដែល​ព្រះករុណា​យាង​ទៅ​បើក អគ្គរដ្ឋទូត​អាមេរិកកាំង​មាន​អាកប្បកិរិយា​មួយ​ខុស គាត់​ដើរ​លើកដៃ​ដូចនេះ (​ដើរ​លើក​ម្រាមដៃ​២) នៅ​ចំពោះមុខ​គេ​»​។

​គួររំលឹកថា ក្រៅពី​ការសម្ដែង​អាកប្បកិរិយា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឃ្នើសចិត្ត​នេះ លោក William E .Todd តែងតែ​រិះគន់​ច្រើន​ផងដែរ រាល់​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅក្នុង​អណ​ត្តិ​ជា​ឯកអគ្គរដ្ឋទូត​ខ្លួន​។ លោក​អះអាងថា ការដឹកនាំ​ប្រទេស​របស់លោក ហ៊ុន សែន​ជាង​៣០​ឆ្នាំ ធ្វើ​មាន​បញ្ហា​និ​ទណ្ឌ​ភាព​កាន់​ច្រើន បញ្ហា​សិទ្ធមនុស្ស​នៅ​ជា​កង្វល់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​ជាពិសេស​ប្រព័ន្ធយុត្តិធម៌​មិន​ឯករាជ្យ ពោលគឺ​ត្រូវបាន​លោក ហ៊ុន សែន យកទៅ​ប្រើប្រាស់​ដើម្បី​គាបសង្កត់​គណបក្សប្រឆាំង​ជាដើម​។​

​ជុំវិញ​ការ​រំលឹក​ពី​អាកប្បកិរិយា​ឯកអគ្គរដ្ឋទូត​អាមេរិក​ចាស់​នេះ លោក ហោ ណាំហុង ជឿជាក់ថា លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា នឹង​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​បានល្អ​ជាង​លោក William E .Todd​។ ជាការ​ឆ្លើយតប​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា អះអាងថា ខ្លួន​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើការ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ស្ថាន​ការ​នយោបាយ និង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​មុននឹង​វិនិច្ឆ័យ​។​


© រក្សាសិទ្ធិដោយ thmeythmey.com